អន្តរជាតិ
នាយករដ្ឋមន្រ្តីឥណ្ឌា ចាប់ផ្តើមទស្សនកិច្ចនៅអឺរ៉ុប ដោយបញ្ហាអ៊ុយក្រែនជារបៀបវារៈសំខាន់
02, May 2022 , 5:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នៅថ្ងៃទី២ ខែឧសភា បានចេញដំណើរទៅអឺរ៉ុបដោយវិបត្តិអ៊ុយក្រែននឹងជារបៀបវារៈសំខាន់។ បើតាមលោកម៉ូឌី ទស្សនកិច្ចទៅអឺរ៉ុបលើកនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអឺរ៉ុប ដែលមានបំណងស្វែងរកសន្តិភាព និងវិបុលភាព។ 

 
បន្ទាប់ទទួលមេដឹកនាំលោកខាងលិចបន្តបន្ទាប់ ដល់វេនប្រមុខរដ្ឋាភិបាលឥណ្ឌាហោះទៅអឺរ៉ុបវិញម្ដង។ ប្រមុខរដ្ឋាភិបាលឥណ្ឌា លោក លោក នារិន្ទ្រា ម៉ូឌី កំពុងធ្វើទស្សនកិច្ចអឺរ៉ុប ដោយទៅដល់អាល្លឺម៉ង់ មុនបន្តទៅដាណឺម៉ាក និងបារាំង ចន្លោះថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា។ ទស្សនកិច្ចរបស់លោកម៉ូឌី​នៅទ្វីបអឺរ៉ុបនេះ ធ្វើឡើងស្របពេលជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើង ខណៈឥណ្ឌា ជាដៃគូទិញអាវុធដ៏សំខាន់មួយពីរុស្ស៊ី។ តាំងពីសង្រ្គាមផ្ទុះឡើង រដ្ឋាភិបាលក្រុងញូវដែលី មិនទាន់បានរិះគន់រដ្ឋាភិបាលក្រុងមូស្គូនៅឡើយ ដោយគ្រាន់តែជំរុញឱ្យបញ្ចប់ជម្លោះប៉ុណ្ណោះ។ 
 
«ទស្សនកិច្ចរបស់ខ្ញុំនៅអឺរ៉ុប ធ្វើឡើងស្របពេលតំបន់នេះ កំពុងប្រឈមបញ្ហា និងមានជម្រើសជាច្រើន»។ លោក ម៉ូឌី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយមុនពេលធ្វើដំណើរទៅអាល្លឺម៉ង់ ដោយបន្តថា ឥណ្ឌាមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអឺរ៉ុប ដែលសំខាន់សម្រាប់ឥណ្ឌា ក្នុងការស្វែងរកសន្តិភាព និងវិបុលភាព។ 
 
ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប លោក ម៉ូឌី នឹងមានកិច្ចពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល មុននឹងហោះទៅដាណឺម៉ាក ដើម្បីចូលរួមកិច្ចប្រជុំមួយ ដែលចូលរួមដោយនាយករដ្ឋមន្រ្តីដាណឺម៉ាក អ៊ីស្លង់ ហ្វាំងឡង់ ស៊ុយអែត និងន័រវែស ដើម្បីជជែកពីបញ្ហាតំបន់ សង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាពិភពលោកជាច្រើនទៀត។ បន្ទាប់ពីកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីឥណ្ឌា នឹងបន្តទៅបារាំង ដើម្បីជួបជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ដែលទើបតែជាប់ឆ្នោតជាប្រធានាធិបតីបារាំងសម្រាប់អាណត្តិទីពីរ។  
 
ក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មាន The Indian Express អធិការបតីអាល្លឺម៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា សង្រ្គាមអ៊ុយក្រែន ជារបៀបវារៈដ៏សំខាន់ ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា។ បើតាម លោក អូឡាហ្វ ស្ហូល អំពើឃោរឃៅនៃទាហានរុស្ស៊ី បានបង្កឱ្យមានភាពតក់ស្លុតយ៉ាងខ្លាំង ហើយប្រទេសទាំងពីរ គួរតែមានការឯកភាពគ្នាលើសង្រ្គាមនៅអ៊ុយក្រែន។ 
 
ចាប់តាំងពីរុស្ស៊ីរងទណ្ឌកម្មពីប្រទេសជាច្រើន រួមទាំងសហភាពអឺរ៉ុប និងអាម៉េរិក ឥណ្ឌាបានក្លាយជាដៃគូពាណិជ្ជកម្មមួយដ៏សំខាន់សម្រាប់រុស្ស៊ី។ តាមការចុះផ្សាយរបស់សារព័ត៌មាន Times of India ក្រុមហ៊ុនឥណ្ឌាប្រមាណ៥០ ត្រៀមនាំចេញផលិតផលខ្លួនមានអាហារ និងផលិតផលគីមីទៅរុស្ស៊ី នៅក្នុងខែនេះ។ 
 
កន្លងមក ឥណ្ឌា នៅតែបន្តទិញប្រេងពីរុស្ស៊ី ក្នុងតម្លៃថោកៗ ដែលនាំឱ្យមេដឹកនាំអាម៉េរិក និងអង់គ្លេសរិះគន់ និងជំរុញឱ្យឥណ្ឌាងាកចេញពីរុស្ស៊ី ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលប្រទេសមួយនេះបញ្ឈប់ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន៕ 
 
 

Tag:
 ឥណ្ឌា
  រុស្ស៊ី
  អ៊ុយក្រែន
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com