ជាតិ
អ្នករកស៊ីលក់ចំណីអាហារតាមម៉ូតូ ត្អូញត្អែរពីការធ្លាក់ចុះចំណូល ដោយសារសាំងឡើងថ្លៃ
02, May 2022 , 9:00 am        
រូបភាព
ដោយ៖ ញឹក សំអូន
ភ្នំពេញ៖ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរកស៊ីលក់ចំណីអាហារតាមម៉ូតូ ត្អូញត្អែរពីការធ្លាក់ចុះចំណូល ដោយសារសាំងឡើងថ្លៃ។ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ដដែលថា ប្រេងសាំងឡើងថ្លៃនេះ ជាលក្ខណៈសាកល ដែលពិបាកប៉ានស្មាន និងដោះស្រាយ។


ជាអាជីវករលក់ខ្ចៅស្ងោរដឹកតាមម៉ូតូម្នាក់ រស់នៅខណ្ឌចំការមន លោក ខន ដាណត់ បានត្អូញត្អែរពីការធ្លាក់ចុះចំណូល ដោយសារតែបញ្ហាតម្លៃសាំងឡើងថ្លៃជាបន្តបន្ទាប់។ លោក ដាណត់ ដែលធ្លាប់រកប្រាក់ចំណេញពី ៦០០០០រៀល ទៅ ៧០០០០រៀលក្នុងមួយថ្ងៃនោះ បានធ្លាក់មកសល់ត្រឹមតែ៤០០០០រៀលប៉ុណ្ណោះ។ នោះក៏ព្រោះតែលោក ដាណត់ ត្រូវការចំណាយច្រើនលើថ្លៃប្រេងសាំងម៉ូតូ សម្រាប់ដឹកខ្ចៅលក់នៅតាមគ្រប់ទីកន្លែងច្រកល្ហក។
 
លោក ដាណត់ ចំណាយលើថ្លៃសាំង៣លីត្រក្នុងមួយថ្ងៃ ដែលមានតម្លៃជិត៦០០០រៀលមួយលីត្រ ដែលជាប្រភេទសាំងដប។ មូលហេតុដែលលោក ដាណត់ ជិះម៉ូតូចាក់សាំងដបនេះ ព្រោះមិនហ៊ានចូលចាក់សាំងនៅស្ថានីយ៍ ដោយសារតែខ្លាចភ្លើងឆាបឆេះ។ នោះក៏ព្រោះតែម៉ូតូលោក ដាណត់ មានចង្រ្កានភ្លើងធ្យូងចំហ៊ុយខ្ចៅ។

 
 លោក ខន ដាណត់ អ្នកលក់ខ្ចៅស្ងោរ

ស្លៀកខោប៊យជើងខ្លី និងពាក់អាវក្រឡាខ្មៅដៃខ្លី ដោយមានពាក់ម៉ាស និងមួក យុវជនសម្បុរខ្មៅរូបនេះ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ដូច្នេះថា ៖«​ខ្ញុំចំណាយថ្លៃសាំងអស់ច្រើន អ៊ឹចឹងចំណេញបានតិច។ ថ្ងៃខ្លះលក់អត់សូវដាច់ គិតថ្លៃហូប ថ្លៃដើម ខាតក៏មានដែរ។ ពេលខ្ញុំយក(ខ្ចៅ)មក ១ធុង តម្លៃ ១២០ ០០០រៀល ខ្ញុំលក់វិញ ១កំប៉ុង ៣ ០០០រៀល»។
 
បើកម៉ូតូដឹកខ្ចៅ២កញ្ច្រែងលក់តាមផ្លូវ ជារៀងរាល់ថ្ងៃនេះ ដាណត់ ត្រូវជិះកាត់ពីខណ្ឌមួយ ទៅខណ្ឌមួយទៀតក្នុងរាជធានីភ្នំពេញ។ ហើយបើសិនជាលក់មិនសូវដាច់វិញ បុរសសម្បុរខ្មៅ មាឌតូចរូបនេះ ត្រូវជិះម៉ូតូ ដឹកខ្ចៅទៅលក់មុខរោងចក្រម្ដុំតំបន់សេដ្ឋកិច្ចពិសេស នៅលើកំណត់ផ្លូវជាតិលេខ៣ ដែលមានចម្ងាយឆ្ងាយពីកន្លែងស្នាក់នៅរបស់ខ្លួននេះទៀតផង។
 
« ខ្ញុំលក់នៅភ្នំពេញពេលព្រឹកពីម៉ោង ១១ ដល់ ១២ថ្ងៃត្រង់ ទើបខ្ញុំចេញទៅលក់តាមផ្លូវជាតិលេខ៣។ ខ្ញុំលក់ដល់ផ្សារព្រៃទទឹង រួចត្រឡប់មកក្រោយវិញ ដើរលក់នៅផ្សារតូចតំបន់សេដ្ឋកិច្ចពិសេស និងម្ដុំខណ្ឌកំបូល»។ នេះបើតាមលោក ដាណត់ ដែលបានតាំងចិត្តថា បើទោះជាសាំងឡើងថ្លៃ ហើយពេលខ្លះលក់មិនសូវដាច់យ៉ាងណាក្ដី ក៏ខ្លួនមិនដែលមានគំនិតបោះបង់ចោលមុខរបរលក់ខ្ចៅដែរ ព្រោះវាជារបរអាចរកចំណូលឱ្យគ្រួសារ។
 
អ្នកស្រី ហ៊ុន ស្រីសៀម ប្រកបរបរលក់គ្រឿងកំប៉ុង និងភេសជ្ជៈ ដោយរួមមាន តែក្រូចឆ្មារ កាហ្វេផងនោះ បានបើកម៉ូតូដឹកភេសជ្ជៈលក់ចល័តនៅតាមតំបន់នានា ក្នុងរាជធានីភ្នំពេញ។ ម្ដុំផ្សារទួលទំពូង ផ្សារបឹងត្របែក ផ្សារដើមថ្កូវ និងខណ្ឌមួយចំនួនទៀតក្នុងភ្នំពេញ សុទ្ធតែជាទីតាំងលក់កាហ្វេ តែក្រូចឆ្មារ និងគ្រឿងភេសជ្ជៈកំប៉ុង របស់អ្នកស្រី សៀម។ 
 
អ្នកស្រី សៀម អាចរកចំណូលសុទ្ធបាន ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ខណៈដើមទុនចំណាយអស់ជាង ២០ម៉ឺនរៀល។ អ្នកស្រី សៀម អាចរកប្រាក់ចំណេញបានច្រើនគួរសម តាមរយៈរបរមួយនេះ ប៉ុន្តែការឡើងថ្លៃប្រេងសាំងនេះ ក៏អាចធ្វើប្រាក់ចំណេញអ្នកស្រី សៀម ថមថយខ្លះដែរ ក្រៅពីលើការចំណាយផ្សេងៗ។

 
 អ្នកស្រី ហ៊ុន ស្រីសៀម ប្រកបរបរលក់គ្រឿងកំប៉ុង និងភេសជ្ជៈ

តាមរយៈរបរនេះ អ្នកស្រី សៀម ត្រូវចំណាយលើថ្លៃប្រេងសាំងអស់មួយថ្ងៃ ២លីត្រ ដោយមួយលីត្រនៅតាមស្ថានីប្រេងឥន្ទនៈតម្លៃ ៥២០០រៀល សម្រាប់សាំងធម្មតា ប៉ុន្តែពេលខ្លះអ្នកស្រី ក៏ចាក់សាំងដបតម្លៃ ៥៥០០រៀល ក្នុងមួយលីត្រ។ ចំណែកទំនិញ ដែលអ្នកស្រី សៀម យកមកលក់ បានឡើងថ្លៃគ្រប់មុខផងដែរ។
 
ក្នុងសម្លៀកបំពាក់ខោពណ៌ផ្កាឈូក អាវពណ៌ទឹកក្រូចចាស់ ស្ត្រីសម្បុរស្រអែមរូបនេះ បាននិយាយថា៖ «កាលមុនសាំងរៀងធូរថ្លៃចំណេញបានគ្រាន់បើតិច ពេលសាំងឡើងថ្លៃលក់មិនសូវចំណេញទេ។ ខ្ញុំលក់តម្លៃ ៣០០០រៀលថេរគ្រប់មុខ។ ខ្ញុំយកទំនិញមកថ្លៃក៏លក់ប៉ុណ្ណឹង អ៊ឹចឹងខ្ញុំចំណេញតិចច្រើនតាមហ្នឹងដែរ»។
 
លោក វ៉ន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា សាំងឡើងថ្លៃបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសអ្នកប្រកបមុខរបរដឹកជញ្ជូនភ្ញៀវទេសចរ ឬសម្ភារផ្សេងៗ ។
 
លោក ប្រាប់ដូច្នេះថា៖«គួបផ្សំសាំងឡើងថ្លៃ រួមទាំងកូវីដ-១៩ទៀត ដែលកំពុងរាតត្បាតចូលសហគន៍ផង អ្នកធ្វើដំណើរក៏គ្មាន អ៊ីចឹងហើយផលប៉ះពាល់ខ្លាំង គឺប្រាក់ចំណូលពួកគាត់ធ្លាក់ចុះ ដែលគ្មានតុល្យភាពនឹងការចំណាយទៅលើថ្លៃសាំង ឬហ្កាសនេះទេ»។
 
ជុំវិញបញ្ហានេះលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា បច្ចុប្បន្នប្រេងសាំងអន្តរជាតិកំពុងឡើងថ្លៃ ជាលក្ខណៈសាកល ទាំងប្រេងសាំង ឬប្រេងចម្រាញ់ ដែលពិបាកដោះស្រាយ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២៧ មេសាថា៖ «កាលណាប្រេងសាំងឡើងថ្លៃ ប្រេងចម្រាញ់រួចក៏ឡើងថ្លៃដែរ។ សប្ដាហ៍មុន មានការចុះថ្លៃបន្តិច តែថ្ងៃនេះទើបថ្ងៃ ២៧ មេសាទេ អ៊ឹចឹងត្រូវចាំ ៣ថ្ងៃទៀត ទើបអាចកំណត់តម្លៃប្រេងសាំងថ្មី។ យើងត្រូវចាំមើលតម្លៃប្រេងអន្តរជាតិ ទើបអាច​គណនាដឹងថា សាំងមានតម្លៃប៉ុន្មាន»។
 
លោក ប៉ែន សុវិជាតិ ក៏មិនទាន់អាចបញ្ជាក់ថា តម្លៃប្រេងសាំងអាចធ្លាក់ចុះវិញនៅពេលណា ឬក៏អាចឡើងបន្តទៀតនោះដែរ។
 
លោក វន់ ពៅ បានបន្ថែមថា​កាលណាសាំងឡើងថ្លៃ ទំនិញសព្វសារពើក៏ឡើងថ្លៃដូចគ្នា។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ ស្នើឱ្យរដ្ឋត្រូវពិនិត្យមើលឡើងវិញ នូវពន្ធនាំចូល ឬពន្ធលក់ចេញ ដើម្បីបញ្ចុះតម្លៃពន្ធ។ ជាពិសេសក្រសួង ត្រូវសហការជាមួយក្រុមហ៊ុន ប្រេងឥន្ធនៈទាំងអស់ ដើម្បីចរចាកុំឲ្យក្រុមហ៊ុនទាំងនោះ លក់យកតម្លៃចំណេញខ្ពស់ពេក៕
 

Tag:
 ប្រេងសាំង
  សេដ្ឋកិច្ចក្រៅប្រព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com