ជាតិ
អ្នកជំនាញអន្តជាតិ សន្និដ្ឋានថា អន្លង់ជ្រៅៗក្នុងទន្លេមេគង្គខេត្តស្ទឹងត្រែង ជាជម្រកត្រីប្រភេទកម្រ
01, May 2022 , 4:01 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រុមអ្នកស្រាវជា្រវអន្តរជាតិ បានចុះសិក្សាជម្រៅក្រោមផ្ទៃទឹកនៃទន្លេមេគង្គនៃប្រទេសកម្ពុជា ចាប់ផ្ដើមនៅថ្ងៃទី២៣ ដល់២៩ ខែមេសា ឆ្នាំ២០២២។ ការស្រាវជ្រាវនេះ បានបង្ហាញថា នៅក្រោមទឹកមានអន្លង់ជ្រៅ ប្រៀបបានពិភពលាក់កំបាំង ដែលអាចជាជម្រកសម្រាប់ត្រីប្រភេទកម្រ និងប្លែកៗ នៅក្នុងទឹកសាប។


ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ជាទីតាំងមួយដែលសម្បូរទឹកជួរ និងល្បាក់ខាន ដែលអនុគ្រោះដល់ការរស់នៅ និងលាក់ខ្លួនរបស់មច្ឆជាតិ ជាច្រើនប្រភេទ ជាពិសេសត្រីប្រភេទកម្រ និងជិតផុតពូជផង។ ថ្មីៗនេះ អ្នកស្រាវជ្រាវសមុទ្រជ្រៅៗ អ្នកនាង កាកានី  កាទីចា និងក្រុមអ្នកសិក្សាស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវជលផលវប្បដ្ឋានម៉ុងតឺរីបេយ៍  និងលោក ខេននី ប្រ៊ដ ដែលជាសាស្រ្តចារ្យ សកលវិទ្យាល័យ មៃអាមី, អ្នកវិទ្យាសាស្ត្របរិស្ថាន, អ្នកសិក្សាជម្រៅទឹកក្នុងរូងភ្នំ និងបុគ្គលិកឆ្នើមNational gograpic Explorer ​បានចុះសិក្សាជម្រៅក្រោមទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង​ ដើម្បីស្វែងយល់ពីអន្លង់ជ្រៅៗនៅបាតទន្លេ។ 
 
លោក ហ្សេប ហូហ្គេន ជីវវិទូមច្ឆជាតិ និងជាអ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលគាំទ្រថវិកាដោយ USAID បានលើកឡើងថា ក្រោមទឹកទន្លេមេគង្គនៃខេត្តស្ទឹងត្រែង ហាក់ដូចជាពិភពលោកមួយផ្សេងទៀត ដែលអាចជាអាណាចក្រលាក់កំបាំង ដោយមានលំហងងឹត ពាសពេញដោយត្រីដ៏កម្រ និងប្លែក ដូចជាត្រីបបែលយក្ស និងត្រីរាជ។  ជាមួយការរកឃើញនេះ លោក ហូហ្គេន បានបន្ថែមថា បញ្ហាប្រឈមនៃការចុះដល់បាតទន្លេ ដែលមានជម្រៅជ្រៅបំផុតនេះ គឺភាពងងឹត និងស្ងាត់ឈឹង ខណៈក្នុងទឹកសម្បូរដោយភាគល្អិតនិងក្រាស់ៗ។
 
 
លោក ហ្សេប ហូហ្គេន ជីវវិទូមច្ឆជាតិ  រូបភាពដោយ គម្រោងអច្ឆរិយភាពទន្លេមេគង្គ
លោក ហូហ្គេន បានបញ្ជាក់ថា អន្លង់ជ្រៅៗតំណាងឱ្យប្រព័ន្ធអេកូឡូស៊ីក្នុងទឹកទន្លេមេគង្គ សម្បូរដោយភាពចម្រុះ និងមានសារៈសំខាន់ជាសកល។ បើតាមលោក ហូហ្គេន ចំណុចនេះ មានអ្នកដឹងតិ​ចតួច ព្រមទាំងស្ថិតក្រោមការគំរាមកំហែងផង។ លោកបានពន្យល់ដូច្នេះ៖ « អន្លង់ជ្រៅៗទាំងនោះអាចជាជម្រកប្រភេទសត្វថ្មីៗ ហើយអាចជាកន្លែងសំចតរបស់ហ្វូងត្រី ដែលអាចផ្លាស់ទី ដោយប្រមូលផ្ដុំគ្នាមុននឹងធ្វើដំណើរទៅផ្នែកខាងលើ ឆ្លងកាត់ល្បាក់ខោននៅក្នុងប្រទេសឡាវ នៅជាប់ព្រំប្រទល់ប្រទេសកម្ពុជា»។ 
 
 លោកស្រី ជា សីលា អ្នកគ្រប់គ្រងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានលើកឡើងថា ការសិក្សានេះ អាចនឹងស្វែងយល់បន្ថែមពីស្ថានភាពនៅបាតទន្លេ តាមរយៈឧបករណ៍ និងបច្ចេកវិទ្យាស្រាវជ្រាវ។

 
លោក ស្រី ជាសីលា អ្នកគ្រប់គ្រងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
«ការសិក្សាអន្លង់ជ្រៅនៅក្នុងទន្លេមេគង្គខេត្តស្ទឹងត្រែង ពិតជាមានសារសំខាន់ ព្រោះវាអាចជាផ្នែកមួយជួយដល់សកម្មភាពការពារសុខមាលភាព ការភ្ជាប់គ្នារបស់ទន្លេ និងប្រជាជន ធនធានជលផល  និងសត្វដែលអាចផ្គត់ផ្គង់ដោយទន្លេនេះ» ។ អ្នកស្រី សីលា បន្ថែមដូច្នេះ។
 
លោក ហូហ្គេន ជីវវិទូមច្ឆជាតិ និងជាអ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលគាំទ្រថវិកាដោយ USAID បន្ថែមដូច្នេះ «​ វត្តមាននៃតំបន់ទាំងនេះ រួមជាមួយអន្លង់ដ៏ជ្រៅរបស់ទន្លេមេគង្គ ជាកន្លែងអាចឱ្យសត្វទាំងនោះអាចរស់នៅ ​និងអាចជារឿងអច្ឆរិយក្នុងទឹក។ មួយវិញទៀត ទីតាំងនោះគួរត្រូវបានធានា ​និងយកចិត្តទុកដាក់ថែរក្សា និងទទួលការការពារពីយើងទាំងអស់គ្នា»។  
 
បើតាមការសិក្សាកន្លងមក គម្រោងសាងសងទំនប់វារីអគ្គីសនីមួយចំនួននៃក្នុងប្រទេសកម្ពុជា អាចនឹងបំផ្លាញបរិស្ថាន និងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខស្បៀងក្នុងមូលដ្ឋាន ស្ថិតក្នុងទីតាំងមួយនៅលើពិភពលោក ដែលកំពុងរងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុ។ 
 
ដោយឡែកផ្នែកខាងក្រោមនៃតំបន់ដី សើមរ៉ាមសារ មានសារៈសំខាន់ជាអន្តរជាតិ។ តំបន់រ៉ាមសារគ្របដណ្ដប់ដោយព្រៃលិចទឹក ផ្ទាំងថ្មធំ កោះខ្សាច់ បណ្ដាញខ្សែទឹកចាក់ស្រះ អន្លង់ជ្រៅៗ និងថ្មប៉ប្រះទឹក និងទឹកហូរ។ តំបន់នេះក៏ជាជម្រករបស់ត្រីប្រមាណជា១០០ប្រភេទ ដែលរួមមាន ប៉ារ៉ាមុខពីរ ត្រីក្របី ​និងប្រាធំ ដែលធ្លាប់ជាអាហារចម្បងក្នុងប្រទេសកម្ពុជា។ 
 
សូមបញ្ជាក់ថា គម្រោងអច្ឆរិយភាពទន្លេមេគង្គ ជាកិច្ចសហការរបស់USAID និងអង្គការក្នុងស្រុក កំពុងធ្វើការជាមួយសហគមន៍ ដើម្បីការពារទន្លេ ដែលបានកំពុងរងការគំរាមកំហែង ដោយទំនប់នៅខ្សែទឹកខាងលើ ខណៈសំណើសាងសង់ទំនប់ថ្មីទៀតកំពុងបន្តអនុវត្តនៅក្នុងតំបន់នេះ៕ 
 
 ទឹកទន្លេខេត្តស្ទឹងត្រែង រូបភាពដោយ គម្រោងអច្ឆរិយភាពទន្លេមេគង្គ

Tag:
 អន្លង់ជ្រៅ
  ទន្លេមេគង្គ
  ខេត្តស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com