ជាតិ
៣ឆ្នាំចុងក្រោយពូជត្រីធម្មជាតិថយចុះ ធ្វើឱ្យអ្នកជំនាញបារម្ភ
01, May 2022 , 5:20 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អ្នកជំនាញថែរក្សា និងបំប៉នពូជត្រីធម្មជាតិនៃនាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនកូនត្រីដែលប្រមូលបានពីទន្លេចតុម្មុខ មានការធ្លាក់ចុះគួរកត់សម្គាល់។ លោកស្រី ហួយ ស្រីនៅ ថា ស្ថានភាពបែបនេះ ធ្វើឱ្យចំនួនត្រីទឹកសាបកាន់តែធ្លាក់ចុះ ប្រសិនបើគ្រប់គ្នាមិនចូលរួមថែរក្សា និងចាប់ផ្ដើមការពារទាន់ពេលវេលា។


លោកស្រី ហួយ ស្រីនៅ មន្ត្រីនាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម បានលើកឡើងថា រយៈពេល៣ឆ្នាំចុងក្រោយនេះ វត្តមានកូនត្រីទឹកសាបនៅក្នុងធម្មជាតិ ដែលនាយកដ្ឋានប្រមូលបាន មានចំនួនតិចណាស់ ខណៈវត្តមានពូជត្រីប្រភេទកម្រ ដូចជា ត្រីគល់រាំងមិនមានឡើយ ។
 
បើតាមលោកស្រី ហួយ ស្រីនៅ កត្តាដែលបណ្ដាលឱ្យពូជត្រីធម្មជាតិធ្លាក់ចុះ អាចបណ្ដាលម​កពីការប្រែប្រួលអាកាសធាតុ និងចរន្តទឹកនៃក្នុងប្រទេសកម្ពុជា។ 

 
លោកស្រី ហូយ ស្រីនៅ
ថ្លែងក្នុងកម្មវិធី « រាត្រីនៃរុករក៖ អាថ៍កំបាំងនៃអន្លង់ទឹកជ្រៅ» រៀបចំដោយគម្រោងអច្ឆរិយភាពទន្លេមេគង្គ នៅសណ្ឋាគារ Raffles Hotel ក្នុងទីក្រុងភ្នំពេញ មន្ត្រីនាយកដ្ឋានអភិវឌ្ឍវារីវប្បកម្មរូបនេះ បាននិយាយថា​៖« ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពទឹកឡើងមិនដូចមុនទេ ដូច្នេះត្រីអាចផ្លាស់ទីមិនទាន់។ ពីមុនទឹកឡើងទៀងទាត់ ត្រីអាចផ្លាស់ទីតាមរន្ដទឹកពីទីតាំងមួយៗបានធម្មតា ប៉ុន្ដែពេលនេះប្លែក ត្រីចរាចរណ៍ដូចមុន»។ 
 
លោកស្រីបានលើកឡើងថា ទន្ទឹមហ្នឹងចំនួនត្រីធម្មជាតិកំពុងធ្លាក់ចុះ ពលរដ្ឋភាគច្រើនមិនទាន់បានស្វែងយល់ និងថែរក្សាវត្តមានត្រីធម្មជាតិឡើយ ទោះបីត្រីនោះត្រីធម្មតា ឬប្រភេទត្រីជិតផុតពូជ ឬប្រភេទត្រីកម្រឡើយ។ លោកស្រី ស្រីនៅ​ ពោលដូច្នេះ «​ ពលរដ្ឋយើងភាគច្រើន តែងគិតថាត្រីធម្មជាតិមានរសជាតិឆ្ងាញ់ជាងត្រីចិញ្ចឹម។ នេះហើយជាការជំរុញឱ្យមានការនេសាទ ​ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ។ អ្វីដែលគួរឱ្យស្ដាយជាងនេះ គឺពលរដ្ឋខ្លះនិយមបរិភោគពងត្រី ទាំងនេះជាបញ្ហាធំបំផុត ដែលបណ្ដាលឱ្យចំនួនត្រីធ្លាក់ចុះ នៅក្នុងធម្មជាតិ»។ 
 
ជុំវិញបញ្ហាខាងលើ លោក ផេង បឿន អនុប្រធានបណ្ដាញសហគមន៍អ្នកនេសាទ នៅក្នុងខេត្តស្ទឹងត្រែង បានបន្ថែមថា ពលរដ្ឋត្រូវតែយកចិត្តទុកដាក់លើបញ្ហាធ្លាក់ចុះត្រីនេះ ព្រោះថ្ងៃណាមួយធនធានទាំងអស់ អាចនឹងបាត់ពីក្នុងធម្មជាតិ ប្រសិនគ្រប់គ្នាមិនចូលរួមការពារ។ 
 
លោកបានបន្ថែមថា បញ្ហាទាំងនេះ អាចនឹងធ្វើឱ្យកូនចៅជំនាន់ក្រោយ មិនស្គាល់ត្រីធម្មជាតិ ដែលមាននៅក្នុងទឹកសាបនៃប្រទេសកម្ពុជា។  អនុប្រធានបណ្ដាញសហគមន៍អ្នកនេសាទរូបនេះ បានលើកឡើងដូច្នេះ៖ « បច្ចុប្បន្នកូនខ្មែរមួយចំនួនមិនស្គាល់ត្រីរាជ ត្រីគល់រាំង និងប្រភេទត្រីកម្រមួយចំនួនផង។ នេះខ្ញុំនិយាយសម្រាប់អ្នកនៅតាមស្រុកមានទន្លេ។ ប្រសិនបើនៅតែបន្ដបែបនេះ សូម្បីត្រីធម្មតា រស់នៅក្នុងទឹកដែលសម្បូរនាពេលបច្ចុប្បន្ន អាចនឹងខ្សត់នៅថ្ងៃក្រោយ ប្រសិនបើគ្រប់គ្នាមិនយកចិត្តទុកដាក់ថែរក្សានិងអភិរក្ស»។ 

 
 
បើតាមលោកស្រី ហួយ ស្រីនៅ បច្ចុប្បន្នចំនួនពូជត្រីដែលអាចប្រមូលបានច្រើនជាងគេ គឺត្រីប្រា ។  ​ មន្ត្រីនាយកដ្ឋានអភិវឌ្ឍវារីវប្បកម្មរូបនេះ បានសំណូមពរឱ្យ ពលរដ្ឋទាំងអស់ជួយសហការជួយការពារ និងថែរក្សាប្រភេទត្រីទឹកសាបរបស់កម្ពុជា។ ជាពិសេសសូមកុំនេសាទនៅរដូវបិទនេសាទ ដែលជារដូវត្រីពង ដើម្បីអាចបង្កើនចំនួនត្រីនៅក្នុងធម្មជាតិឡើងវិញ។ 
 
ដោយឡែកក្នុងករណីអ្នកនេសាទបានប្រទះត្រីប្រភេទកម្រ សូមរក្សានិងជូនដំណឹងដល់នាយកដ្ឋាន។ ជាពិសេសបើនេសាទបានប្រភេទត្រីដែលមានស្លាកសម្គាល់ សូមជូនដំណឹងដល់នាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម​ ដើម្បីអាចតាមដាន ចំពោះសកម្មភាពធ្វើចរាចរណ៍របស់ពួកវា បន្ទាប់ពីបានដោះលែង៕
 
 

Tag:
 ​ត្រី
  អ្នកជំនាញ
  ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com