ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង៖ គ្រប់ហេតុការណ៍ទំនាស់នៅមូលដ្ឋាន ត្រូវដោះស្រាយពីដើមទី កុំទុកឱ្យរ៉ាំរ៉ៃ ហើយក្លាយជាឧបករណ៍នយោបាយ
30, Apr 2022 , 11:26 am        
រូបភាព
សម្ដេច ស ខេង ប្រាប់ឱ្យអាជ្ញាធរដោះស្រាយទំនាស់មូលដ្ឋាន ដែលតាំងពីដើមទី ដោយមិនត្រូវទុកឱ្យក្លាយជាបញ្ហារ៉ាំរ៉ៃ ដែលនាំឱ្យមានការកេងចំណេញផ្លូវនយោបាយនោះឡើយ។​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី២៩ មេសា។

 
សម្ដេច ស ខេង បានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ដែលទទួលខុសត្រូវដឹកនាំដោយផ្ទាល់ក្នុងកិច្ចការធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងភូមិសាស្រ្តរបស់ខ្លួន ត្រូវបំពេញការងារឱ្យបានល្អត្រឹមត្រូវ។ បើតាមសម្ដេច ស ខេង រាល់ពេលមានបញ្ហាទំនាស់នៅមូលដ្ឋានកើតឡើង អាជ្ញាធរត្រូវដោះស្រាយឱ្យទាន់ពេលវេលា ដោយមិនត្រូវឱ្យអូសបន្លាយយូរឡើយ។
 
«គ្រប់ហេតុការណ៍ ទំនាស់ផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន ត្រូវខិតខំដោះស្រាយពីដើមទី ដោយមិនត្រូវទុកឱ្យក្លាយជាទំនាស់រ៉ាំរ៉ៃដែលអាចបង្កឱ្យមានចលាចលសង្គម ក្លាយជាឧបករណ៍នៃការកេងចំណេញផ្នែកនយោបាយឡើយ»។ នេះបើតាមរដ្ឋមន្រ្តីមហាផ្ទៃ។
 
ប្រមុខមហាផ្ទៃរូបនេះ បានសង្កត់ធ្ងន់ថា ក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខនេះ គឺជាដំណាក់កាលតស៊ូប្រកបដោយការប្រកួតប្រជែងយ៉ាងតឹងតែង និងក្ដៅគគុករបស់គណបក្សនយោបាយ ដែលបានចូលរួម ហើយក៏ជាដំណាក់កាលដែលងាយនឹងកើតឡើងនូវទំនាស់ ឬបទល្មើសផ្សេងៗអាចបង្កជាឧបសគ្គរារាំង ឬបន្ទច់បង្អាក់ដល់កិច្ចដំណើរការទៀតផង។
 
សម្ដេចក៏ស្នើឱ្យកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ ត្រូវមានជំហរអព្យាក្រឹត្យ គោរពច្បាប់ស្ដីបទបញ្ជា នីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌ ដើម្បីបង្កភាពងាយស្រួល និងផ្ដល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្សនយោបាយ វាគ្មិន អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូបប្រកបដោយតម្លាភាព និងដោយគ្មានការរើសអើង។
 
រដ្ឋមន្រ្តីមហាផ្ទៃ ក៏អំពាវនាវគ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសក្នុងដំណើរការបោះឆ្នោតឃុំ សង្កាត់ ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងការគំរាមកំហែង ប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ៕
 

Tag:
 ស ខេង
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com