ជាតិ
ខេត្តព្រះសីហនុ នឹងរៀបចំតាំងពិព័រណ៍ម្ហូបខ្មែរ រយៈពេល៤ថ្ងៃ
01, May 2022 , 9:16 am        
រូបភាព
ដោយ:
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ម្ហូបខ្មែរ អមជាមួយការប្រកួតធ្វើម្ហូបរបស់និស្សិត ជំនាញទេសចរណ៍ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៦ឧសភា នៅទីលានតេជោ (ពយតាមូង) ក្នុងក្រុងព្រះសីហនុ។​ នេះបើតាមសេចក្ដីប្រកាសរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។​

 
យោងតាមសេចក្ដីជូនដំណឹងដដែល ការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ម្ហូប និង ផលិតផលខ្មែរនេះ ក្នុងគោលបំណងបង្ហាញ និងលើកតម្កើងម្ហូបខ្មែរ ដើម្បីទាក់ទាញទេសចរជាតិ និង អន្តរជាតិ។ លើសពីនេះព្រឹត្តិការណ៍ពិព័រណ៍ខ្មែរ ក៏ជាផ្នែកមួយបង្ហាញសក្តានុពលតំបន់ឆ្នេរ និងទីតាំងទេសចរណ៍ផ្សេងៗទៀតក្នុងខេត្តព្រះសីហនុផងដែរ។
 
ក្រៅពីការតាំងពិព័រណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុក៏នឹងរៀបចំការប្រកួតម្ហូបអាហារ និងភេសជ្ជៈខ្មែររបស់និស្សិត ជំនាញទេសចរណ៍ និងការប្រណាំងកង់។ ជាមួយគ្នានេះទេសចរក៏អាចដើរទស្សនាតំបន់ទេសចរណ៍ផ្សេងៗទៀតនៅតំបន់ឆ្នេរ និងទស្សនារូបសំណាកធំៗជាច្រើនដូចជាសំណាកព្រះថោង-នាងនាគ រូបបដិមាព្រះឧមា-មហេសូរ និងរូបសីហរាជមុខ៣៕
 

Tag:
 ព្រះសីហនុ
  ពិព័រណ៍ម្ហូបខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com