កីឡាអន្តរជាតិ
អន្តរជាតិ
UEFA សហការជាមួយភ្នាក់ងារ Europol ដើម្បីប្រឆាំងអំពើពុករលួយក្នុងបាល់ទាត់
28, Apr 2022 , 8:29 am        
រូបភាព
សហព័ន្ធបាល់ទាត់ទ្វីពអឺរ៉ុប UEFA និងទីភ្នាក់ងារអនុវត្តច្បាប់ Europol នាថ្ងៃទី២៦ ខែមេសា បានប្រកាសសហការគ្នា ដើម្បីស្វែងរកវិធីសាស្ត្រប្រឆាំងទៅនឹងបញ្ហាអំពើពុករលួយ នឹងកែសម្រួលការប្រកួតបាល់ទាត់ឡើងវិញ។


មន្ត្រីផ្នែកកីឡាមកពីសហព័ន្ធបាល់ទាត់ទាំង ៤៩ប្រទេសនៃសហភាពអឺរ៉ុប ព្រមទាំងអ្នកតំណាង ដែលជាអាជ្ញាធរអនុវត្តច្បាប់ បានចូលរួមសន្និសីទប្រជុំនាទីក្រុងឡាអេ ហើយបានរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីពិភាក្សាអំពីផែនការការពារបូរណភាពកីឡា។
 
«អ្នករៀបចំកម្មវិធីបានយល់ច្បាស់យ៉ាងឆាប់រហ័សដែលថាក្លិបបាល់ទាត់ជាច្រើន បានរងគ្រោះបាត់បង់នៃផ្នែកហិរញ្ញវត្ថុ ដោយសារបញ្ហារាតត្បាតសកលនូវជំងឺកូវីដ-១៩។ នៅពេលដែលបញ្ហាប្រាក់ថយចុះតិចបែបនេះ កីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល រួមទាំងក្លិបកាន់តែរងគ្រោះទៅនឹងបញ្ហាអំពើពុករលួយ អំឡុងការប្រកួត»។ នេះបើតាមលោក Burkhard Muehl ប្រធានមជ្ឈមណ្ឌលឧក្រិដ្ឋកម្មហិរញ្ញវត្ថុនិងសេដ្ឋកិច្ចអឺរ៉ុប (EFECC)។
 
ទោះជាបែបនេះក្តី បើតាមការសិក្សាពីសំណាក់ UEFA នាដើមឆ្នាំ ២០២២ នេះបានបង្ហាញថា ការរាតត្បាតនៃជំងឺកូវីដ-១៩ បានខាតបង់ប្រាក់ប្រមាណ ៧ពាន់លានអឹរ៉ូ (៧,៩១ពាន់លានដុល្លារ) ត្រឹមរយៈពេល២រដូវកាល។ ការខាតបង់ដ៏ធំបំផុតនោះ គឺដោយសារកីឡដ្ឋានគ្មានអ្នកចូលទស្សនា និងការធ្លាក់ចុះប្រាក់ចំណូល។
 
យ៉ាងណាមិញ មជ្ឈមណ្ឌល EFECC ប្ដេជ្ញាសហការជាមួយភ្នាក់ងារអនុវត្តច្បាប់ទូទាំងសហភាពអឺរ៉ុប ក្នុងការស៊ើបអង្កេតការប្រកួតធំៗ និងរឿងរ៉ាវនៅពីក្រោយការប្រកួតទាំងនោះ៕
 
 

Tag:
 UEFA
  Football
© រក្សាសិទ្ធិដោយ thmeythmey.com