អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរដើម្បីការពារប្រទេស
26, Apr 2022 , 10:29 pm        
រូបភាព
រូបភាព៖ KCNA
រូបភាព៖ KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរ ស្របពេលក្រុងព្យុងយ៉ាង បានធ្វើព្យុហយាត្រាដ៏ធំ និងបានដាក់បង្ហាញមីស៊ីលបាលីស្ទិកអន្តរទ្វីបដ៏ទំនើបផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី២៦ ខែមេសា។

 
កូរ៉េខាងជើង នៅថ្ងៃទី២៥ ខែមេសា បានប្រារព្ធខួបនៃការបង្កើតកងទ័ពបដិវត្តន៍ប្រជាជនកូរ៉េលើកទី ៩០។ កងទ័ពបដិវត្តប្រជាជនកូរ៉េ(KPRA) គឺជាកម្លាំងប្រឆាំងទ័ពព្រៃជប៉ុន ដែលត្រូវបានបង្កើតឡើងដោយ លោក គីម អ៊ីលសុង នោក្នុងឆ្នាំ១៩៣២។ ក្នុងអំឡុងពិធីដ៏ឱឡារិកនេះ កូរ៉េខាងជើង បានដាក់បង្ហាញមីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong-17 ដែលត្រូវបានបាញ់សាកល្បង នៅខែមុន។
 
នៅចំពោះមុខអ្នកចូលរួមជាច្រើនពាន់នាក់ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានថ្លែងថា អាវុធនុយក្លេអ៊ែរ ជានិមិត្តសញ្ញានៃកម្លាំងរបស់កូរ៉េខាងជើង និងជាអំណាចយោធាដ៏សំខាន់ ដែលគួរតែត្រូវបានពង្រឹងទាំងគុណភាព និងចំនួន។ 
 
«ដើម្បីដោះស្រាយបញ្ហាវិវដ្តនៃស្ថានភាពនយោបាយ និងយោធានាពេលអនាគត រួមទាំងអភិវឌ្ឍកម្លាំងការពារខ្លួន កូរ៉េខាងជើង ត្រូវអភិវឌ្ឍអាវុធនុយក្លេអ៊ែរឱ្យបានឆាប់បំផុត»។ លោក គីម បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា បេសកកម្មមូលដ្ឋាននៃអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង គឺប្រឆាំងសង្រ្គាម ហើយក្រុងព្យុងយ៉ាង នឹងត្រៀមខ្លួនឱ្យបានម៉ត់ចង់បំផុត។ 
 
ទន្ទឹមនេះ មេដឹកនាំកូរ៉េខាងជើងរូបនេះ បានព្រមានថា ការស្វះស្វែងរកការប្រឈមមុខយោធាជាមួយកូរ៉េខាងជើង នឹងបរាជ័យ ដោយក្រុងព្យុងយ៉ាង បានត្រៀមខ្លួនជាស្រេចសម្រាប់ប្រភេទសង្រ្គាមបែបនោះ។ ក្នុងឯកសណ្ឋានពណ៌ស លោក គីម បានបន្តថា ប្រសិនបើកម្លាំងទ័ពប្រទេសណាមួយ ព្យាយាមបំពានផលប្រយោជន៍កូរ៉េខាងជើង អាវុធនុយក្លេអ៊ែរខ្លួន ត្រូវតែយកឈ្នះលើកម្លាំងសត្រូវទាំងនោះ។ 
 
ក្នុងខួបលើកទី៩០នេះ មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូប បានចូលរួម។ សូម្បីតែភរិយាលោកគីម លោកស្រី Ri Sol-ju ក៏មានវត្តមានក្នុងពិធីនេះដែរ។ ប៉ុន្តែគេមិនច្បាស់ឡើយ ថាតើប្អូនស្រីលោកគីម លោកស្រី គីម យ៉ូចុង បានចូលរួមដែរ ឬយ៉ាងណា។ 
 
សូមបញ្ជាក់ថា ព្យុហយាត្រយោធាដ៏ធំលើកចុងក្រោយនេះ ធ្វើឡើងស្របពេលឧបទ្វីបកូរ៉េ កំពុងមានភាពតានតឹងដោយសារ កូរ៉េខាងជើង បានចាប់ផ្តើមសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបជាថ្មី បន្ទាប់ពីខកខានចាប់តាំងពីឆ្នាំ ២០១៧ មក មុនពេលមានជំនួបជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក៕ 
 

Tag:
 កូរ៉េខាងជើង
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com