អន្តរជាតិ
អធិបការតីអាល្លឺម៉ង់៖ អាល្លឺម៉ង់ នឹងបញ្ឈប់ការនាំចូលធ្យូងថ្មពីរុស្ស៊ីត្រឹមរដូវក្តៅនេះ
02, May 2022 , 4:09 pm        
រូបភាព
លោក អូឡាហ្វ ស្ហូល អធិការបតីអាល្លឺម៉ង់។ រូបភាព៖ AFP
លោក អូឡាហ្វ ស្ហូល អធិការបតីអាល្លឺម៉ង់។ រូបភាព៖ AFP
អាល្លឺម៉ង់ នឹងបញ្ឈប់ការនាំចូលធ្យូងថ្មពីរុស្ស៊ីត្រឹមរដូវក្តៅខាងមុខ។ លោក អូឡាហ្វ ស្ហូល អធិការបតីអាល្លឺម៉ង់ អះអាងបែបនេះនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន The Indian Express ដែលចេញផ្សាយនៅថ្ងៃទី២ ខែឩសភា។ មិនតែប៉ុណ្ណោះ លោកអធិការបតី បន្ថែមថា អាល្លឺម៉ង់ នឹងផ្អាកនាំចូលប្រេងពីរុស្ស៊ីនៅចុងឆ្នាំ២០២២ រួមទាំងកាត់បន្ថយការនាំចូលឧស្ម័នពីរុស្ស៊ីឱ្យបានច្រើនបំផុត។

 
សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យបណ្តាប្រទេសអឺរ៉ុបដាក់ទណ្ឌកម្ម និងស្វះស្វែងរកទីផ្សារប្រភពថាមពលផ្សេង ក្រៅពីរុស្ស៊ីដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់។ អាល្លឺម៉ង់ជាប្រទេសមួយ ដែលពឹងផ្អែកលើប្រភពថាមពលពីរុស្ស៊ីខ្លាំង ក៏ស្វះស្វែងបញ្ចប់ការពឹងផ្អែកនេះដែរ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន The Indian Express មុនជំនួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី នៅក្រុងបែរឡាំង លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល លើកឡើងថា អាល្លឺម៉ង់ នឹងអនុវត្តគោលនយោបាយដ៏មានឥទ្ធិពលរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងផូស៊ីលពីរុស្ស៊ីមានធ្យូងថ្ម ប្រេង និងហ្គាស។ 
 
«យើងនឹងបញ្ឈប់ការនាំចូលធ្យូងថ្មពីរុស្ស៊ីនៅរដូវក្តៅនេះ និងផ្អាកនាំចូលប្រេងពីរុស្ស៊ីនៅដំណាច់ឆ្នាំ២០២២»។ លោក អូឡាហ្វ ស្ហូល បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា អាល្លឺម៉ង់ នឹងកាត់បន្ថយការនាំចូលហ្គាសពីរុស្ស៊ីឱ្យបានច្រើនបំផុត។ រដូវក្តៅរបស់អាល្លឺម៉ង់ មានចាប់ពីចុងខែមីនា រហូតដល់ចុងខែតុលា។ 
 
ការកាត់បន្ថយការពឹងផ្អែកប្រភពថាមពលពីរុស្ស៊ីបែបនេះ ធ្វើឡើងក្នុងគោលបំណងដាក់សម្ពាធលើក្រុងមូស្គូ និងកាត់បន្ថយចំណូលទៅរដ្ឋាភិបាលប្រទេសមួយនេះ ដើម្បីកុំឱ្យបង្វែរទឹកប្រាក់ទាំងនោះ យកមកធ្វើសង្រ្គាមនៅអ៊ុយក្រែន។
 
នៅក្នុងឆ្នាំ២០២១ អាល្លឺម៉ង់ បាននាំចូលធ្យូងថ្មប្រមាណ ១៨លានតោនពីរុស្ស៊ី សម្រាប់រោងចក្រដែក និងរោងចក្រផលិតថាមពល។ ទន្ទឹមនេះ អាល្លឺម៉ង់ នាំចូលប្រេងឆៅពីរុស្ស៊ីទំហំ៣៩,៥ភាគរយនៃទំហំនាំចូលប្រេងឆៅសរុបរបស់ខ្លួនផង ខណៈហ្គាសមានទំហំ២៩,២ពាន់លានម៉ែត្រគូប នៅក្នុងឆ្នាំ ២០២០។ 
 
ស្របគ្នានេះ មេដឹកនាំអាល្លឺម៉ង់រូបនេះ ក៏បានអំនាវនាវឱ្យលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបញ្ឈប់ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនផង។ បើតាមលោក អូឡាហ្វ ស្ហូល ប្រទេសជាច្រើនបានរួមគ្នាដាក់ទណ្ឌកម្មលើរុស្ស៊ីមិនថាទណ្ឌកម្មទាំងនោះ បានប៉ះពាល់មកលើខ្លួនវិញក៏ដោយ។ អធិការបតីអាល្លឺម៉ង់ បានព្រមានថា សង្រ្គាមនៅអ៊ុយក្រែន បានបង្កឱ្យមានផលវិបាកមកលើសេដ្ឋកិច្ចសកលយ៉ាងខ្លាំង ហើយថែមប៉ះពាល់ដល់សន្តិសុខស្បៀងអាហារ និងស្រូវសាលីថែមទៀត។ 
 
ក្នុងថ្ងៃទី២ ខែឧសភា រដ្ឋមន្រ្តីថាមពលអឺរ៉ុប នឹងជួបពិភាក្សាគ្នាជាបន្ទាន់មួយ ដើម្បីជជែកពីស្វែងរកទីផ្សារប្រភពថាមពលបន្ថែម និងការកាត់បន្ថយការនាំចូលប្រភពថាមពលពីរុស្ស៊ី  ដែលកន្លងមក បានផ្អាកការផ្គត់ផ្គង់ហ្គាសឱ្យប៉ូឡូញ និងប៊ុលហ្ការី៕ 
 

Tag:
 អាល្លឺម៉ង់
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com