អន្តរជាតិ
រុស្ស៊ី ដកខ្លួនចេញពីអង្គការទេសចរណ៍ពិភពលោក មុនការបោះឆ្នោតព្យួរសមាជិកភាព
28, Apr 2022 , 9:29 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃទី២៧ ខែមេសា បានប្រកាសដើរចេញពីអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (UNWTO) មុនអង្គការមួយបោះឆ្នោតព្យួរសមាជិកភាពរុស្ស៊ី។ បើតាមក្រសួងការបរទេសរុស្ស៊ី អង្គការទេសចរណ៍ពិភពលោក កំពុងជំរុញឱ្យមានការសម្រេចចិត្តផ្នែកនយោបាយ ដើម្បីបង្ការរុស្ស៊ីពីការចូលរួម ក្នុងក្រុមការងាររបស់ខ្លួន តាមរយៈយុទ្ធនាការប្រឆាំងរុស្ស៊ី។

 
អង្គការទេសចរណ៍ពិភពលោក នៅថ្ងៃទី២៧ ខែមេសា បានរៀបចំមហាសន្និបាតវិសាមញ្ញមួយ ដើម្បីជជែកដេញដោលពីការព្យួរសមាជិកភាពរុស្ស៊ី។ ប៉ុន្តែក្នុងកិច្ចប្រជុំនោះ តំណាងរុស្ស៊ី បានបដិសេធការជជែកដេញដោល និងការបោះឆ្នោត  ដោយការពារជំហររបស់ខ្លួនក្នុងសង្រ្គាមនៅអ៊ុយក្រែន មុននឹងប្រកាសដើរចេញពីអង្គការទេសចរណ៍ពិភពលោក។ 
 
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីចេញនៅថ្ងៃទី២៧ ខែមេសា សហភាពអឺរ៉ុប បានគ្រប់គ្រងផ្តាច់មុខលើអង្គការទេសចរណ៍ពិភពលោក ខណៈអង្គការមួយនេះ បានជំរុញឱ្យមានការសម្រេចចិត្តផ្នែកនយោបាយ ដើម្បីបង្ការមិនឱ្យរដ្ឋាភិបាលក្រុងមូស្គូចូលរួមក្នុងក្រុមការងាររបស់អង្គការពិភពលោកមួយនេះ។ 
 
មិនតែប៉ុណ្ណោះ ក្រសួងការបរទេសរុស្ស៊ី បានបន្តថា​ មេដឹកនាំ UNWTO បានទទួលយកសកម្មភាពបែបនយោបាយ និងគាំទ្រឱ្យមានយកចិត្តទុកដាក់លើរុស្ស៊ីដោយលម្អៀង។ ដោយយល់ឃើញបែបនេះ រុស្ស៊ី សម្រេចចិត្តដកខ្លួនចេញពីអង្គការ ទេសចរណ៍ពិភពលោក។ 
 
បន្ទាប់ពីរុស្ស៊ីប្រកាសដើរចេញ មហាសន្និបាត UNWTO បានបោះឆ្នោតព្យួរសមាជិកភាពរុស្ស៊ី ក្នុងសំឡេងគាំទ្រលើសពី ២ភាគ៣ ក្នុងចំណោមសមាជិក ១៦០ប្រទេស។ តាមសេចក្តីប្រកាសរបស់អង្គការទេសចរណ៍ពិភពលោក សេចក្តីសម្រេច ត្រូវចូលជាធរមានភ្លាមៗ ខណៈការបោះបង់សមាជិកភាព នឹងមានសុពលភាពក្នុងរយៈពេល ១ឆ្នាំ បន្ទាប់ពីដាក់ពាក្យដកខ្លួនចេញ។
 
ការបោះឆ្នោតព្យួរសមាជិកភាពរុស្ស៊ីនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន។ អគ្គលេខាធិការ UNWTO លោក Zurab Pololikashvili បានអះអាងថា សមាជិកអង្គការទេសចរណ៍ពិភពលោក បានបង្ហាញសារយ៉ាងច្បាស់ទាក់ទិនវិស័យទេសចរណ៍ ដែលជាបង្គោលនៃសន្តិភាព និងបញ្ជាក់ពីមិត្តភាពអន្តរជាតិ។ បើតាមលោក Zurab Pololikashvili សមាជិកអង្គការទេសចរណ៍ពិភពលោក ត្រូវតែប្រកាន់គោលការណ៍សន្តិភាព បើមិនចង់រងផលវិបាក។ 
 
ដោយសេចក្តីសម្រេចរបស់មហាសន្និបាតចូលជាធរមានភ្លាមៗ រុស្ស៊ីនឹងមិនអាចអនុវត្តសិទ្ធិ និងអភ័យឯកសិទ្ធិខ្លួន ក្នុងនាមជាសមាជិកភាពអង្គការទេសចរណ៍ពិភពលោកបានឡើយ។ មិនតែប៉ុណ្ណោះ រុស្ស៊ីត្រូវបានផ្អាកពីការទទួលជំនួយបច្ចេកទេស ថែមទាំងមិនអាចចូលរួមក្នុងកិច្ចប្រជុំ និងវេទិកា UNWTOថែមទៀត។
 
អង្គការទេសចរណ៍នេះ ស្ថាប័នេះពិភពលោកទី២ ដែលរុស្ស៊ីដើរចេញ ក៏ដូចជាដករុស្ស៊ីចេញដែរ៕
 

Tag:
 រុស្ស៊ី
  UN
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com