ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រាប់លោក បៃឌិន ថា បំណងដ៏មុតមាំរបស់កម្ពុជា គឺពង្រឹងកិច្ចសហការអាស៊ាន-អាម៉េរិកលើគ្រប់វិស័យ
28, Apr 2022 , 8:59 pm        
រូបភាព
រូបសម្តេច ហ៊ុន សែន ពីទំព័រហ្វេសប៊ុករបស់សម្តេច, រូបលោក ចូ បៃឌិន ពី AFP
រូបសម្តេច ហ៊ុន សែន ពីទំព័រហ្វេសប៊ុករបស់សម្តេច, រូបលោក ចូ បៃឌិន ពី AFP
ដោយ៖ ទេពញាណ 
 
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានសរសេរលិខិតត្រឡប់ទៅកាន់លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិកវិញ ដោយបានជម្រាបថា សម្តេច នឹងទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃ១២-១៣ ខែឧសភា ឆ្នាំ២០២២ តាមការអញ្ជើញរបស់លោកប្រធានាធិបតី។


ក្នុងលិខិត ដែលចុះកាលបរិច្ឆេទនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ មេដឹកនាំកម្ពុជា បានប្រាប់ទៅប្រធានាធិបតីមហាអំណាចអាម៉េរិកថា៖«ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ខ្ញុំ សូមបញ្ជាក់សាជាថ្មីអំពីបំណងប្រាថ្នាដ៏មុតមាំរបស់កម្ពុជា ក្នុងការខិតខំស្វែងរកឱកាសបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អាម៉េរិកលើគ្រប់វិស័យ»។
 
ប្រមុខរដ្ឋាភិបាលកម្ពុជា បន្ថែមថា កិច្ចប្រជុំកំពូលពិសេសនេះ គឺជាឱកាសដ៏ប្រសើរសម្រាប់ការពិភាក្សាគ្នាពីការជំរុញកិច្ចសហប្រតិបត្តិការ ព្រមទាំងការផ្លាស់ប្តូរយោបល់គ្នាលើបញ្ហានានារបស់អាស៊ាន-អាម៉េរិក។ សម្តេច ប្រាប់លោកប្រធានាធិបតី ចូ បៃឌិន ថា សម្តេច នឹងជួបលោកដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន និងត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក៕ 
 

Tag:
 ហ៊ុន សែន
  ចូ បៃឌិន
  កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com