ជាតិ
រដ្ឋ ចំណាយថវិកាជាង២៧លានដុល្លារ ដល់ស្ត្រីសម្រាលកូន នា៤ឆ្នាំនេះ
01, May 2022 , 11:38 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ជួបសួរសុខទុក្ខសំណេះសំណាលជាមួយកម្មករកម្មការិនី នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីខែតុលា ២០១៨។ រូបពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ជួបសួរសុខទុក្ខសំណេះសំណាលជាមួយកម្មករកម្មការិនី នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីខែតុលា ២០១៨។ រូបពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ភ្នំពេញ៖ ៤ឆ្នាំមកនេះ រដ្ឋាភិបាល បានចំណាយថវិកាជាង២៧លានដុល្លារ ដើម្បីជួយដល់ស្ត្រីសម្រាលកូន។ នេះបើតាមការបញ្ជាក់របស់សម្ដេច ហ៊ុន សែន នៅក្នុងសារលិខិតអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ»។


រដ្ឋាភិបាលបានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេលសម្រាលកូន ចាប់តាំងពីឆ្នាំ២០១៨មក។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា នៅឆ្នាំ២០២១កន្លងមក ប.ស.ស. បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូន ចំនួន៦៥,៨៧១នាក់ ស្មើនឹងចំនួនកូន៦៦,៣៣៥នាក់ ដែលគិតជាទឹកប្រាក់សរុបចំនួន២៦.៥ប៊ីលានរៀល។
 
«បើគិតចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២១ ស្រ្តីសម្រាលកូនមានចំនួន២៨២,០៧៣នាក់ ដោយចំណាយថវិកាសរុបចំនួន១១៣.៦ប៊ីលានរៀល (ប្រមាណ២៧.៧លានដុល្លារអាមេរិក)»។ នេះបើតាមសារលិខិតសម្ដេច ហ៊ុន សែន។
 
សម្រាប់ការអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់នេះ រដ្ឋាភិបាល បានសម្រេចឱ្យកម្មការិនីក្រោយសម្រាលកូនបាន១នាក់ ៤០ម៉ឺនរៀល។ បើសម្រាលបានកូនភ្លោះ រដ្ឋផ្ដល់ប្រាក់៨០ម៉ឺនរៀល ។ ហើយបើបានភ្លោះ៣នាក់វិញ ពួកគេទទួលបាន១,២លានរៀល ព្រមទាំងទទួលបានថវិកាបន្ថែម ៥លានរៀល ពីសម្ដេច ហ៊ុន សែន និងភរិយា ទៀតផង។ 
 
មិនតែប៉ុណ្ណោះ រដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចឱ្យកម្មការិនីទទួលបានប្រាក់ឈ្នួល១២០ភាគរយ និងឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសម្រាលកូន៕
 

Tag:
 កម្មករ
  ទិវាពលកម្មអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com