អន្តរជាតិ
លោក ពូទីន ព្រមានឆ្លើយតបដូចផ្លេកបន្ទោរ បើប្រទេសណាហ៊ានលូកដៃក្នុងជម្លោះអ៊ុយក្រែន
28, Apr 2022 , 11:42 am        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៧ ខែមេសា បានព្រមានដាក់ចេញចំណាត់ការឱ្យបានរហ័ស ដើម្បីឆ្លើយតប  ប្រទេសដែលជ្រៀតជ្រែកចូលក្នុងជម្លោះអ៊ុយក្រែន និងព្យាយាមបង្កើតការគំរាមជាយុទ្ធសាស្រ្តចំពោះរុស្ស៊ី។ បើតាមមេដឹកនាំរុស្ស៊ីរូបនេះ ប្រទេសទាំងនោះ គួរតែដឹងថា រុស្ស៊ីមានសមត្ថភាពវាយបកយ៉ាងរហ័ស។

 
មួយរយៈចុងក្រោយនេះ ប្រទេសលោកខាងលិច និងបណ្តាប្រទេសផ្សេងទៀត បានប្តេជ្ញាបញ្ជូនអាវុធធុនធ្ងន់ទៅអ៊ុយក្រែនមានតម្លៃជាច្រើនលានដុល្លារ ដើម្បីទប់នឹងការឈ្លានរុស្ស៊ី នៅតំបន់ដុនបាស។ ស្របពេលមានការបញ្ជូនអាវុធបែបនេះ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានចាត់វិធានការឆ្លើយតបឱ្យបានរហ័សបំផុត ចំពោះប្រទេសជ្រៀតជ្រែកក្នុងជម្លោះនៅអ៊ុយក្រែន។ 
 
«ប្រសិនបើប្រទេសណា មានបំណងជ្រៀតជ្រែក និងបង្កើតការគំរាមយុទ្ធសាស្រ្តសម្រាប់រុស្ស៊ី...ពួកគេត្រូវដឹងថា ការវាយបករបស់រុស្ស៊ី គឺរហ័សណាស់»។ លោកពូទីន បានសង្កត់ធ្ងន់បែបនេះទៅកាន់ក្រុមប្រឹក្សាសភានៅក្នុងក្រុង St Petersburg នៅថ្ងៃទី២៧ ខែមេសា ដោយបន្ថែមថា រុស្ស៊ីមានយុទ្ធោបករណ៍ទាំងអស់ ដែលប្រទេសជាច្រើនមិនទាន់មាន ដើម្បីបំពេញបេសកកម្មដូចផ្លេកបន្ទោរ។  
 
យ៉ាងណាមិញ លោក ពូទីន មិនបានបញ្ជាក់ពីអាវុធទាំងនោះជាប្រភេទអ្វីឡើយ ប៉ុន្តែទំនងជាចង់សំដៅដល់អាវុធនុយក្លេអ៊ែរ មីស៊ីលបាលីស្ទិក និងមីស៊ីលមានល្បឿនលឿនជាងសំឡេង។ កន្លងមក រុស្ស៊ី បានសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប Sarmat ដែលអាចហោះបានលើសពី ១៥០០០គីឡូម៉ែត្រ និងអាចបំពាក់ក្បាលគ្រាប់ជាច្រើន។ 
 
ថ្លែងនៅចំពោះមុខសភាដដែល ប្រធានាធិបតីរុស្ស៊ី ដែលមានវ័យ៦៩ឆ្នាំរូបនេះ បានបញ្ជាក់ថា រុស្ស៊ីនឹងមិនអួតពីអាវុធនោះឡើយ តែរុស្ស៊ីនឹងប្រើវា ប្រសិនបើចាំបាច់។ លើសពីនេះ មេដឹកនាំរុស្ស៊ីរូបនេះ បានយល់ថា ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី បានទទួលបរាជ័យហើយ ខណៈក្រុងមូស្គូ បានផ្អាកការផ្គត់ផ្គង់ហ្គាសទៅប៊ុលហ្ការី និងប៉ូឡូញ។ 
 
ក្រៅពីព្រមានលើប្រទេសជ្រៀតជ្រែកក្នុងជម្លោះអ៊ុយក្រែន លោកពូទីន បានអះអាងជាថ្មីថា ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន គឺដើម្បីធានាសុវត្ថិភាពប្រជាជនរុស្ស៊ី នៅក្នុងតំបន់ដុនបាស និងឧបទ្វីបគ្រីមេ។ ចាប់តាំងពីឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ មក រុស្ស៊ីបានគ្រប់គ្រងក្រុង Kherson និងក្រុង Mariupol ជាដើម៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com