អន្តរជាតិ
ជប៉ុន និងថៃ ឯកភាពគ្នាលើកិច្ចព្រមព្រៀងផ្ទេរគ្រឿងបរិក្ខារយោធា
03, May 2022 , 12:29 pm        
រូបភាព
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន (ខាងឆ្វេង) និងសមភាគីថៃ លោក ប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ AFP
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន (ខាងឆ្វេង) និងសមភាគីថៃ លោក ប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ AFP
ថៃ និងជប៉ុន នៅថ្ងៃទី២ ខែឧសភា បានចុះកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឱ្យភាគីទាំងពីរផ្ទេរគ្រឿងបរិក្ខារយោធា និងបច្ចេកវិទ្យាទៅវិញទៅមក។ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសអាស៊ីទាំងពីរ ស្របពេលចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

 
បន្ទាប់ពីចេញពីវៀតណាម លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានធ្វើទស្សនកិច្ចនៅថៃ ដែលជាគោលដៅចុងក្រោយនៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងដំណើរទស្សនកិច្ចនៅថៃលើកដំបូង ចាប់តាំងពីកាន់អំណាច លោក គីស៊ីដា និងលោកប្រយុទ្ធ ចន្ទអូចា ប្រមុខរដ្ឋាភិបាលថៃ បានចុះកិច្ចព្រមព្រៀងផ្ទេរគ្រឿងបរិក្ខារការពារជាតិ ​និងគាំទ្រឱ្យអ្នកវិនិយោគជប៉ុន មករកស៊ីនៅថៃ។ 
 
«វានឹងជួយកែលម្អប្រព័ន្ធការពារជាតិ និងគាំទ្រការវិនិយោគពីជប៉ុន...ដែលនេះជាគោលដៅដ៏សំខាន់សម្រាប់ថៃ»។ លោក ប្រាយុទ្ធ បានសង្កត់ធ្ងន់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយសមភាគីជប៉ុន ដោយបន្ថែមថា លោកបានពិភាក្សាជាមួយមេដឹកនាំជប៉ុនជុំវិញការកែលម្អច្រវាក់ផលិតកម្ម រួមទាំងសេចក្តីព្រាងលើភាពជាដៃគូសេដ្ឋកិច្ចរយៈពេល ៥ឆ្នាំ ជាមួយជប៉ុន។
 
ចំណែកសមភាគីជប៉ុន លោក គីស៊ីដា បានចាត់ទុក ការចុះកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យា និងគ្រឿងបរិក្ខារការពារជាតិរវាងប្រទេសទាំងពីរ ជាជំហានដ៏សំខាន់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយភាគីទាំងពីរនឹងពិចារណាប្រភេទបរិក្ខារសម្រាប់ផ្ទេរនោះ។ កិច្ចព្រមព្រៀង គឺជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងតូក្យូ ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ស្របពេលចិន កំពុងពង្រីកឥទ្ធិពលខ្លួនយ៉ាងខ្លាំង។ 
 
តាមរយៈទស្សនកិច្ចនេះ ជប៉ុន បានស្វះស្វែងរកការគាំទ្រលើយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហផង។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា​ មេដឹកនាំជប៉ុន-ថៃ បានយល់ព្រមបន្តការសម្របសម្រួល ដើម្បីធ្វើឱ្យយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកឈានដល់គោលដៅ។ 
 
ទន្ទឹមនេះ ដើម្បីជួយសេដ្ឋកិច្ចថៃឱ្យងើបចេញពីជំងឺកូវីដ-១៩ នាយករដ្ឋមន្រ្តីជប៉ុន បានប្រកាសផ្តល់កម្ចីក្នុងទំហំទឹកប្រាក់៣៨៥លានដុល្លារ ដល់រដ្ឋាភិបាលថៃ និងប្រាប់ឧបត្ថម្ភជិត ៤លានដុល្លារសម្រាប់ការធ្វើចត្តាឡីស័ក។ 
 
ក្រៅពីកិច្ចសហប្រតិបត្តិការខាងលើ មេដឹកនាំថៃ និងជប៉ុន ក៏បានពិភាក្សាជុំវិញការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនផងដែរ។ តាមរយៈសន្និសីទរួមគ្នា លោក គីស៊ីដា និងលោក ប្រាយុទ្ធ បានជំទាស់ការបំពានដែនអធិបតេយ្យ បូរណភាពដែនដីនៅក្នុងតំបន់ រួមទាំងការប្រើប្រាស់កម្លាំង ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) និងការប្រើប្រាស់អាវុធប្រល័យលោក (WMD)។ លោក ប្រាយុទ្ធ និងលោក គីស៊ីដា បានយល់ព្រមផ្តល់ជំនួយទៅអ៊ុយក្រែន ដើម្បីជួយប្រជាជនដែលកំពុងរងគ្រោះ ដោយសារតែសង្រ្គាម។ 
 
សូមបញ្ជាក់ថា ​បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅថៃ លោក គីស៊ីដា នឹងបន្តធ្វើដំណើរនៅតំបន់អឺរ៉ុបម្តង។ ក្នុងទស្សនកិច្ចនៅអង់គ្លេស និងអ៊ីតាលី ពាណិជ្ជកម្ម និងសង្រ្គាមអ៊ុយក្រែន នឹងក្លាយជារបៀបវារៈដ៏សំខាន់ ដែលលោក គីស៊ីដា នឹងលើកយកមកជជែកជាមួយមេដឹកនាំប្រទេសទាំងនោះ៕ 
 

Tag:
 ជប៉ុន
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com