ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន នឹង​មានជំនួបជាមួយពលរដ្ឋខ្មែរនា​​អំឡុង​បេសសកម្ម​នៅអាម៉េរិក និង​ស្វីស
28, Apr 2022 , 6:59 pm        
រូបភាព
ដោយ: រួបរួម
នៅខែឧសភា ខាងមុខនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​បំពេញ​បេសកកម្មជា​បន្ត​បន្ទាប់​នៅសហរដ្ឋអាម៉េរិក​ និង​ស្វីស។ នាអំឡុងពេលនោះ ប្រមុខ​រដ្ឋាភិបាល នឹង​មានជំនួបសំណេះ​សំណាល​​ជាមួយ​ពលរដ្ឋខ្មែរផងដែរ។

 
តាម​ការអញ្ជើញ​របស់​លោក​ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន សម្តេច ហ៊ុន សែន នឹង​ទៅចូលរួម​កិច្ច​ប្រជុំពិសេស​អាស៊ាន-អាម៉េរិក នៅ​រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី​១២-១៣ ឧសភា។ ចេញដំណើរនៅ​ថ្ងៃទី​១០ ខែឧសភា សម្តេច​នឹង​មានជំនួបជាមួយ​ពល​រដ្ឋខ្មែរមួយចំនួននៅអាម៉េរិក​​នា​ពេល​ល្ងាច​ថ្ងៃដដែល។
 
ជំនួប​ទ្រង់ទ្រាយ​ធំ​រវាង​សម្តេច ហ៊ុន សែន និង​ពលរដ្ឋខ្មែរ​នៅ​អាម៉េរិក ប្រព្រឹត្ត​ទៅ​​ថ្ងៃទី​១១ ខែឧសភា។ បើតាម​សម្តេច អ្នក​ចូលរួមនឹងមាន​ប្រមាណ​តែ​១០០០នាក់ប៉ុណ្ណោះ ដោយសារតែ​ពិបាក​រក​កន្លែង​សម្រាប់​ការជួបជុំ ហើយទីតាំង​នៃជំនួប​ដាក់បាន​តែ​ចំនួន​ប៉ុណ្ណឹង។
 
ក្រោយ​កិច្ច​ប្រជុំ​ពីរ​ថ្ងៃពេញ (ថ្ងៃទី១២-១៣ ឧសភា) សម្តេច ហ៊ុន សែន ត្រូវវិលត្រឡប់មក​ប្រទេសវិញ ហើយ​មក​ដល់​កម្ពុជានា​ថ្ងៃទី​១៥ ខែឧសភា។ នេះបើតាមការអះអាង​របស់សម្តេច​ដោយផ្ទាល់នាជំនួប​សំណេះសំណាល​ជាមួយ​អត្តពលិក និង​ប្រតិភូ​កីឡាស៊ីហ្គេម​លើកទី៣១ នៅកោះពេជ្រ​ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា។
 
ឈានដល់​យប់ថ្ងៃទី​២០ ខែឧសភា សម្តេចនាយករដ្ឋមន្ត្រី ត្រូវចេញទៅ​បំពេញ​បេសកកម្ម​មួយទៀតនៅអឺរ៉ុប គឺ​វេទិកាសេដ្ឋកិច្ចពិភពលោក​នៅទីក្រុង​ Davos ប្រទេសស្វីស។ នៅទីនោះ សម្តេចក៏ត្រៀម​ជួបប្រជាជន​ខ្មែរនៅអឺរ៉ុប​ផងដែរ។
 
សម្តេច​បាន​បញ្ជាក់ថា ជំនួប​នឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី២១ ខែឧសភា នៅ​ក្រុង​ហ្សួរិច​ ដោយមាន​ការផ្សាយ​ផ្ទាល់តាម​ហ្វេសប៊ុក​ផងដែរ។ ថ្វីត្បិត​តែជំនួបចំថ្ងៃនៃយុទ្ធនាការ​ឃោសនា​បោះឆ្នោតឃុំ-សង្កាត់​ក៏ដោយ ប៉ុន្តែសម្តេចនឹងមិនឃោសនា​អ្វីឡើយ។
 
«គ្រាន់តែជួប​ជាមួយ​ប្រជាពល​រដ្ឋប៉ុណ្ណោះ ព្រោះខាន​ជួបពីរបីឆ្នាំហើយ។ ខ្ញុំតែងតែជួបពួក​គាត់ ដូចជានៅព្រុចសែល ហ្សឺណែវ ជាដើម ហើយខានជួប ដោយសារតែកូវីដ-១៩»។ នេះជាការបញ្ជាក់​របស់សម្តេច ហ៊ុន សែន៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com