ជាតិ
ក្រូចឆ្មារខ្មែចាប់ឡើងថ្លៃ នៅរដូវប្រាំង
02, May 2022 , 8:00 am        
រូបភាព
សៀមរាប៖ ខុសពីបន្លែ និងរុក្ខជាតិដទៃ ដែលលូតលាស់ល្អនៅរដូវប្រាំង  ចំណែកផ្លែក្រូចឆ្មារខ្មែរ ដែលជាគ្រឿងទេសសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ មិនសូវមានផ្លែច្រើនទេ។ វាចាប់ផ្តើមខ្សត់ផ្លែនារដូវក្ដៅ ដែលធ្វើឱ្យតម្លៃហត់ឡើងបន្ដិច ខណៈដែលតម្រូវការបន្តកើនឡើង។

 
លោក ផាន់ ភឿង កំពុងប្រមូលបេះផ្លែក្រូចឆ្មារនៅក្រោយផ្ទះ នាភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង។ នៅចុងខែ មេសា នេះ ក្រូចឆ្មារលោក ភឿង ដែលដាំដុះបែបធម្មជាតិ ដាំផ្ទាល់ដី និងដើមចាស់ លាយថ្មីខ្លះ ផ្លែមិនសូវច្រើនទេ និងមានផ្លែតូចៗបន្ដិច។ ក្នុងមួយថ្ងៃ លោកអាចបេះក្រូចចាស់ៗឱ្យអ្នកប្រមូលទិញពី១០ ទៅ១៣គីឡូក្រាម ក្នុងតម្លៃ ៦ពាន់រៀល។ វ័យ ៥៨ឆ្នាំ កសិកររូបនេះបន្ថែមថា៖« តម្លៃទើបបាន៦ពាន់ក្នុងខែ៣នេះ មុនបេះលក់បាន ៤ពាន់ ក្នុងមួយគីឡូ»។ 
 
តម្លៃនៅលើទីផ្សារ ដែលឈ្មួញយកទៅលក់បន្ត ក្រូចឆ្មារខ្មែរក្នុងស្រុក តម្លៃពី៨ពាន់រៀល ទៅ១ម៉ឺន ហើយខ្លះលោតដល់១ម៉ឺន២ពាន់រៀលក្នុងមួយគីឡូក្រាម។ 
 
 
ពូជក្រូចឆ្មារថៃ អត់គ្រាប់ ដែលដាំក្នុងស្រុក បានចរាចរជំនួសក្រូចឆ្មារខ្មែរ ដែលជាពូជផ្លែតូច មានគ្រាប់ច្រើន។ ពូជក្រូចឆ្មារថៃ មានផ្លែធំ និងផ្លែច្រើន ងាយស្រួលលក់ សាច់ច្រើនជាងក្រូចខ្មែរ។  ប៉ុន្តែតាមការអះអាង ពីពលរដ្ឋអ្នកប្រើប្រាស់ ក្រូចប្រភេទនេះ មិនសូវសម្បូរទឹកទេ ហើយជាតិជូរក៏ខ្សោយជាងក្រូចខ្មែរដែរ។ 
 
អ្នកស្រី ម៉ារី អ្នកលក់សាច់គោអាំង និងស្លាបមាន់ នៅភូមិមួយនាសង្កាត់សំបួរ ប្រាប់ថា ក្រូចឆ្មារថៃមានតម្លៃធូរថ្លៃជាង ដែលក្នុងមួយគីឡូក្រាមតម្លៃត្រឹម ២ ៥០០រៀល នៅខែសម្បូរ ហើយក្នុងខែនេះ ឡើងខ្ទង់៦ពាន់រៀល ខណៈដែលក្រូចឆ្មារខ្មែរ តម្លៃពី៨ពាន់ ទៅ១ម៉ឺន២ពាន់រៀល ក្នុងមួយគីឡូក្រាម។ តែយ៉ាងណា អ្នកស្រីថា ការខ្សត់ក្រូចឆ្មារខ្មែរ ទើបអ្នកស្រី ទិញក្រូចឆ្មារផ្លែធំៗជំនួស។
 
 
អ្នកស្រី ម៉ារី រៀបរាប់ថា៖« វាតម្លៃខុសគ្នាតែ១ពាន់រៀលអីទេ នៅខែនេះ ប្រសិនមានក្រូចយើងនេះ ទិញមកហើយ ព្រោះវាឈ្ងុយជាង ជូរជាង ហើយទឹកច្រើនជាង។ ចំណែកក្រូចគេ ធំមែន តែសាច់ច្រើន ចឹងវាអត់ទឹក ហើយអត់ជូរឈ្ងុយទៀត»។
 
ក្នុងចម្ការដែលដាំជាលក្ខណៈគ្រួសារ នៅក្រោយផ្ទះខាងលិចកំពែងប្រាសាទបាគង លោក ភឿង មានដើមក្រូចឆ្មារ ជាង២០០ដើម។ ក្រៅពីនោះ ក៏មានដើមរុក្ខជាតិចម្រុះដទៃទៀតដែរ ដូចជាក្រូចពោធិ៍សាត់ តែមានចំនួនតិចដើម។ លោកមានប្រសាសន៍ថា ដំណាំជុំវិញផ្ទះនេះ បានជួយចិញ្ចឹមគ្រួសារលោកបានរាល់ថ្ងៃ ហើយលោកក៏បាច់ទៅធ្វើការងារ នៅខាងក្រៅដែរ៕
 

Tag:
 ក្រូចឆ្មារខ្មែរ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com