ជាតិ
ម្ហូបច្នៃពីត្រីចំនួន៥មុខ ដែលពលរដ្ឋរស់នៅតាមដងទន្លេមេគង្គលើ និយមយកមកទទួលភ្ញៀវ
01, May 2022 , 9:00 pm        
រូបភាព
ដោយ:
ស្ទឹងត្រែង៖ ពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង តាមដងទន្លេមេគង្គលើភាគច្រើនបរិគោគត្រីដែលនេសាទចេញពីតាមទន្លេមេគង្គ សេសាន សេកុង។ ពលរដ្ឋទាំងនោះ បានច្នៃសាច់ត្រីធ្វើជាអាហារដូចជា ភ្លាត្រី ចែវហន បុកម្ជូរត្រី ខ្នបត្រី និងប្រហិតត្រី។ ម្ហូបទាំងនេះ អាចប្លែកៗបន្ដិច ពីពលរដ្ឋរស់នៅភូមិភាគកណ្ដាល និងតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា។


ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គលើភាគច្រើន ជាជនជាតិខ្មែរកូនកាត់ មានខ្លះកាត់ជនជាតិឡាវ និងខ្លះទៀតកាត់ជនជាតិដើមដូចជា ព្នង កួយ ចារាយជាដើម។ នៅពេលមានពលរដ្ឋចម្រុះដោយជាតិសាសន៍ រស់នៅ ទើបជំរុញឱ្យតំបន់នេះមានភាពសម្បូរផ្នែកអាហារ និងរបៀបរបបក្នុងការបរិភោគប្លែកៗពីតំបន់ដទៃ។
 
ភ្លាត្រី៖ ម្ហូបប្រភេទនេះ ត្រូវបានពលរដ្ឋរស់នៅតាមដងទន្លេក្នុងខេត្តស្ទឹងត្រែងស្គាល់ និងនិយមបរិភោគ។ ពលរដ្ឋទូទៅច្រើនបរិភោគភ្លាសាច់គោ ក្ដាម និងគ្រឿងសមុទ្រ ប៉ុន្ដែភ្លាត្រីកម្រមានអ្នកបានស្គាល់ណាស់។ ពលរដ្ឋមួយចំនួន មិនដឹងថាត្រីអាចយកធ្វើភ្លាបានផង។ បច្ចុប្បន្នភ្លាត្រីនេះ ត្រូវបានសមាជិកសហគមន៍កោះហាន ចាត់ទុកជាម្ហូបមួយប្រភេទ សម្រាប់ទទួលភ្ញៀវទៅកម្សាន្តនៅតំបន់ខាងលើ។  រសជាតិរបស់ភ្លាត្រី អាចប្រហែលនឹងភ្លាសាច់គោ និងគ្រឿងសមុទ្រ ប៉ុន្ដែខុសត្រង់ប្ដូរជាសាច់ត្រី។ ចំណែកឯ រសរបស់វាអាចប្លែក សម្រាប់ពលរដ្ឋដែលធ្វើដំណើរពីតំបន់ផ្សេង។

 
ភ្លាត្រី


ចែវហន៖ ជាម្ហូបមួយប្រភេទ ដែលអាចរកបរិភោគបាននៅតាមផ្នែកខ្លះ ក្នុងខេត្តស្ទឹងត្រែង។ ម្ហូបប្រភេទនេះមើលទៅដូចជាស៊ុប ព្រោះមានបន្លែ និងសាច់ត្រី ទុកដាក់ពីខាងក្រោយ។ អ្វីដែលពិសេសនោះគឺ លោកអ្នក នឹងអាចសាករសជាតិត្រីទឹកសាបស្រស់ ដែលត្រូវបានគេរៀបចំដើម្បីអាចហូបជាមួយចែវហន។ ម្ហូបប្រភេទនេះ ត្រូវបានពលរដ្ឋនៅខេត្តស្ទឹងត្រែងហូបជាមួយបាយ។  រសរបស់ចែវហន ប្រហែលទឹកសម្លប្រហើរនំបញ្ចុក លាយជាមួយសម្លបឹងកញ្ឆែតត្រី។ ចំណែកឯបន្លែវិញ គេអាចដាក់បន្លែអ្វីក៏បានតាមចំណូលចិត្ត និងការនិយម។

 ចែវហន

បុកម្ជូរត្រី៖ ម្ហូបប្រភេទនេះ ប្រសិនបើអ្នកមិនធ្លាប់ស្គាល់ ប្រហែលគិតថា ជាប្រភេទម្ហូបញាំ ឬភ្លាត្រី ព្រោះរូបរាង្គខាងក្រៅចាប់ច្រឡំជាមួយម្ហូបពីប្រភេទនេះ។ សម្រាប់ម្ហូបប្រភេទនេះ លោកអ្នក នឹងប្លែករសជាតិបន្តិច ព្រោះនៅពេលបរិភោគ ពិតជាពិបាកប្រៀបធៀបរសជាតិអាហារផ្សេងណាស់។ រសជាតិមិនប្រៃមិនសាប ជូរតិចៗ និងមានលាយគ្រឿង និងបន្លែតាមតំបន់។
 
បុកម្ជូរត្រី


ខ្នបត្រី(ទឹក)៖ ខ្នបត្រីមានពីរប្រភេទ ទី១ខ្នបតី្រជាប្រភេទសម្លទឹក និងទី២ខ្នបត្រីគោក ត្រូវយកទៅដុះដូចប្រហុកដុត។ ខ្នបត្រីប្រភេទសម្លទឹក ត្រូវបានគេស្លដូចជាសម្លម្ជូរគ្រឿងត្រីរបស់ពលរដ្ឋរស់នៅភូមិភាគកណ្ដាលនៃប្រទេសកម្ពុជា។ រសជាតិរបស់ម្ហូបខ្នបត្រីប្រភេទទឹក មិនដិតដូចម្ជូរគ្រឿងត្រីទេ។

 
 ខ្នបត្រី(ទឹក)


ប្រហិតត្រី៖  ប្រហិតត្រីនេះឋ បានក្លាយជាម្ហូបមួយប្រភេទដែលពលរដ្ឋនៅរ៉ាមសារខេត្តស្ទឹងត្រែង ធ្វើសម្រាប់ទទួលភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់ដីសើម។ ប្រហិតត្រីរបស់ពលរដ្ឋ នៅតំបន់នេះ គេប្រើសាច់ត្រីស្រស់ដែលនេសាទបាន លាយជាមួយគ្រឿងបន្ថែមរសជាតិ និងម្សៅស្វិត បន្ទាប់មកគេយកទៅចៀន។ សម្រាប់ម្ហូបប្រភេទនេះ គេអាចហូបបានជាមួយបាយអង្ករខ្សាយ និងអង្ករដំណើម។ សម្រាប់ពលរដ្ឋដែលជាជនជាតិឡាវ ឬកូនកាត់ភាគច្រើនគេបរិភោគជាមួយបាយដំណើប៕ 
 

ប្រហិតត្រី

Tag:
 ខេត្តស្ទឹងត្រែង
  ម្ហូប
  ទន្លេមេគង្គលើ
  ត្រីទឹកសាប
© រក្សាសិទ្ធិដោយ thmeythmey.com