ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្សនយោបាយ អាចឃោសនាបោះឆ្នោត នៅថ្ងៃទី២១ ឧសភា
01, May 2022 , 11:40 pm        
រូបភាព
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ចប់ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ហើយ ដោយមានឃុំ-សង្កាត់សរុប ១,៦៥២ នៅទូទាំងប្រទេស។ នេះបើតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។


គ.ជ.ប បានបញ្ជាក់ថា ការដាក់ពាក្យ និងដោះស្រាយបណ្ដឹងនៅក្នុងដំណើរការនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ បានអនុវត្តចប់សព្វគ្រប់ហើយ។ ចំណែកគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតទូទាំងប្រទេស ក៏បានចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជន ដែលត្រូវដាក់លើសន្លឹកឆ្នោតរួចហើយដែរ។
 
ក្រោយបញ្ចប់ការចុះបញ្ជីនេះ គណបក្សនយោបាយទាំង១៧ ដែលចូលរួមប្រកួតប្រជែងនយោបាយ អាចធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី៣ មិថុនា ឆ្នាំ២០២២។ «គ្រប់សកម្មភាពឃោសនា ត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត ។ គណបក្សនយោបាយ និងបេក្ខជននៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗ ដែលបានចុះបញ្ជីជាផ្លូវការ ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌ ដែលបានកំណត់ដោយគ.ជ.ប »។ នេះបើតាមការលើកឡើងរបស់គ.ជ.ប ។
 
គ.ជ.ប បានសង្កត់ធ្ងន់ថា ចាប់ពីដំណើរការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយត្រូវបានបញ្ចប់ រហូតដល់ថ្ងៃចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពនយោបាយ ដែលនាំឱ្យអាចកំណត់បានថា ជាការឃោសនាបោះឆ្នោត មុនពេលកំណត់នោះឡើយ។ «រាល់ការធ្វើសកម្មភាពឃោសនាបោះឆ្នោត ដែលផ្ទុយពីមាត្រា៧០ ត្រូវទទួលទោសតាមមាត្រា១៨៤ នៃ ច.ប.ឃ.ស»។ នេះបើតាមគ.ជ.ប។
 
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ មិថុនា ដោយមានគណបក្សនយោបាយ១៧ ចូលរួមប្រកួតប្រជែង៕
 

Tag:
 គជប
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com