អន្តរជាតិ
ប្រធានសភាអាម៉េរិក ផេឡូស៊ី៖ ប្រជាជនអ៊ុយក្រែនមិនត្រូវខ្លាចការសម្លុតរបស់រុស្ស៊ីឡើយ
02, May 2022 , 11:59 am        
រូបភាព
លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក ជាមួយ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព៖ AP
លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក ជាមួយ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព៖ AP
លោកស្រី​ ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក នៅថ្ងៃទី៣០ ខែមេសា បានធ្វើទស្សនកិច្ចទៅអ៊ុយក្រែន ដោយមិនបានប្រកាសជាមុនឡើយ។ បន្ទាប់ពីទស្សនកិច្ចនៅអ៊ុយក្រែន មន្រ្តីជាន់ខ្ពស់អាម៉េរិករូបនេះ បានជំរុញឱ្យប្រជាជនអ៊ុយក្រែនកុំភ័យខ្លាចចំពោះការគំរាមសម្លុតពីសំណាក់រុស្ស៊ី ដែលកំពុងតែឈ្លានពានខ្លួន។

 
ប៉ុន្មានថ្ងៃបន្ទាប់ពីទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ដោយស្ងាត់ៗ។ វត្តមានរបស់លោកស្រី ផេឡូស៊ី ជាទស្សនកិច្ចមន្រ្តីអាម៉េរិក ដែលមានឋានៈខ្ពស់ជាងគេនៅអ៊ុយក្រែន គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅចុងខែកុម្ភៈ កន្លងមក។ 
 
មិនខុសពីដំណើរទស្សនកិច្ចរបស់ប្រមុខការទូត និងការពារជាតិអាម៉េរិកលើកមុនឡើយ លោកស្រីផេឡូស៊ី មិនបានធ្វើសន្និសីទសារព័ត៌មានជាសាធារណនៅអ៊ុយក្រែនឡើយ ប៉ុន្តែវេទិការបែបនេះ ត្រូវបានរៀបចំឡើងនៅក្រុង Rzeszow ដែលស្ថិតនៅភាគអាគ្នេយ៍ប៉ូឡូញវិញនៅថ្ងៃទី១ ខែឧសភា។ ក្នុងសន្និសីទសារព័ត៌មាន ប្រធានសភាតំណាងរូបនេះ បានជំរុញឱ្យប្រជាជនអ៊ុយក្រែន កុំខ្លាចការសម្លុតរបស់រុស្ស៊ី។ 
 
«មិនត្រូវឱ្យមានការសម្លុតដោយជនផ្តាច់ការឡើយ»។ លោកស្រី ផេឡូស៊ី បានសង្កត់ធ្ងន់បែបនេះ មុនបន្តថា បើពួកគេគំរាមកំហែង អ្នកមិនអាចចុះចាញ់បានឡើយ។ ក្នុងន័យជនផ្តាច់ការនេះ ប្រធានសភាតំណាងអាម៉េរិកចង់សំដៅដល់រុស្ស៊ី ដែលកំពុងឈ្លានពានអ៊ុយក្រែន និងបានបង្កឱ្យមានផលវិបាកជាច្រើន ក្នុងប្រទេសស្ថិតនៅតំបន់អឺរ៉ុបខាងកើតមួយនេះ។ 
 
ក្នុងសន្និសីទសារព័ត៌មាននៅប៉ូឡូញដដែល លោកស្រីផេឡូស៊ី បានបន្ថែមថា វត្តមានរបស់លោកស្រីនៅអ៊ុយក្រែន ជាការអរគុណដល់ប្រជាជនអ៊ុយក្រែន ដែលប្រយុទ្ធដើម្បីសេរីភាព និងតំណាងឱ្យការប្តេជ្ញារបស់អាម៉េរិកចំពោះអ៊ុយក្រែន លុះត្រាការប្រយុទ្ធដល់ទីបញ្ចប់។ ក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែន មន្រ្តីជាន់ខ្ពស់អាម៉េរិករូបនេះ បានជជែកពីបញ្ហាសន្តិសុខ ជំនួយមនុស្សធម៌ ជំនួយសេដ្ឋកិច្ច និងការកសាងអ៊ុយក្រែនឡើងវិញ បន្ទាប់ពីសង្រ្គាមត្រូវបានបញ្ចប់។ 
 
មុនទស្សនកិច្ចនៅអ៊ុយក្រែនមួយថ្ងៃ លោកស្រី ផេឡូស៊ី បានបង្ហាញក្តីសង្ឃឹមថា សភាតំណាងអាម៉េរិកអាចនឹងផ្តល់ភ្លើងបៃតងឆាប់ៗសម្រាប់ជំនួយ ៣៣ពាន់លានដុល្លារដល់អ៊ុយក្រែន ដែលលោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក អំពាវនាវសភាអនុម័តឱ្យបានលឿន។ 
 
សរសេរលើបណ្តាញសង្គម Twitter លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអរគុណរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលជួយការពារអធិបតេយ្យ និងបូរណភាពដែនដីអ៊ុយក្រែន រួមទាំងគាំទ្រខ្លួនក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ 
 
សូមបញ្ជាក់ថា ទស្សនកិច្ចរបស់ប្រធានសភាតំណាងនេះ ធ្វើឡើងស្របពេល អាម៉េរិក និងសម្ព័ន្ធមិត្ត បានប្តេជ្ញាបញ្ជូនអាវុធធ្ងន់ធ្ងរទៅអ៊ុយក្រែនបន្ថែមទៀត ស្របពេលរុស្ស៊ីបានផ្តោតការវាយប្រហារនៅតំបន់ដុនបាស៕ 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com