ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកតាមដានសង្គម ស្នើរដ្ឋជួយសម្រួលឱ្យពលករចំណាកស្រុកមកបោះឆ្នោត ប៉ុន្តែរដ្ឋ ថាពុំមានលទ្ធភាព
30, Apr 2022 , 4:40 pm        
រូបភាព
ក្រុមការងារអង្គការសង់ត្រាល់ បានចុះសួរសុខទុក្ខ និងនាំយកស្បៀងទៅចែកជូនពលករកម្ពុជា ដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃ ។ រូបភាពត្រូវបានបង្ហោះលើហ្វេសប៊ុកអង្គការសង់ត្រាល់ កាលពីថ្ងៃទី១៩ មេសឆា ២០២២
ក្រុមការងារអង្គការសង់ត្រាល់ បានចុះសួរសុខទុក្ខ និងនាំយកស្បៀងទៅចែកជូនពលករកម្ពុជា ដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃ ។ រូបភាពត្រូវបានបង្ហោះលើហ្វេសប៊ុកអង្គការសង់ត្រាល់ កាលពីថ្ងៃទី១៩ មេសឆា ២០២២
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ អ្នកតាមដានសង្គម ស្នើឱ្យរដ្ឋាភិបាល ជួយសម្រួលដល់ពលករចំណាកស្រុក ឱ្យត្រឡប់មកបោះឆ្នោតជ្រើសរើសតំណាងឃុំសង្កាត់ ដែលពួកគេត្រូវការ ។ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា រដ្ឋាភិបាលពុំទាន់មានលទ្ធភាពធ្វើបែបនោះឡើយ។


 
លោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងពលករទេសន្តរប្រវេសន៍ ហៅកាត់ សង់ត្រាល់ បានលើកឡើងថា រដ្ឋាភិបាលគួរតែសហការជាមួយអាជ្ញាធរថៃ លើកលែងជុំវិញការចាយវាយរបស់ពលករ ក្នុងការធ្វើដំណើរមកបោះឆ្នោតនៅកម្ពុជា ដើម្បីកុំឱ្យពួកគេចំណាយប្រាក់ច្រើន ព្រោះដែលនាំ​ឱ្យជួបផលលំបាកលើកត្តាជីវភាព។ 
 
លោក ថេហូយ៉ា បានថ្លែងនៅក្នុងឱកាសអបអរទិវាពលកម្មអន្តរជាតិខួបលើកទី១៣៦ ក្រោមប្រធាន "ផ្តល់ការគាំពារ និងសិទ្ធិបោះឆ្នោតដល់ពលករចំណាកស្រុក" នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២ថា៖ « រដ្ឋត្រូវលើកលែងលើការចំណាយ visa ចេញចូលរបស់ពលករ។ សម្របសម្រួលរយៈពេលឆោះឆ្នោតធ្វើយ៉ាងណាឱ្យពួកគាត់អាចមកបោះឆ្នោតបាន ដោយមិនចំណាយប្រាក់ច្រើន។ រដ្ឋត្រូវសហការជាមួយអាជ្ញាធរថៃ ឱ្យពួកគេសុំច្បាប់ពីកន្លែងការងារ ដើម្បីមកចូលរួមបោះឆ្នោត»។
 
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា គ.ជ.ប ពុំទាន់អាចសម្របសម្រួលឱ្យខុសពីច្បាប់ចែងពីការរៀបចំការិយាល័យបោះឆ្នោតនៅតាមឃុំ សង្កាត់ ដែលជាមណ្ឌលបោះឆ្នោតទាំង ១៦៥២ បានឡើយ។ ព្រោះប្រសិនបើ គ.ជ.ប រៀបចំការិយាល័យខុស ពីទីតាំងនៅឃុំសង្កាត់ នោះគឺ គ.ជ.ប ខ្លួនឯងមិនគោរពច្បាប់។
 
លោក ពុទ្ធា បានបន្ថែមថា ជុំវិញបញ្ហាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនេះ គ.ជ.ប ក៏បានសហការជាមួយស្ថានទូតនានា ដោយប្រកាសផ្សាយឱ្យពលករ និស្សិត និងអ្នកធ្វើការ និងរស់នៅទីនោះ ដែលមានបំណងមកបោះឆ្នោត ឱ្យត្រឡប់មកក្នុងប្រទេសវិញ។
 
តែយ៉ាងណាលោក ឌី ថេហូយ៉ា ស្នើឱ្យធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ដើម្បីសម្របសម្រួលឱ្យមានការបោះឆ្នោតតាមអនឡាញ តាមស្ថានទូត កុងសូល ដូចជានៅប្រទេសថៃ ម៉ាឡេ និងនៅប្រទេសកូរ៉េជាដើម។
 
សម្រាប់ចំណុចនេះ មន្ត្រីនាំពាក្យ គ.ជ.ប លោក ហង្ស​ ពុទ្ធា បានបន្តថា ការរៀបចំការបោះឆ្នោតតាមអនឡាញ តាមស្ថានទូតខ្មែរនៃប្រទេសដែលពលរដ្ឋខ្មែរ បានទៅធ្វើការ និងរស់នៅនេះ គឺគ.ជ.ប. មិនអាចរៀបចំបាននោះទេ។ ចំណែកការធ្វើវិសោធនកម្មច្បាប់ ក៏មិនមែនជាតួនាទីរបស់ គ.ជ.ប ទេ គឺមានតែតំណាងរាស្រ្ត ឬអាជ្ញាធរ ដែលអាចលើកឡើងទៅរដ្ឋាភិបាល ដើម្បីធ្វើវិសោធនកម្មច្បាប់។ គ.ជ.ប រង់ចាំតែអនុវត្តប៉ុណ្ណោះ។
 
លោក ហង្ស ពុទ្ធា បញ្ជាក់បែបនេះ៖ « រដ្ឋាភិបាលមិនទាន់អាចធ្វើបានទេ។ ការរិយាល័យមានជាង ២ម៉ឺន ហើយឃុំសង្កាត់ ១៦៥២។ អ៊ឹចឹងបើស្ថានទូតមួយមានការិយាល័យបោះឆ្នោត សម្រាប់ឃុំសង្កាត់ ១៦៥២។ តើមានការងារអ្វីខ្លះ ដែលត្រូវធ្វើ? អ៊ឹចឹងសរុបមកច្បាប់នៅតែមិនមានចែងឱ្យរៀបចំការបោះឆ្នោតតាមអនឡាញ និងតាមសា្ថនទូតនៅក្រៅប្រទេសទេ»។
លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាពុំទាន់មានលទ្ធភាព សម្រួលរៀបចំឱ្យពលករចំណាកស្រុក អាចមកបោះឆ្នោតបានក្នុងប្រទេស ក៏ដូចជាបោះឆ្នោតពីចម្ងាយតាមអនឡាញ ឬតាមស្ថានទូតកម្ពុជាប្រចាំប្រទេស ដែលពួកគេរស់នៅបានទេ។
 
លោក ផៃ ស៊ីផាន បានអះអាងថា៖ « យើងឥឡូវនេះ អត់មានលទ្ធភាពធ្វើបានទេ។ បោះឆ្នោតជ្រើសរើសអ្នកតំណាងនៅក្នុងមូលដ្ឋាន គឹដើម្បីអ្នករស់នៅក្នុងមូលដ្ឋាន។ មិនមែនជាការបោះឆ្នោត រើសប្រធានាធិបតី ឬរើសអ្វីផ្សេងទេ គឺរើសអ្នកតំណាងសម្រាប់ប្រជាពលរដ្ឋ ផលប្រយោជន៍របស់អ្នកមូលដ្ឋាន ។ នេះជាសារៈសំខាន់»។
 
សូមជម្រាបថា ពលករកម្ពុជាដែលធ្វើការនៅក្រៅប្រទេសសរុបមានជាង ១លាន ៣សែននាក់ ក្នុងនោះធ្វើការនៅប្រទេសថៃចំនួន ១លាន ២សែននាក់, កូរ៉េខាងត្បូងជាង ៤,៥ម៉ឺននាក់,ម៉ាឡេស៊ី ២,៣ម៉ឺននាក់, ជប៉ុនជាង ១ម៉ឺននាក់, សិង្ហបុរី ៨០០នាក់, ហុងកុង ២០០នាក់ និងអារ៉ាប៊ីសាអូឌីត ៤៣នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com