ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យក្រសួងយុត្តិធម៌សួរ៖ តើក្នុងទំនាក់ទំនងការទូត ដែលមានតុលាការ កោះហៅទូតបរទេសទេ?
28, Apr 2022 , 2:43 pm        
រូបភាព
រូបលោក កឹម សុខា (បង់កក្រមា) ពីគណនីហ្វេសប៊ុករបស់លោក ចាន់ ចេន, រូបលោក ជិន ម៉ាលីន ពីទំព័រហ្វេសប៊ុករបស់លោក
រូបលោក កឹម សុខា (បង់កក្រមា) ពីគណនីហ្វេសប៊ុករបស់លោក ចាន់ ចេន, រូបលោក ជិន ម៉ាលីន ពីទំព័រហ្វេសប៊ុករបស់លោក
ដោយ៖ ទេពញាណ

មេធាវីរបស់លោក កឹម សុខា ចង់ឲ្យតុលាការ ហៅបរទេសមួយចំនួន ចូលបំភ្លឺ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ តបថា កម្រមានណាស់ ឬមិនមានតែម្តង ដែលទូតបរទេស ត្រូវបានតុលាការនៃរដ្ឋម្ចាស់ផ្ទះ កោះហៅ។

 
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហោះសេចក្តីអត្ថាធិប្បាយរបស់ខ្លួនលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ដើម្បីឆ្លើយតបនឹងមេធាវីរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលមានបំណងចង់ស្នើឲ្យតុលាការកម្ពុជា កោះហៅតំណាងបរទេសមួយចំនួន ចូលទៅបំភ្លឺក្នុងនាមជាសាក្សី ក្នុងសំណុំរឿងរបស់លោក កឹម សុខា។ 
 
មន្រ្តីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌រូបនេះ បកស្រាយថា៖«អ្នកចេះច្បាប់អន្តរជាតិ យល់ច្បាស់អំពីអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតរវាងរដ្ឋ និងរដ្ឋ។ ជាទិដ្ឋភាពច្បាប់ ទូតបរទេស តែងមានអភ័យឯកសិទ្ធិ ហើយមិនចំណុះទៅនឹងអំណាចតុលាការនៃរដ្ឋម្ចាស់ផ្ទះទេ។ តើនៅក្នុងទំនាក់ទំនងការទូត ដែលឃើញមានតុលាការនៃរដ្ឋម្ចាស់ផ្ទះ កោះហៅទូតបរទេសចូលទៅតុលាការដែរឬទេ? សូម្បីតែរឿងរដ្ឋប្បវេណី ក៏កម្រនឹងកើតមាន ឬមិនដែលកើតមានផង កុំថាឡើយដល់សំណុំរឿងព្រហ្មទណ្ឌ»។
 
មេធាវី ដែលការពារក្តីឲ្យរដ្ឋាភិបាល និងសាធារណជន បានដឹងច្បាស់ថា ការចង់ឲ្យតុលាការ កោះហៅទូតបរទេសចូលបំភ្លឺ គឺជាល្បិចរបស់ភាគីលោក កឹម សុខា ដើម្បីរុញឲ្យរដ្ឋបរទេស ចូលក្នុងសំណុំរឿង និងដើម្បីប្រើប្រាស់ឥទ្ធិពលនៃរដ្ឋបរទេស ដាក់សម្ពាធលើកម្ពុជា ក្នុងបំណងជួយដកលោក កឹម សុខា ចេញពីសំណុំរឿងនេះ។ នេះជាការបកស្រាយបន្ថែមទៀតរបស់លោក ជិន ម៉ាលីន។  
 
លោក ចាន់ ចេន មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា ចាត់ទុកការធ្វើអត្ថាធិប្បាយខាងលើរបស់លោក ជិន ម៉ាលីន ថាជាការយល់ឃើញផ្ទាល់ខ្លួនរបស់លោក។ លោកមេធាវីរូបនេះ បញ្ជាក់យ៉ាងខ្លីក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ថា៖«សូមជម្រាបជូនថា យើជាសហមេធាវី យើងធ្វើស្តីៗ ស្របទៅតាមច្បាប់ជាតិនិងអន្តរជាតិ»។  
 
គេ ពុំទាន់អាចដឹងច្បាស់ឡើយថា តំណាងបរទេស ដែលក្រុមមេធាវីរបស់លោក កឹម សុខា ចង់ឲ្យតុលាការ កោះហៅ ជាទូតបរទេសប្រចាំកម្ពុជា ឬជាតំណាងបរទេសផ្សេង ដែលមិនមែនជាទូត។ ក្រុមមេធាវីរបស់លោក កឹម សុខា ប្រាប់អ្នកកាសែតម្តងជាពីរដងហើយ អំពីបំណងនៃការដាក់សំណើទៅតុលាការ ដើម្បីសុំឲ្យអញ្ជើញតំណាងបរទេសមួយចំនួន ចូលទៅបំភ្លឺ។ ការដែលក្រុមមេធាវីរបស់លោក កឹម សុខា ចង់ឲ្យតុលាការ កោះហៅតំណាងបរទេស ចូលទៅបំភ្លឺ ក៏ព្រោះតែអយ្យការ បានចោទប្រកាន់រដ្ឋបរទេសទាំងនោះ ថាជាប់ពាក់ព័ន្ធនឹងសំណុំរឿងរបស់ លោក កឹម សុខា។ 
 
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក ផែង ហេង ជាមេធាវីរបស់លោក កឹម សុខា ដែរនោះ បាននិយាយនៅមុខតុលាការភ្នំពេញថា បរទេស ដែលក្រុមមេធាវី ចង់ឲ្យតុលាការកោះហៅ មានជាអាទិ៍ អាម៉េរិក អាល្លឺម៉ង់ សហភាពអឺរ៉ុប ។ល។ រួមទាំង អង្គការអន្តរជាតិមួយចំនួន មានជាអាទិ៍ ទីភ្នាក់ងារ​សហរដ្ឋអាម៉េរិក​សម្រាប់​ការអភិវឌ្ឍអន្ដរជាតិ (USAID) មជ្ឈមណ្ឌលសិក្សាគោលនយោបាយអាល្លឺម៉ង់ (Konrad-Adenaur) ។ល។ 
 
ក្រោយមក មេធាវីម្នាក់ទៀតរបស់លោក កឹម សុខា គឺលោក អាង ឧត្តម បាននិយាយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ពីគម្រោងនៃការដាក់សំណើរទៅតុលាការ ដើម្បីកោះហៅតំណាងបរទេស។ លោក ប្រាប់អ្នកកាសែតថា ក្រុមមេធាវីរបស់លោក អាចនឹងដាក់សំណើទៅតុលាការ នៅចុងខែមេសានេះ ឬអាចដើមខែឧសភា។
 
លោកមេធាវី ចាន់ ចេន ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា បច្ចុប្បន្ននេះ ក្រុមមេធាវីរបស់លោក កឹម សុខា កំពុងរៀបចំសំណើដាក់ទៅតុលាការ ដើម្បីសុំឲ្យកោះហៅតំណាងបរទេសចូលបំភ្លឺ។ លោកមេធាវី មិនទាន់អាចផ្តល់ចម្លើយជាក់លាក់ថា សំណើនេះ នឹងត្រូវដាក់ទៅតុលាការនៅថ្ងៃណានោះទេ។ 
 
នៅខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ដែលសំដៅថា លោក លួចពឹងពាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕   
 
 
  
 

Tag:
 កឹម សុខា
  ជិន ម៉ាលីន
© រក្សាសិទ្ធិដោយ thmeythmey.com