អន្តរជាតិ
មហាសន្និបាត UN អនុម័តសេចក្តីសម្រេចរឹតត្បិតសិទ្ធិវ៉េតូរបស់មហាអំណាចទាំង ៥
27, Apr 2022 , 10:28 am        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃទី២៦ ខែមេសា បានអនុម័តដោយកុងសង់ស៊ីសចំពោះសេចក្តីសម្រេចមួយ ដែលទាមទារឱ្យសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ ប្រើហេតុផលឱ្យបានត្រឹមត្រូវលើសិទ្ធិវ៉េតូ។ ការឈានដល់ការអនុម័តនេះ ធ្វើឡើងក្រោយរុស្ស៊ីប្រើសិទ្ធិពិសេសនេះ មិនឱ្យក្រុមប្រឹក្សាសន្តិសុខធ្វើអ្វីបានចំពោះបញ្ហអ៊ុយក្រែន។



 
កន្លងមក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) មិនអាចធ្វើអ្វីបានឡើយលើបញ្ហាអ៊ុយក្រែន ដោយសាររុស្ស៊ីប្រើសិទ្ធិវ៉េតូរបស់ខ្លួនប្រឆាំងការប៉ុនប៉ងណាមួយរបស់ស្ថាប័នមួយនេះ ក្នុងការចេញវិធានការ។ ដើម្បីរឹតត្បិតសិទ្ធិពិសេសរបស់មហាអំណាចទាំង៥ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយដោយកុងសង់ស៊ីស។ 
 
«ការប្រគល់អំណាចដល់មហាសន្និបាត ក្នុងការជជែកដេញដោលនៅពេលសិទ្ធិវ៉េតូត្រូវបានប្រើប្រាស់ក្នុងក្រុមប្រឹក្សាសន្តិសុខ» ជាឈ្មោះរបស់សេចក្ដីសម្រេចដែលត្រូវបានគាំទ្រ (co sponsor) ដោយរដ្ឋចំនួន៨៣។
សេចក្តីសម្រេច នឹងចូលជាធរមានភ្លាមៗ។ ការចូលជាធរមាននេះ នឹងអនុញ្ញាតឱ្យមហាសន្និបាត អាចបើកកិច្ចប្រជុំ ដើម្បីជជែកដេញដោលលើសិទ្ធិវេតូ ដែលត្រូវបានមហាអំណាចប្រើប្រាស់ បន្ទាប់ពីរយៈពេល ១០ថ្ងៃនៃថ្ងៃធ្វើការ។
 
តាមការចេញផ្សាយរបស់អង្គការសហប្រជាជាតិលើវេបសាយខ្លួននៅថ្ងៃទី២៦ ខែមេសា លោក  Christian Wenaweser បានបកស្រាយថា សមាជិកUN បានប្រគល់ការទទួលខុសត្រូវដ៏សំខាន់ដល់ក្រុមប្រឹក្សាសន្តិសុខ សម្រាប់ការពារសន្តិភាពអន្តរជាតិ និងសន្តិសុខ ដោយសំអាងថា មហាអំណាចទាំង ៥ នឹងតំណាងឱ្យប្រទេសសមាជិកទាំងអស់។ 
 
«សិទ្ធិវ៉េតូ បានមកជាមួយការទទួលខុសត្រូវ ដើម្បីសម្រេចគោលបំណង និងគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ»។ អគ្គរាជទូត លិចតិចស្តាញ បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា សមាជិកUN ទាំងអស់ គួរតែមានការបញ្ចេញសំឡេងរបស់ពួកគេ ប្រសិនបើសមាជិកអចិន្រ្តៃយ៍ទាំង ៥ មិនអាចធ្វើការបាន។ 
 
សូមបញ្ជាក់ថា បើទោះសេចក្តីសម្រេចនេះ ត្រូវបានអនុម័តក្នុងពេលរុស្ស៊ី កំពុងឈ្លានពានអ៊ុយក្រែនមែន ប៉ុន្តែកន្លងមក ប្រេសិតលិចតិចស្តាញ បានបញ្ជាក់ថា គំនិតផ្តួតផ្តើមមួយនេះ មិនបានផ្តោតលើប្រទេសណាមួយឡើយ រួមទាំងរុស្ស៊ី។ ម្យ៉ាងវិញទៀត សេចក្តីសម្រេចនេះ ក៏មិនមានកម្លាំងចាប់បង្ខំដែរ ប៉ុន្តែវាមានតែការទទួលខុសត្រូវផ្នែកនយោបាយប៉ុណ្ណោះ៕
 

Tag:
 UN
  អាម៉េរិក
  រុស្ស៊ី
  ចិន
  អង់គ្លេស
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com