អន្តរជាតិ
លោកប្លីងខិន៖ អាម៉េរិក ប្តេជ្ញាជួយតៃវ៉ាន់ឱ្យមានសមត្ថភាពការពារខ្លួនពីការឈ្លានពានរបស់ចិន
27, Apr 2022 , 8:29 pm        
រូបភាព
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ Xinhua
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ Xinhua
ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី២៦ ខែមេសា បានលើកឡើងថា អាម៉េរិក ប្តេជ្ញាធានាតៃវ៉ាន់ឱ្យមានសម្ភារយោធាគ្រប់គ្រាន់ ដើម្បីការពារខ្លួនប្រឆាំងរាល់ការឈ្លានពាន រួមទាំងសកម្មភាពឯកតោភាគីរបស់ចិន ក្នុងការបង្អាក់ស្ថានភាពបច្ចុប្បន្ន។ បើតាមលោកប្លីងខិន អាម៉េរិកនឹងជួយពង្រឹងសមត្ថភាពការពាររបស់តៃវ៉ាន់ ដើម្បីអាចតបតសត្រូវបាន។

 
ទោះមិនមានទំនាក់ទំនងការទូតផ្លូវការ ប៉ុន្តែអាម៉េរិកតែងលក់អាវុធ ជាញឹកញាប់ឱ្យតៃវ៉ាន់ ដើម្បីការពារខ្លួន ក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ ១៩៧៩។ ការលក់អាវុធទាំងនោះ តែងត្រូវបានចិនជំទាស់យ៉ាងខ្លាំង និងចោទថារំលោភអធិបតេយ្យខ្លួន រួមទាំងមិនគោរពគោលការណ៍ចិនតែមួយ។ 
 
បើទោះរងការរិះគន់ពីចិន អាម៉េរិក នៅតែបន្តលក់អាវុធឱ្យដែនកោះមួយនេះ។ ថ្លែងនៅពីមុខគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាម៉េរិកក្នុងថ្ងៃទី២៦ ខែមេសា លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានអះអាងថា ក្រុងវ៉ាស៊ីនតោន កំពុងធ្វើគ្រប់យ៉ាង ដើម្បីធានាថា តៃវ៉ាន់អាចការពារខ្លួនពីការវាយប្រហារដ៏ខ្លាំងក្លា។ 
 
«រដ្ឋបាលអាម៉េរិកបានប្តេជ្ញាធានាថា តៃវ៉ាន់ត្រូវមានមធ្យោបាយការពារខ្លួនប្រឆាំងនឹងការឈ្លានពានដ៏ធំ រួមទាំងសកម្មភាពឯកតោភាគីរបស់ចិន ក្នុងការបង្អាក់ស្ថានភាពបច្ចុប្បន្ន...»។ ប្រមុខការទូតអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា អាម៉េរិក នឹងផ្តោតលើការជួយតៃវ៉ាន់ ឱ្យមានសមត្ថភាព ក្នុងការតបតសត្រូវផង។ ក្នុងន័យនេះ ស្ថានភាពបច្ចុប្បន្ន ដែលលោកប្លីងខិនលើកឡើង គឺចង់សំដៅដល់ ស្ថានភាពដែលចិន និងតៃវ៉ាន់ បន្តមានរដ្ឋបាល និងការគ្រប់គ្រងផ្សេងពីរគ្នា បើទោះកន្លងមកចិនចាត់ទុកតៃវ៉ាន់ ជាដែនរដ្ឋបាលមួយរបស់ខ្លួនក៏ដោយ។ 
 
តាមការកត់សម្គាល់របស់លោកប្លីងខិន អាម៉េរិក បានសម្របសម្រួលក្នុងការលក់អាវុធទៅតៃវ៉ាន់ជិត ២០ពាន់លានដុល្លារ និងការលក់បែបពាណិជ្ជកម្មដោយផ្ទាល់ប្រមាណ ២,៥ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០១៧ មក។ កន្លងមក ក្រសួងការបរទេសអាម៉េរិក បានឯកភាពលក់យន្តហោះចម្បាំង F-16, សម្ភារសម្រាប់អភិវឌ្ឍប្រព័ន្ធមីស៊ីល Patriot, កាំភ្លើងធំ M109 Howitzer និងអាវុធផ្សេងទៀត។ 
 
ក្នុងថ្ងៃដដែលនោះ នាវាពិឃាដUSS Sampson បំពាក់មីស៊ីលប្រដេញ បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយផ្អែកលើយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ រួមច្បាប់អន្តរជាតិ។ យ៉ាងណាមិញ សកម្មភាពរបស់អាម៉េរិកបែបនេះ ត្រូវបាន អ្នកនាំពាក្យបញ្ជាការភូមិភាគខាងកើតនៃកម្លាំងរំដោះប្រជាជនចិន ថ្កោលទោសយ៉ាងខ្លាំង ដោយចោទថា អាម៉េរិក កំពុងផ្តល់សញ្ញាខុសដល់កម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ ហើយបំផ្លាញស្ថិរភាព និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។ 
 
ចាប់តាំងពីក្រុងមូស្គូវាយប្រហារទីក្រុងកៀវ ប្រជាជនតៃវ៉ាន់ និងអ្នកជំនាញ បានប្រៀបធៀបស្ថានភាពតៃវ៉ាន់នឹងអ៊ុយក្រែន។ ដើម្បីធានា និងដោះស្រាយបញ្ហាបារម្ភរបស់ធានាសាធារណជន លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាឱ្យកម្លាំងប្រដាប់អាវុធដែនកោះមួយ ចាត់វិធានការពង្រឹងសន្តិសុខ និងឃ្លាំងមើលលើដែនកោះ។ 
 
ជាច្រើនលើកច្រើនសារ ចិនបានបញ្ជូនយន្តហោះចម្បាំងឱ្យហោះចូលដែនអាកាសតៃវ៉ាន់ រួមទាំងធ្វើសមយុទ្ធនៅជុំវិញកោះថែមទៀត។ ជាការឆ្លើយតបនឹងការបញ្ចេញសាច់ដុំរបស់ចិន តៃវ៉ាន់ បានបញ្ជូនយន្តហោះចម្បាំងទៅព្រមាន និងឃ្លាំមើលយន្តហោះចិន៕ 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com