ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី ដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ ដើម្បីស្នើឱ្យដោះលែងលោក សៀម ភ្លុក
01, May 2022 , 10:53 am        
រូបភាព
លោក សៀម ភ្លុក ជាស្ថានិកគណបក្សបេះជាតិ។
លោក សៀម ភ្លុក ជាស្ថានិកគណបក្សបេះជាតិ។
ដោយ៖ ញឹក សំអូន
 
ភ្នំពេញ៖ លោក ជូង ជូងី មេធាវីការពារក្ដីឱ្យលោក សៀម ភ្លុក ជាស្ថានិកគណបក្សបេះដូងជាតិ​ បានដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ ដើម្បីស្នើឱ្យដោះលែងកូនក្ដីរបស់លោកវិញ។



លោក ជូង ជូងី បានប្រាប់សារព៍ត៌មានថ្មីៗ(ThmeyThmey) នៅថ្ងៃទី ៣០ ខែមេសានេះថា លោក ពុំដឹងច្បាស់ពីមូលហេតុការចាប់ខ្លួនរបស់លោក សៀម ភ្លុក ដូច្នេះទើបលោកស្នើឱ្យសាលាឧទ្ធរណ៍ពិនិត្យមើល និងដោះលែងកូនក្តីខ្លួនវិញ។ លោកមេធាវីនិយាយថា៖ «ខ្ញុំអត់ដឹងមូលហេតុច្បាស់ទេ ព្រោះខ្ញុំអត់ទាន់បានសំណុំរឿងនៅឡើយ»។
 
សូមរំឮកថា លោក លិ សុខា ចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ បានសម្រចឃុំលោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ជាបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ម១) នៃពន្ធនាគារព្រៃស។ ដីកាបង្គាប់ឱ្យឃុំលោក សៀម ភ្លុក ចេញនៅថ្ងៃ២៧ ខែមេសា ឆ្នាំ២០២២។
 
លោក សៀម ភ្លុក ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង។ លោក រងបទចោទទាំង ២នេះ ដោយសារក្រសួងមហាផ្ទៃ រកឃើញថា លោក និងមន្រ្តីផ្សេងទៀតនៃគណបក្សបេះដូងជាតិ ក្លែងបន្លំស្នាមមេដៃ ក្នុងការសុំបង្កើតគណបក្សនេះ។ មន្រ្តីជាង ២០នាក់ទៀតនៃគណបក្សបេះដូងជាតិ ក៏រងការចោទប្រកាន់ពីបទបន្លំ និងបទប្រើប្រាស់លិខិតក្លែងដែរ។
 
ដោយសាររកឃើញថា ស្ថាបនិកគណបក្សបេះដូងជាតិ ក្លែងបន្លំស្នាមមេដៃ ក្រសួងមហាផ្ទៃ សម្រេចមិនចុះឈ្មោះឱ្យគណបក្សនេះ ចូលទៅក្នុងបញ្ជីគណបក្សនយោបាយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com