ជាតិ
សេរីភាពសារព័ត៌មាន៖ CCHR ថាធ្លាក់ចុះកាន់តែធ្ងន់ធ្ងរ ប៉ុន្តែក្រសួងថាមានភាពប្រសើរឡើងជាលំដាប់
30, Apr 2022 , 2:00 pm        
រូបភាព
ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សេរីភាពសារព័ត៌មានកម្ពុជារង់ការរំលោភបំពាន់ធ្ងន់ធ្ងរ ប៉ុន្តែខាងក្រសួងព័ត៌ច្រានចោល ដោយអះអាងថា សេរីភាពសារព័ត៌មានភាពនៅកម្ពុជាកាន់តែប្រសើរ។

 
CCHR ពិនិត្យឃើញថានៅប៉ុន្មានឆ្នាំចុងក្រោយនេះ សេរីភាពសារព័ត៌មានរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដោយអ្នកសារព័ត៌មានរងការបំភិតបំភ័យពីការឃ្លាំមើល គំរាម និង យាយីតាមប្រព័ន្ធតុលាការ ខណៈពួកគេបំពេញការងារ។ ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានរងការដៅមុខសញ្ញា ក្នុងការរំលោភបំពានទាំងនេះ។ 
 
ក្នុងសេចក្ដីថ្លែងការងាររបស់ CCHR ដែលចេញកាលពីថ្ងៃទី២៧មេសា បង្ហាញថា ចាប់ថ្ងៃទី១កញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១សីហា ឆ្នាំ២០២១ មានអ្នកសារព័ត៌មានយ៉ាងហោចណាស់៩នាក់ ប្រឈមនឹងការយាយីតាមប្រព័ន្ធតុលាការ។ ពួកគេទាំងនោះ ត្រូវបានគំរាមកំហែងនិងកោះហៅពីតុលាការ រួមទាំងចាប់ខ្លួននិងផ្តន្ទាទោស ដោយហេតុផលនយោបាយ។ រយៈពេលដូចគ្នានេះដែរ អាជ្ញាបណ្ណសារព័ត៌មាន៧ស្ថាប័ន ត្រូវបានក្រសួងព័ត៌មានដកហូតវិញ។ 
 
«លើសពីនេះ អ្នកសារព័ត៌មានបានប្រឈមនឹងឧបសគ្គផ្សេងៗក្នុង ការទទួលព័ត៌មានដែលកាន់កាប់ដោយអាជ្ញាធរកម្ពុជា ជាងនេះទៅទៀត យុត្តិធម៌ក៏ពុំទាន់ត្រូវបានផ្ដល់ឲ្យអ្នកសារព័ត៌មានភាគច្រើន ដែលត្រូវបានសម្លាប់នៅកម្ពុជានាទសវត្សរ៍ចុងក្រោយនេះ»។ នេះបើតាមការសង្កត់ធ្ងន់របស់ CCHR ហើយបន្ថែមថា សេរីភាពសារព័ត៌មាននៅតែដើរតួនាទីសំខាន់ ក្នុងការលើកកម្ពស់ចំណេះដឹង បញ្ហាប្រឈម និងការតស៊ូមតិ ។ 
 
ការលើកឡើងពីការធ្លាក់ចុះនៃលំហរសេរីភាពសារព័ត៌មាន ការរំលោភបំពាន់ពី និងការធ្វើទុក្ខបុកម្នេញទាំងខាងលើ ត្រូវបានលោក មាស សោភ័ណ្ឌ ច្រានចោលថា ជាករណីមិនពិត។ លោកបកស្រាយថា សេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានធានាការពារយ៉ាងគត់មុត ដោយច្បាប់របបសារព័ត៌មាន រួមទាំងច្បាប់លិខិតបទដ្ឋានគតិយុត្តិនានា។ តាមច្បាប់នេះ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន គ្រប់និន្នាការអាចបំពេញតួនាទីភារកិច្ច និងអនុវត្តសេរីភាពរបស់ពួកគេ ដោយសេរីនិងស្មើភាពគ្នាគ្រប់កន្លែង។ 
 

លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន។  
លោកអះអាងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា៖ «ពុំមានការរើសអើង ឬបំពានសិទ្ធិសេរីភាព ឬគំរាមកំហែង ដូចការលើកឡើងរបស់អង្គការនេះ នោះទេ»។ 
 
អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ក្រសួងព័ត៌មានតែផ្ដល់ការទទួលស្គាលភាពស្របច្បាប់ និងផ្ដល់តម្លៃដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានស្មើៗគ្នា ដោយមិនបែងចែកនិន្នាការនយោបាយឬអង្គភាពឡើយ។ «រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអនុវត្តសេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែមានភាពប្រសើរជាលំដាប់»។ នេះជាការកត់សម្គាល់របស់លោក មាស សោភ័ណ្ឌ ដោយបង្ហាញថា បច្ចុប្បន្ននេះ អង្គភាពផ្សព្វផ្សាយទាំងបែបប្រពៃណី និងបែបទំនើបឌីជីថលមានជាង២១០០អង្គភាព និងមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបំពេញការងារនៅកម្ពុជា ជិត៦ពាន់នាក់។ 
 
ដូច្នេះ លោកសន្មត់ថា កម្ពុជាមានសេរីភាពសារព័ត៌មានល្អប្រសើរ មិនដូច CCHR លើកឡើងឡើយ។ ជាមួយគ្នាដែរ ក្រសួងព័ត៌មានដែលជាសេនាធិការរបស់រដ្ឋាភិបាល នឹងបន្តជំហរគាំទ្រ  និងខិតខំលើកកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា  ដោយអនុលោមទៅច្បាប់និងលិខិតបទដ្ឋាន គតិយុត្តិ៕ 
 

Tag:
 សេរីភាពសារព័ត៌មាន
  CCHR
  ក្រសួងព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com