ជាតិ
ព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមបើកដំណើរការវិញ តែមានកំណត់លក្ខខណ្ឌមួយចំនួន
01, May 2022 , 2:36 pm        
រូបភាព
អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ដែលរដ្ឋាភិបាលសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១ មីនា ២០២២ (រូបពីក្រសួងទេសចរណ៍)
អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ដែលរដ្ឋាភិបាលសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១ មីនា ២០២២ (រូបពីក្រសួងទេសចរណ៍)
ដោយ៖ ញឹក សំអូន
 
ភ្នំពេញ៖ ច្រកព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមបើកដំណើរការឡើងវិញនាថ្ងៃទី១ ឧសភានេះ ប៉ុន្តែវិធានការសុខាភិបាលត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចុះផ្សាយនៅថ្ងៃទី០១ ខែឧសភា។

 
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់ថា អ្នកដំណើរចូលប្រទេសថៃ ត្រូវបែងចែកជា ៣ ប្រភេទ។ ទី១.អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ត្រូវចុះឈ្មោះ Thailand Pass មុនពេលធ្វើដំណើរ ដោយត្រួតពិនិត្យ និងសម្រេចផ្ដល់ Thailand Pass មិនលើសពី ៤៨ម៉ោង។ ជាពិសេសមិនតម្រូវឱ្យធ្វើតេស្ត RT-PCR ទាំងមុន និងចូលទៅប្រទេសថៃ។ ប៉ុន្តែបង្ហាញប័ណ្ណចាក់វ៉ាក់សាំង និងប័ណ្ណធានារ៉ាប់រងក្នុងរង្វង់ទឹកប្រាក់ ១ម៉ឺនដុល្លារ រួមទាំងត្រូវធ្វើតេស្តរហ័សដោយខ្លួនឯង អំឡុងពេលស្នាក់នៅប្រទេសថៃ។
 
ទី២. អ្នកដំណើរដែលមិនចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនពេញលេញ ត្រូវចុះឈ្មោះ Thailand Pass មុនពេលធ្វើដំណើរ ដោយត្រួតពិនិត្យ និងផ្ដល់ Thailand Pass មិនលើសពី ៤៨ម៉ោង។ អ្នកដំណើរតម្រូវឱ្យធ្វើតេស្ត RT-PCR មុនពេលធ្វើដំណើរមិនលើស ៧២ម៉ោង បើលទ្ធផលអវិជ្ជមាន អាចចូលទៅក្នុងប្រទេសថៃបាន។ ប៉ុន្តែបើតេស្ត RT-PCR វិជ្ជមាន តម្រូវឱ្យធ្វើចត្តាស័ក ៥ថ្ងៃ រួចធ្វើតេស្តម្ដងទៀតនៅថ្ងៃទី ៤ ឬទី៥។ ពួកគេ ក៏ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង និងប័ណ្ណធានារ៉ាប់រងក្នុងរង្វង់ទឹកប្រាក់ ១ម៉ឺនដុល្លារ ព្រមទាំងត្រូវធ្វើតេស្តរហ័សដោយខ្លួនឯង អំឡុងពេលស្នាក់នៅប្រទេសថៃ។
 
ទី៣. អ្នកដំណើរជាប្រជាជនក្នុងខេត្តជាប់ព្រំដែនដែលកាន់ប័ណ្ណព្រំដែន មិនតម្រូវឱ្យចុះឈ្មោះ​ Thailand ​​Pass ទេ, មិនតម្រូវឱ្យបង្ហាញប័ណ្ណធានារ៉ាប់រង តែត្រូវជាអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ។ ការធ្វើដំណើរត្រូវបានអនុញ្ញាត តែក្នុងតំបន់ដែលបានធ្វើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរតែប៉ុណ្ណោះ។ អាចស្នាក់នៅប្រទេសថៃបានមិនលើស ៣ថ្ងៃ។
 
សូមជម្រាបថា ខេត្តរបស់ប្រទេសថៃជាប់ច្រកព្រំដែនកម្ពុជា ដែលអាចធ្វើដំណើរចូលបាន រួមមាន ខេត្តស្រះកែវ ខេត្តសុរិន្ទ ខេត្តត្រាច ខេត្តចន្ទបុរី៕
 

Tag:
 ព្រំដែន
  កម្ពុជា-ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com