អន្តរជាតិ
លោក ឌូទើតេ នឹងមិនចូលរួមកិច្ចប្រជុំអាស៊ាន-អាម៉េរិកឡើយ
28, Apr 2022 , 4:14 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ PCOO
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ PCOO
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី២៧ ខែមេសា បានបដិសេធលិខិតអញ្ជើញរបស់សមភាគីអាម៉េរិក ចូ បៃឌិន ឱ្យចូលរួមក្នុងកិច្ចប្រជុំអាម៉េរិក-អាស៊ាន ដែលនឹងត្រូវប្រារព្ធឡើយនៅពាក់កណ្តាលខែ​ឧសភាខាងមុខ។ បើតាមលោក ឌូទើតេ ការប្រកាសមិនចូលរួមនេះ ធ្វើឡើងដើម្បីការពារកុំឱ្យប៉ះពាល់ដល់រដ្ឋាភិបាលហ្វីលីពីនអាណត្តិក្រោយ ព្រោះជំនួបពិសេសនេះរៀបចំក្រោយការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន។

 
អាស៊ាន និងអាម៉េរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន។ ជំងឺកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ បញ្ហាតំបន់ និងអន្តរជាតិ ក្លាយជារបៀបវារៈដ៏សំខាន់នៅក្នុងកិច្ចប្រជុំនោះ។ នេះជាជំនួបអាម៉េរិក-អាស៊ាន លើកទីពីរ បើគិតចាប់ពីឆ្នាំ ២០១៦ មក។ យ៉ាងណាមិញ លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសមិនចូលរួមក្នុងជំនួបនោះឡើយ។ 
 
«ខ្ញុំបានប្រាប់ពួកគេ (អាម៉េរិក)ថា វាហាក់ដូចជាមិនល្អឡើយ ដែលខ្ញុំមានវត្តមាននៅទីនោះ ទាំងខ្ញុំដឹងថា ហ្វីលីពីននឹងមានប្រធានាធិបតីថ្មី»។ លោក ឌូទើតេ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយសមាជិកគណៈរដ្ឋមន្រ្តីហ្វីលីពីនមួយចំនួនក្នុងថ្ងៃទី២៧ ខែមេសា ដោយបន្ថែមថា វាអាចនឹងមានកិច្ចព្រមព្រៀង ឬការប្តេជ្ញា ដែលត្រូវបានធ្វើឡើងនៅអាម៉េរិក។ ក្នុងន័យនេះ ប្រធានាធិបតីហ្វីលីពីន ដែលជិតដល់អាណត្តិរូបនេះ បានបន្តថា ក្នុងកិច្ចប្រជុំនោះ លោកអាចបញ្ចេញគំនិតយោបល់ ដែលមិនអាចទទួលយកបានសម្រាប់រដ្ឋបាលហ្វីលីពីនបន្ទាប់។ 
 
កិច្ចប្រជុំអាស៊ាន និងអាម៉េរិក នឹងចាប់ផ្តើមឡើងក្រោយការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនតែ ៣ថ្ងៃប៉ុណ្ណោះ។ ហ្វីលីពីន នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៩ ខែឧសភា។ 
 
ក្នុងកិច្ចប្រជុំនោះ ប្រធានាធិបតីហ្វីលីពីន បានបង្ហើបថា មន្រ្តីអាម៉េរិកចង់ឱ្យលោក មានវត្តមាននៅអាម៉េរិក ប៉ុន្តែលោកនៅតែរក្សាជំហរចាស់របស់លោកមិនទស្សនកិច្ចនៅអាម៉េរិកឡើយ។ បើតាមលោក ឌូទើតេ លោកធ្លាប់បាននិយាយពីមុនហើយ លោកមិនចង់ទៅអាម៉េរិក ហើយវាមានរយៈពេល ២០ឆ្នាំហើយ ដែលលោក មិនបានធ្វើដំណើរទៅប្រទេសមហាអំណាចមួយនេះ។ 
 
ការអះអាងរបស់មេដឹកនាំហ្វីលីពីនខាងលើ គឺផ្ទុយទៅនឹងការលើកឡើងរបស់លោកនៅក្នុងឆ្នាំ ២០២១ កន្លងទៅ ដែលលោកធ្លាប់បានពិចារណានឹងទៅអាម៉េរិក ដើម្បីបង្ហាញពីការដឹងគុណចំពោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលបានបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាច្រើនលានដូសដល់ក្រុងម៉ានីល។ 
 
មេដឹកនាំអាស៊ានមួយចំនួន ដែលគ្រោងចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-អាម៉េរិកមានដូចជា នាយករដ្ឋមន្រ្តីកម្ពុជា, នាយករដ្ឋមន្រ្តីថៃ, នាយករដ្ឋមន្រ្តីម៉ាឡេស៊ី, ប្រធានាធិបតីឥណ្ឌូណេស៊ី។ ខណៈមេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងមិនមានវត្តមានឡើយ ព្រោះអាម៉េរិកអញ្ជើញតំណាងមិនមែននយោបាយជំនួសវិញតាមគោលការណ៍អាស៊ាន៕ 
 

Tag:
 ហ្វីលីពីន
  អាម៉េរិក
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com