កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ គ្រូ Liverpool ថា មិនអាចមើលស្រាល Villarreal ខណៈ Emery ថា ជាបទពិសោធល្អជួបក្រុមខ្លាំង
27, Apr 2022 , 5:39 pm        
រូបភាព
ក្រុមហង្សក្រហម Liverpool នឹងជួបតទល់ជាមួយក្រុមភ្ញៀវ Villarreal នាជំនួប UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យប់ថ្ងៃទី២៨ខែមេសា វេលាម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។


ក្រោយជំនួបដ៏កក្រើករវាងក្រុម Manchester City និង Real Madrid បានបញ្ចប់ដោយលទ្ធផល ៤-៣ Liverpool ក៏នឹងបើកទ្វារកីឡដ្ឋាន Anfield ស្វាគមន៍ក្រុម Villarreal ដែលមកពីអេស្ប៉ាញ ហើយកំពុងមានទម្រង់លេងគួរឱ្យភ្ញាក់ផ្អើលក្នុងពានរង្វាន់ Champions League។ 
 
ហង្សក្រហមបច្ចុប្បន្នជាក្រុមឈរតំណែងលេខ២ ក្នុង Premier League ដែលត្រូវប្រជែងជាមួយ Man City ផង។ មុនការប្រកួតជំនួប ១/៤ UCL ក្លិបយក្សដែលមកពីតំបន់ Merseyside មួយនេះបានបំបាក់ក្រុម Everton នាជំនួប Merseyside Derby លទ្ធផល ២-០។
 
ឯ Villarreal ជាក្រុមឈរលំដាប់លេខ៧ ក្នុងតារាង La Liga ដែលនៅឆ្ងាយពីតំបន់ Top 4 ហើយនឹងអាចខកខានលេង Champions League រដូវកាលក្រោយ។ តែក្រុមរហ័សនាមក្រុមពណ៌លឿងបានបង្ហាញទម្រង់លេងក្នុងពានរង្វាន់កំពូលអឺរ៉ុបបានយ៉ាងល្អ ដោយបានទម្លាក់ក្រុមខ្លាំងរបស់អ៊ីតាលី Juventus វគ្គ១៦ក្រុម និង Bayern Munich ម្ចាស់ពាន Bundesliga នៅវគ្គ៨ក្រុម។
 
ក្រុមទាំងពីរធ្លាប់ជួបគ្នាត្រឹមតែ២លើកប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រនៃបាល់ទាត់ នាឆ្នាំ ២០១៦ ជំនួប Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយការប្រកួតឈ្នះម្នាក់១ប្រកួត និងចាញ់១ប្រកួតដូចគ្នា។ ស្ថិតិប្រាំប្រកួតចុងក្រោយរបស់ក្រុមទាំងពីរមានភាពស្រដៀងគ្នាដោយ ឈ្នះ៣ប្រកួត និង ស្មើ២ប្រកួត។
 
សម្រាប់កីឡាកររបស់ក្រុម Liverpool ដែលកំពុងលេចធ្លោមានខ្សែប្រយុទ្ធ Mohamed Salah និង Sadio Mane តែ Roberto Firmino អាចនឹងអវត្តមាននាជំនួបរាត្រីនេះ ហើយគ្មានកីឡាករណាម្នាក់មានរបួសទៀតឡើយ។ ចំណែក Villarreal មានកីឡាករ Alberto Moreno រងរបួស ហើយកីឡាករ Francis Coquelin និង Gerard Moreno អាចនឹងអវត្តមាន។ ប៉ុន្តែកីឡាករស្នូលតំបន់ប្រយុទ្ធ Arnaut Danjuma កំពុងតែបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមទាំងមូល។


 
មុនជំនួបដ៏លំបាកលោក Jurgen Klopp បានអះអាងថាកូនក្រុមមិនអាចមើលស្រាលក្រុម Villarreal បានឡើយ។ «វាពិតជាពិសេសដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នេះជាជំនួបដ៏ធំ យើងជួបគូរប្រកួតដ៏លំបាក ពួកគេបានប្រជែងយ៉ាងខ្លាំងក្លាទម្រាំមកដល់ពេលនេះ យើងមិនអាចមើលស្រាលពួកគេឡើយ»។ លោក Klopp លើកឡើងក្នុងសន្និសីទកាសែតមុនការប្រកួតបែបនេះ។
 
ដោយឡែកលោក Unai Emery បានបញ្ជាក់ថា នឹងធ្វើឱ្យ Liverpool ទទួលអារម្មណ៍ដូចក្រុមពីរដែលធ្លាក់ចេញដោយសារក្រុមរបស់លោក ហើយជាបទពិសោធន៍ល្អបំផុត។«ពេលនេះ Liverpool ជាក្រុមដែលខ្លាំងក្នុងអឺរ៉ុប ហើយពួកគេក៏ដឹងថា យើងបានធ្វើអ្វីខ្លះរហូតមកដល់វគ្គនេះ ពួកគេនឹងទទួលអារម្មណ៍មួយនោះ តែយើងក៏គោរពចំពោះពួកគេ»។ នេះជាការលើកឡើងរបស់លោក Emery៕
 

Tag:
 UEFA Champions League
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com