អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍​​​​​​​​​​​​​​
01, May 2022 , 11:00 pm        
រូបភាព
កន្លងផុតពីរខែហើយ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នៅតែបន្តអូសបន្លាយ ដោយអាម៉េរិក និងសម្ព័ន្ធមិត្តនៅតែបន្តផ្តល់ជំនួយអាវុធទៅអ៊ុយក្រែន ខណៈពេលរុស្ស៊ីទាមទារឱ្យបញ្ឈប់ជំនួយទាំងនោះ បើចង់ដោះស្រាយវិបត្តិអ៊ុយក្រែនពិតប្រាកដ។ ដោយឡែក កូរ៉េខាងជើងឯណោះ វិញបានប្តេជ្ញាពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីការពារប្រទេស។

 
ថ្ងៃទី២៥ ខែមេសា
 
ប្រមុខការទូតរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានព្រមានពីការផ្ទុះឡើងសង្រ្គាមនុយក្លេអ៊ែរផ្ទុះចេញពីជម្លោះអ៊ុយក្រែន ស្របពេលប្រទេសលោកខាងលិច បន្តផ្តល់ជំនួយយោធាជាច្រើនសន្ធឹកសន្ទាប់ទៅក្រុងកៀវ។ បើតាមប្រមុខការទូតរុស្ស៊ី ភាគីទាំងអស់ កុំមើលស្រាលគ្រោះថ្នាក់មួយនេះ ខណៈរុស្ស៊ី​ បានព្យាយាមទប់ស្កាត់មិនឱ្យសង្រ្គាមលោកលើកទីបីលេចជារូបរាងឡើយ។
 
រដ្ឋាភិបាលហ្វាំងឡង់ និងស៊ុយអែត បានឯកភាពគ្នាដាក់សំណើ​សមាជិកភាពទៅសម្ព័ន្ធ​យោធា​ណាតូ​នៅពាក់កណ្ដាលខែឧសភាខាងមុខនេះ ទោះបីជាមានការព្រមានពីរុស្ស៊ីក្ដី។ ប្រព័ន្ធផ្សព្វផ្សាយក្នុង​ស្រុកប្រទេសទាំង២ រាយការណ៍បែបនេះ។
 
ថ្ងៃទី២៦ ខែមេសា
 
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរ ស្របពេលក្រុងព្យុងយ៉ាង បានធ្វើព្យុហយាត្រាដ៏ធំ និងបានដាក់បង្ហាញមីស៊ីលបាលីស្ទិកអន្តរទ្វីបដ៏ទំនើបផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNA។
 
មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តដោយកុងសង់ស៊ីសចំពោះសេចក្តីសម្រេចមួយ ដែលទាមទារឱ្យសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ ប្រើហេតុផលឱ្យបានត្រឹមត្រូវលើសិទ្ធិវ៉េតូ។ ការឈានដល់ការអនុម័តនេះ ធ្វើឡើងក្រោយរុស្ស៊ីប្រើសិទ្ធិពិសេសនេះ មិនឱ្យក្រុមប្រឹក្សាសន្តិសុខធ្វើអ្វីបានចំពោះបញ្ហអ៊ុយក្រែន។
 
ថ្ងៃទី២៧ ខែមេសា
 
តុលាការមីយ៉ាន់ម៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់របបយោធា បានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារ៥ឆ្នាំពីបទពុករលួយ។ នេះជាទោសមួយសម្រាប់លោកស្រី ស៊ូជី ក្នុងចំណោមបទចោទជាច្រើនចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ មក។
 
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានព្រមានដាក់ចេញចំណាត់ការឱ្យបានរហ័ស ដើម្បីឆ្លើយតប  ប្រទេសដែលជ្រៀតជ្រែកចូលក្នុងជម្លោះអ៊ុយក្រែន និងព្យាយាមបង្កើតការគំរាមជាយុទ្ធសាស្រ្តចំពោះរុស្ស៊ី។ បើតាមមេដឹកនាំរុស្ស៊ីរូបនេះ ប្រទេសទាំងនោះ គួរតែដឹងថា រុស្ស៊ីមានសមត្ថភាពវាយបកយ៉ាងរហ័ស។
 
ថ្ងៃទី២៨ ខែមេសា
 
ប្រមុខណាតូ Jens Stoltenberg បានបញ្ជាក់ថា ហ្វាំងឡង់ និងស៊ុយអែត នឹងត្រូវបានស្វាគមន៍ដោយក្តីរីករាយ ប្រសិនបើប្រទេសទាំងពីរសម្រេចដាក់ពាក្យចូលសម្ព័ន្ធយោធាមួយនេះ។​ បើតាមលោក Stoltenberg ប្រទេសដែលជារដ្ឋសមាជិកសហភាពអឺរ៉ុបទាំងពីរនេះអាចក្លាយជាសមាជិកបានយ៉ាងលឿន និងនឹងអាចទទួលបានការការពារខ្លះពីណាតូផងដែរ អំឡុងដំណើរការនីតិវិធីចូលជាសមាជិក។
 
កម្លាំងយោធារុស្ស៊ី បានបាញ់មីស៊ីលដាក់ទីក្រុងកៀវជាច្រើនគ្រាប់ ដែលបង្កឱ្យអ្នករបួសយ៉ាងហោចណាស់ ១០នាក់។ ការវាយប្រហារនេះ ធ្វើឡើងស្របពេលប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ធ្វើទស្សនកិច្ចនៅក្នុងរដ្ឋធានីអ៊ុយក្រែន។
 
ថ្ងៃទី២៩ ខែមេសា
 
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានអះអាងថា អាម៉េរិក នៅតែបន្តជំទាស់វត្តមានរុស្ស៊ី នៅក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) ដែលគ្រោងប្រារព្ធឡើងនៅកោះបាលី នាចុងឆ្នាំ២០២២។ បើតាមលោកវីដូដូ ឥណ្ឌូណេស៊ី មិនត្រូវលម្អៀងទៅភាគីណាមួយឡើយ។
 
ថ្ងៃទី៣០ ខែមេសា
 
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានជំរុញឱ្យអាម៉េរិក និងសម្ព័ន្ធយោធាណាតូ (NATO) បញ្ឈប់ការផ្តល់ជំនួយអាវុធ ប្រសិនបើចង់ដោះស្រាយជម្លោះនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។
 
មន្រ្តីចិន នៅថ្ងៃទី៣០ខែមេសា បានបញ្ជាក់ថា មនុស្សយ៉ាងតិច២៣នាក់ កំពុងជាប់ក្រោមអាគារដួលរលំមួយដែលស្ថិតនៅភាគកណ្តាលចិន ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងប្រញាប់ដៃប្រញាប់ជើងទាញយកបំណែកបាក់បែកចេញ ដើម្បីជួយង្រ្គោះអ្នករស់រានមានជីវិត៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com