ជាតិ
រដ្ឋបាលខេត្តសៀមរាប ឱ្យពលរដ្ឋប្រគល់ឧបករណ៍នេសាទខុសច្បាប់ដល់ខ្លួន
30, Apr 2022 , 10:40 pm        
រូបភាព
អ្នកនេសាទនៅភូមិចុងឃ្នៀស កំពុងរើសត្រីលក់ឲ្យឈ្មួញ នៅខែតុលា ឆ្នាំ២០២១។
អ្នកនេសាទនៅភូមិចុងឃ្នៀស កំពុងរើសត្រីលក់ឲ្យឈ្មួញ នៅខែតុលា ឆ្នាំ២០២១។
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប តម្រូវឱ្យប្រជានេសាទទាំងអស់ ប្រមូលឧបករណ៍នេសាទដែលខុសច្បាប់ ជូនអាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋានរៀងៗខ្លួន។ វិធានការរបស់រដ្ឋបាលខេត្តសៀមរាបនេះ គឺ​ដើម្បីចូលរួមទប់ស្កាត់បទល្មើសនេសាទក្នុងដែននេសាទបឹងទន្លេសាប។

 
រដ្ឋបាលខេត្តសៀមរាប តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន បានជម្រាបទៅប្រជានេសាទទាំងអស់ស្ដីពីការដកហូតឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដែលអាជ្ញាធរនឹងចុះប្រមូលតាមមូលដ្ឋាន រហូតដល់ថ្ងៃទី១៥ ខែឧសភា។ រដ្ឋបាលខេត្តបានសរសេរក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៥ ខែមេសាយ៉ាងដូច្នេះថា៖« ប្រជានេសាទទាំងអស់ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទល្មើសច្បាប់មានដូចជា អួនអូសទឹកសាប អាំងវិចទ័រឆក់ត្រី ម៉ាញ់ ឈិបយន្ត កន្រ្ដងអូសលៀសដោយម៉ាស៊ីន និងឧបករណ៍នេសាទដែលបង្កើតថ្មី ឬឧបករណ៍ ដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឧបករណ៍ល្មើសច្បាប់ដទៃទៀត ត្រូវប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជាកំហិត»។
 
ក្រៅពីនេះ រដ្ឋបាលខេត្តក៏ឱ្យប្រជានេសាទទាំងអស់ បញ្ឈប់ការប្រើប្រាស់ថ្នាំពុល សារធាតុគីមី និងសកម្មភាពផ្សេងទៀត ដែលបណ្ដាលឱ្យប៉ះពាល់ដល់ធនធានជលផលផងដែរ។ ​ករណីមិនអនុវត្តន៍តាមសេចក្ដីជូនដំណឹង អាជ្ញាធរនឹងមានវិធានការផ្លូវច្បាប់ជាធរមាន។
 
ជុំវិញវិធានការនេះ ប្រជានេសាទនៅតំបន់កំពង់ភ្លុក យល់ថា ធនធានជលផលក្នុងបឹងទន្លេសាបអាចនឹងល្អប្រសើរឡើងវិញ ប្រសិនបើអាជ្ញាធរអនុវត្តន៍បានល្អ និងតម្លាភាព។ លោក ប៉ាន់ សម្បត្តិ គាំទ្រចំពោះវិធានការរបស់រដ្ឋបាលខេត្ត ដែលសម្រេចដកហូតរាល់ឧបករណ៍នេសាទខុសច្បាប់ ក្នុងបំណងទប់ស្កាត់បទល្មើសជលផលក្នុងបឹងទន្លេសាប។ 
 
លោក ប៉ាន់ សម្បត្តិ៖«មានអីគាំទ្រតើ តែត្រូវដកហូតទាំងអស់គ្នា ទូទាំងទន្លេសាប អរដែរ ឱ្យតែធ្វើត្រូវច្បាប់ កុំឱ្យតែមិនត្រូវច្បាប់ អាយកច្បាប់ទៅអង្គុយពីលើទៅ លើកមុនយកច្បាប់អង្គុយពីលើហើយ ចាប់ទៅយកលុយ២០ ៣០ម៉ឺន[រៀល] ទៅបាត់»។ លោកបន្តថា៖« បើគេធ្វើតាមច្បាប់ គេមានពាក់មី [វិក័យបត្របង់ពន្ធប្រចាំឆ្នាំ] ដូចពីដើមមក គេឱ្យរកត្រូវច្បាប់ ត្រីចេះតែសម្បូរទៅ រកបាន រកឱ្យត្រូវច្បាប់ទាំងអស់គ្នាវិញទៅ ត្រីត្រូវវិញហើយ យើងរាយសន្ទួចទៅ រាយមោងទៅ អ្នកណាកន្សុំក៏កន្សុំទៅ តាមលក្ខណៈគ្រួសារទៅណា»។
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទ លោក ប៉ាន់ សម្បត្តិ ដែលមានរបរដាក់លប បង្ហាញអារម្មណ៍សោកស្ដាយ ចំពោះឧបករណ៍នេសាទរបស់លោក ដែលត្រូវអាជ្ញាធរចុះកាប់ចោលកាលពីថ្ងៃទី២៦ មេសា កន្លងទៅ។ កាន់តែសោកស្ដាយទៀតនោះ គឺលោកទើបបង់ប្រាក់ ទៅស្ថាប័នជំនាញដែលតែងចុះយកពីប្រជានេសាទ ប្រមាណ៣០ម៉ឺនរៀល ហើយក្នុងមួយឆ្នាំៗ បង់ចំនួន៣ដង ដែលសរុបទាំងអស់ជាង២លានរៀល។ 
 
លោក ប៉ាន់ សម្បត្តិ សុំឱ្យអាជ្ញាធរខេត្ត ជួយដោះស្រាយបញ្ហានេះ ខណៈដែលមិនបានចុះនេសាទហើយ មន្រ្តីថ្នាក់ក្រោម បែរជាចុះប្រមូលប្រាក់ពីប្រជានេសាទ នៅពេលមានការរិតបន្ដឹងការនេសាទក្នុងបឹងទន្លេសាបទៅវិញ៕
 

Tag:
 ជលផល
  នេសាទ
  បឹងទន្លេសាប
  បទល្មើសនេសាទ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com