កីឡាអន្តរជាតិ
អន្តរជាតិ
Tuchel បារម្ភថា ភាពមិនប្រាកដប្រជានៃម្ចាស់ក្លិប Chelsea ហុចផលឱ្យគូប្រជែងនាទីផ្សារដោះដូរកីឡាករ
28, Apr 2022 , 3:19 pm        
រូបភាព
ភាពមិនប្រាកដប្រជាលើរឿងម្ចាស់ក្លិប Chelsea កំពុងរារាំងក្រុមពីគម្រោងការដោះដូរកីឡាករនាទីផ្សាររដូវក្តៅខាងមុខ។ នេះបើតាមលោក Thomas Tuchel ។


ក្លិបតោខៀវ Chelsea ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលអង់គ្លេសក្នុងការបន្តប្រតិបត្តិការការប្រកួត បើទោះមានការរឹតបន្តឹងលើម្ចាស់ក្លិបលោក Roman Abramovich ក៏ដោយ។ មហាសេដ្ឋី Roman Abramovich បានប្រកាសលក់ក្លិបបន្ទាប់ពីត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម ពាក់ព័ន្ធលើរឿងរុស្ស៊ីវាយលុកចូលអ៊ុយក្រែន។
 
ទោះជាយ៉ាងនេះក្តី Chelsea ត្រូវបានហាមឃាត់មិនឱ្យនាំចូលកីឡាកររឺក៏បន្តកិច្ចសន្យាឱ្យទៅកីឡាករដែលមាននៅក្នុងក្រុមស្រាប់ តាមការរឹតបន្តឹងពីទណ្ឌកម្ម។ 
 
ក្នុងពេលថ្មីៗនេះខ្សែការពារ Antonio Rudiger បានបញ្ជាក់ថានឹងត្រូវចាកចេញពីក្លិប ក្រោយមិនអាចបន្តកិច្ចសន្យាថ្មីបាន។ រឿងរ៉ាវចម្បងដែលក្លិប Chelsea មិនទាន់អាចស្វែងរកម្ចាស់ថ្មីនៅឡើយ បង្កើតជាការព្រួយបារម្ភដល់លោក Tuchel សម្រាប់ការដោះដូរកីឡាករ ហើយអាចហុចផលដល់ក្រុមផ្សេងទៀតដូចជា Manchester City និង Arsenal។
 
«ពិតណាស់ ពេលនេះដៃយើងគឺពិតជាតឹងខ្លាំងណាស់។ យើងអាចនឹងបន្តនិយាយពិភាក្សារឿងនៅខាងក្នុងក្លិបពេលនេះ ហើយស្ថានភាពមិនអំណោយផលពេលនេះ។ រឿងនេះក៏បានក្លាយការព្រួយបារម្ភ ហើយសង្ឃឹមថាយើងអាចស្វែងរកផ្លូវដោះស្រាយនិងជម្នះវាបានឆាប់»។ លោក Tuchel លើកឡើងបែបនេះមុនការប្រកួតទល់ក្រុម Manchester United។
 
យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការដឹកនាំក្រុមតោខៀវបន្តទៀត។ លោក Tuchel បានអះអាងបន្ថែមថា ពេលវេលាសម្រាប់ Chelsea មិនទាន់ហួសពេល ខណៈក្រុមកំពុងរង់ចាំការដេញថ្លៃពីសំណាក់ម្ចាស់ថ្មីលើកចុងក្រោយ។
 
Chelsea នឹងធ្វើដំណើរទៅប្រកួតទល់ក្រុម Manchester United សម្រាប់ការប្រកួតក្របខណ្ឌ Premier league។ បច្ចុប្បន្ន Chelsea ជាក្រុមឈរលេខ៣ មាន៦៥ពិន្ទុ ដោយគម្លាត១៥ពិន្ទុ ពីក្រុមកំពូលតារាង Manchester City៕
 

Tag:
 Thomas Tuchel
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com