អន្តរជាតិ
ប្រមុខការពារជាតិអាម៉េរិក៖អ៊ុយក្រែនអាចឈ្នះក្នុងសង្រ្គាមជាមួយរុស្ស៊ី
27, Apr 2022 , 4:35 pm        
រូបភាព
អាម៉េរិករៀបចំសន្និសីទសន្តិសុខអ៊ុយក្រែន នៅមូលដ្ឋានទ័ពអាកាសខ្លួន Ramstein នៅអាល្លឺម៉ង់។ រូបភាព៖ AP
អាម៉េរិករៀបចំសន្និសីទសន្តិសុខអ៊ុយក្រែន នៅមូលដ្ឋានទ័ពអាកាសខ្លួន Ramstein នៅអាល្លឺម៉ង់។ រូបភាព៖ AP
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន នៅថ្ងៃទី២៦ ខែមេសា បានលើកឡើងថា ប្រទេសជាច្រើនមកពីជុំវិញពិភពលោក កំពុងរួមគ្នាជួយអ៊ុយក្រែន ដើម្បីទប់នឹងការឈ្លានពានរុស្ស៊ី។ ទន្ទឹមនេះ ប្រមុខការពារជាតិអាម៉េរិក បានបញ្ជាក់ជាថ្មីថា អ៊ុយក្រែន នឹងអាចឈ្នះក្នុងសង្រ្គាមជាមួយរុស្ស៊ី ស្របពេលបារាំង អាល្លឺម៉ង់ បានប្រកាសផ្តល់អាវុធជាច្រើន។

 
អាម៉េរិក នៅថ្ងៃទី២៦ ខែមេសា បានរៀបចំសន្និសីទសន្តិសុខអ៊ុយក្រែន នៅមូលដ្ឋានទ័ពអាកាសខ្លួន Ramstein នៅអាល្លឺម៉ង់ ដោយមានការចូលរួមពីបណ្តាប្រទេសជាច្រើនដែលបានផ្ដល់ជំនួយដល់អ៊ុយក្រែន។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាពីការផ្តល់ជំនួយបន្ថែមទៅអ៊ុយក្រែន។
 
ក្នុងកិច្ចប្រជុំនោះ លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ដែលទើបបញ្ចប់ទស្សនកិច្ចនៅអ៊ុយក្រែន បានលើកឡើងថា ពិភពលោក កំពុងចាត់វិធានការប្រឆាំងរុស្ស៊ី ដែលបានឈ្លានពានលើអ៊ុយក្រែន។
 
«ដូចយើងបានឃើញព្រឹកនេះ ប្រទេសមកពីជុំវិញពិភពលោក មានជំហររួមក្នុងការប្តេជ្ញាជួយអ៊ុយក្រែន ដើម្បីប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី»។ ប្រមុខការពារជាតិអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា អ៊ុយក្រែន នឹងអាចឈ្នះសង្រ្គាមមួយនេះ ខណៈប្រទេសផ្សេងទៀត ក៏ជឿបែបនោះដែរ។ ក្នុងទស្សនកិច្ចនៅអ៊ុយក្រែន លោក អូស្ទីន បានយល់ថា អ៊ុយក្រែន អាចឈ្នះសង្រ្គាមបាន ទាល់តែមានការគាំទ្រ និងផ្តល់អាវុធត្រឹមត្រូវ។ 
 
មិនតែប៉ុណ្ណោះ មុនទស្សនកិច្ចរបស់លោកអូស្ទីន នៅក្រុងកៀវនាពេលកន្លងមក លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា លោកអាចស្នើសុំជំនួយអាវុធធ្ងន់ធ្ងរបន្ថែមពីអាម៉េរិក ស្របពេលរុស្ស៊ី កំពុងវាយប្រហារនៅតំបន់ភាគខាងកើតប្រទេស។ 
 
ក្នុងកិច្ចប្រជុំបិទទ្វារដដែលនោះ ឧត្តមសេនីយ៍ Mark Milley ប្រធានសេនាធិការ​កងទ័ព​អាមេរិក បានអះអាងថា អ៊ុយក្រែនត្រូវការជំនួយយោធាបន្ថែម  ដោយរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ គឺជាពេលដ៏សំខាន់។ បើតាមប្រមុខកងទ័ពអាម៉េរិក លទ្ធផលនៃសង្រ្គាម គឺអាស្រ័យលើប្រទេស ដែលបានចូលរួមក្នុងកិច្ចប្រជុំនៅអាល្លឺម៉ង់។ ក្នុងន័យនេះ លោក Milley បានជំរុញឱ្យប្រទេសចូលរួមទាំងអស់ ផ្តល់ជំនួយបន្ថែម ដើម្បីធានាថា អ៊ុយក្រែនមានសម្ភារយោធាគ្រប់គ្រាន់ ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។ 
 
ស្របគ្នានេះ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Christina Lambrecht បានប្រកាសផ្តល់រថក្រោះប្រឆាំងយន្តហោះ Gepard ទៅអ៊ុយក្រែន។ នេះជាការបញ្ជូនអាវុធធ្ងន់ធ្ងរលើកដំបូងរបស់អាល្លឺម៉ង់ទៅក្រុងកៀវ បន្ទាប់បារម្ភពីការប្រឈមមុខជាមួយរុស្ស៊ីដោយផ្ទាល់។ មុនកិច្ចប្រជុំនៅអាល្លឺម៉ង់ បារាំងបានបញ្ជូនកាំភ្លើងធំ Ceasars ខណៈអង់គ្លេស បានផ្តល់មីស៊ីលប្រឆាំងរថក្រោះ Starstreak និងរថក្រោះ ទៅអ៊ុយក្រែន៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com