ជាតិ
សេដ្ឋកិច្ច
កម្ពុជា បន្តលើកលែងពន្ធប្រថាប់ត្រាលើផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ ដល់ដំណាច់ឆ្នាំ២០២២
28, Apr 2022 , 9:59 pm        
រូបភាព
ដោយ ៖ ធន់ សេងហុង 
 
ភ្នំពេញ៖ ពន្ធប្រថាប់ត្រាចំពោះអចលនទ្រព្យ(លំនៅដ្ឋានគ្រប់ប្រភេទ) ដែលមានតម្លៃស្មើឬទាបជាង៧ម៉ឺនដុល្លារ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ សម្រេចលើកលែងពន្ធប្រថាប់ត្រា រហូតដល់ដំណាច់ឆ្នាំ២០២២។ ការសម្រេចលើកលែងពន្ធនេះ គឺដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចពលរដ្ឋក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

 
ផ្អែកតាមចំណារ​របស់ប្រមុខរាជរដ្ឋាភិបាល​ លោក គង់ វិបុល ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ​ បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២២។ នេះបើយោងតាមលិខិតរបស់លោក​ គង់ វិបុល ដែលចុះហត្ថលេខាកាលពីថ្ងៃទី២២មេសា។ 
 
លោក គង់ វិបុល បានបញ្ជាក់ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារតាមតម្លៃទីផ្សារជាក់ស្តែង ដែលមានចែងនៅក្នុងកិច្ចសន្យាទិញ-លក់ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០២២ នឹងមកប្រកាសបង់ពន្ធប្រថាប់ត្រានាអំឡុងពេលនេះ។
 
សម្រាប់ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងមក ឬបច្ចុប្បន្នទៅជានិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬទៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះលោក គង់ វិបុល បានព្រមានដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង។ លោកបានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនយ៉ាងដូច្នេះ៖ « ក្នុងករណីចាំបាច់ អគ្គនាយកដ្ឋានពន្ធដារ អាចនឹងធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានឆ្លៀតឱកាសបន្ថយតម្លៃទិញលក់ ខុសពីទីផ្សារជាក់ស្តែង ធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធដារ»។
 
សូមជម្រាបថា រយៈពេល៣ខែដើមឆ្នាំ២០២២ កម្ពុជា​ទទួលបានចំណូលពីពន្ធដារ ប្រមាណជាង១ ២០០លានដុល្លារ។ ចំណូលដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាននេះ បានកើនដល់២២,២៥ភាគរយ បើធៀបនឹងគ្រាដូចគ្នា​ កាលឆ្នាំ២០២១៕ 
 
 

Tag:
 ពន្ធប្រថាប់ត្រា អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com