ជាតិ
​​​ន​យោ​បាយ​ជាតិ​
ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ការបរទេសអាម៉េរិកមកកម្ពុជា ត្រូវពន្យារពេល ដោយសារលោកឆ្លងកូវីដ
02, May 2022 , 11:29 am        
រូបភាព
លោក ដាញែល គ្រីថេនប្រីង និយាយក្នុងព្រឹទ្ធសភាអាម៉េរិក កាលពីចុងឆ្នាំ២០២១។ រូបពី AFP
លោក ដាញែល គ្រីថេនប្រីង និយាយក្នុងព្រឹទ្ធសភាអាម៉េរិក កាលពីចុងឆ្នាំ២០២១។ រូបពី AFP
ដោយ៖ ទេព ញាណ 
 
លោក ដាញែល គ្រីថេនប្រីង (Daniel J. Kritenbrink) ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មកកាន់កម្ពុជា និងឡាវ ត្រូវបានលើកពេលវិញ ដោយសារលោក ឆ្លងជំងឺកូវីដ-១៩។ នេះបើតាមព័ត៌មាន ដែលផ្សាយលើបណ្តាញសង្គមធ្វីធឺរបស់ការិយាល័យឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការបរទេសប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (Bureau of East Asian and Pacific Affairs) កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។


 
«សោកស្តាយណាស់! ការឆ្លងជំងឺកូវីដ-១៩ នេះ មានន័យថា ខ្ញុំ ត្រូវលើកពេលដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់កម្ពុជា និងឡាវ ហើយខ្ញុំ ត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះ។ ខ្ញុំ ទន្ទឹងរង់ចាំឱកាសធ្វើដំណើរទៅកាន់ប្រទេសទាំង២នេះនៅពេលខាងមុខ»។ នេះជាប្រសាសន៍របស់លោក ដាញែល ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមធ្វីធឺឈ្មោះ Bureau of East Asian and Pacific Affairs។ 
 
លោក ផាទ្រីក មើហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា សរសេរលើបណ្តាញធ្វីធឺផ្ទាល់ខ្លួនថា៖«យើង សូមឲ្យលោកឧបការីឆាប់ជាសះស្បើយ ហើយយើង ទទ្ទឹងរង់ចាំទទួលលោកនៅកម្ពុជា»។
 
ក្រសួងការបរទេសអាម៉េរិក ផ្សាយលើគេហទំព័ររបស់ខ្លួនថា តាមគម្រោង លោកឧបការី ដាញែល ត្រូវធ្វើទស្សនកិច្ចនៅកម្ពុជា និងឡាវ ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់អាម៉េរិកទៅកាន់ប្រទេសទាំង២នេះ, ការប្តេជ្ញាចិត្តរបស់អាម៉េរិកទៅលើភាពជាដៃគូតំបន់ទន្លេមេគង្គ-អាម៉េរិក, និង ការពង្រឹងមជ្ឈការអាស៊ាន។   
 
ចំណែកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ផ្តល់ព័ត៌មានបន្ថែមលើទំព័រហ្វេសប៊ុកថា ទស្សនកិច្ចរបស់លោកឧបការី នឹងផ្តោតពីការប្តេជ្ញាចិត្តរបស់អាម៉េរិក​ ចំពោះប្រជាជនកម្ពុជា​ និងការបន្តគាំទ្រកម្ពុជា​ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ៕ 
 

Tag:
 Daniel J. Kritenbrink
  អាម៉េរិក
  កម្ពុជា
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com