អន្តរជាតិ
យោធាមីយ៉ាន់ម៉ា ជំទាស់សំណើម៉ាឡេស៊ី ដែលស្នើអាស៊ានភ្ជាប់ទំនាក់ទំនងនឹងរដ្ឋាភិបាលស្រមោល
03, May 2022 , 10:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ក្រសួងការបរទេសរបស់យោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែឧសភា បានចេញមុខតវ៉ានឹងសំណើរបស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី Saifuddin Abdullah ដែលស្នើឱ្យអាស៊ានមានទំនាក់ទំនងក្រៅផ្លូវការជាមួយរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា។ បើតាមរបបយោធា សំណើរបស់ម៉ាឡេស៊ី គឺគ្មានការទទួលខុសត្រូវ និងគ្មានកោតក្រែង។

 
តាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី Malay Mail នៅថ្ងៃទី១ ខែឧសភា រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក  Saifuddin Abdullah បានបញ្ជាក់ថា ម៉ាឡេស៊ី នឹងស្នើអាស៊ានឱ្យបង្កើតទំនាក់ទំនងក្រៅផ្លូវការមួយ ជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា (NUG)។ បើតាមប្រមុខការទូតរូបនេះ ម៉ាឡេស៊ីមិនមែនស្នើឱ្យទទួលស្គាល់រដ្ឋាភិបាលស្រមោលនេះឡើយ ប៉ុន្តែទំនាក់ទំនងក្រៅផ្លូវការ គួរតែអាចកើតមាន រួមទាំងការបញ្ជូនជំនួយមនុស្សធម៌ទៅប្រជាជនមីយ៉ាន់ម៉ាផង។ 
 
បន្ទាប់ពីការលើកឡើងខាងលើ ក្រសួងការបរទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា បានសេចក្តីថ្លែងការណ៍មួយតវ៉ានឹងសំណើម៉ាឡេស៊ី និងចាត់ទុកការលើកឡើងរបស់ប្រមុខការទូតម៉ាឡេស៊ី គ្មានការទទួលខុសត្រូវ និងគ្មានការកោតក្រែង ហើយថែមទាំងអាចមានហិង្សានៅមីយ៉ាន់ម៉ាថែមទៀត។
 
«...ការអះអាងបែបនេះ អាចលើកទឹកចិត្តឱ្យមានភេរវកម្ម និងអំពើហិង្សានៅមីយ៉ាន់ម៉ា ដែលបំផ្លាញកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការប្រឆាំងភេរវកម្ម...»។ ក្រសួងការបរទេសមីយ៉ាន់ម៉ានៃរបបសឹក បានសង្កត់ធ្ងន់បែប ដោយទទូចឱ្យមន្រ្តីរដ្ឋាភិបាល និងសមាជិកសភាម៉ាឡេស៊ីកុំធ្វើកិច្ចព្រមព្រៀង ឬទំនាក់ទំនង ក៏ដូចជាផ្តល់ការគាំទ្រដល់រដ្ឋាភិបាលស្រមោល ដែលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចាត់ទុជាភេរវករ។ 
 
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ត្រូវបានបង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ២០២១ ដោយគណៈកម្មាធិការតំណាងសភាមីយ៉ាន់ម៉ា ដើម្បីប្រឆាំងនឹងរបបសឹក ក៏ដូចជាតំណាងឱ្យរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ដែលត្រូវបានយោធាធ្វើរដ្ឋប្រហារ។ ចំណែក គណៈកម្មាធិការតំណាងសភាមីយ៉ាន់ម៉ា ដែលត្រូវបានរៀបចំឡើងក្នុងរយៈពេល ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋប្រហារយោធានោះ មានសមាជិកមកពីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។ 
 
នៅក្នុងខែឧសភា ឆ្នាំ២០២១ កន្លងទៅ គណៈកម្មាធិការកណ្តាលប្រឆាំងភេរវកម្មមីយ៉ាន់ម៉ា បាន ប្រកាសដាក់ គណៈកម្មាធិការតំណាងសភាមីយ៉ាន់ម៉ា (CRPH), រដ្ឋាភិបាលបង្រួបបង្រួមជាតិ, កម្លាំងការពារប្រជាជន (PDF) និងសមាជិកពាក់ព័ន្ធ ជាក្រុមភេរវករ។ 
 
មកទល់ពេលនេះ វាមានរយៈពេលជាង ១ឆ្នាំហើយ ដែលយោធាមីយ៉ាន់ម៉ា នៅតែបន្តគ្រប់គ្រងប្រទេស ដោយមេដឹកនាំយោធា លោកមីន អ៊ុងឡាំង កន្លងមក បានសន្យារៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅសីហា ឆ្នាំ២០២៣។  
 
ស្របពេលមីយ៉ាន់ម៉ាស្ថិតក្រោមការដឹកនាំរបស់យោធា មេដឹកនាំរដ្ឋាភិបាលស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី បានរងបទចោទជាបន្តបន្ទាប់។ របបសឹកមីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែឧសភា បានបន្ថែមបទចោទទាក់ទិននឹងការទូតទាត់ប្រាក់ខុសច្បាប់ចំនួនពីរករណីបន្ថែមទៀតលើលោកស្រី ស៊ូជី បន្ទាប់ពីតុលាការទើបតែកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ នៅសប្តាហ៍មុន។ 
 
បទចោទទាំងពីរចុងក្រោយនេះ គឺផ្អែកលើសក្ខីកម្មរបស់ម្ចាស់ក្រុមហ៊ុនសំណង់ Sae Paing លោក​ Maung Weik។ បើតាមការបកស្រាយរបស់ម្ចាស់ក្រុមហ៊ុនសំណង់រូបនេះ លោកបានផ្តល់ប្រាក់ឱ្យលោកស្រីស៊ូជី ចំនួន ៤លើក ដើម្បីដាក់ទៅក្នុងមូលនិធិ  Daw Khin Kyi។ ក្នុងចំនួន ៤លើកនោះ លោក Maung Weik បានផ្តល់ប្រាក់នៅក្នុងឆ្នាំ ២០១៨ ចំនួន ១០ម៉ឺនដុល្លារ, នៅក្នុងឆ្នាំ២០១៩ ចំនួន ១៥ម៉ឺនដុល្លារ, នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ចំនួន ៥ម៉ឺនដុល្លារ និងលើកចុងក្រោយ នៅខែមេសា ឆ្នាំ២០២០ ចំនួន២៥ម៉ឺនដុល្លារ។ 
 
មកទល់ពេលនេះ លោកស្រីស៊ូជី បានរងបទចោទចំនួន ២០ករណី ដោយក្នុងនោះមានដូចជា បំពានការសម្ងាត់របស់រដ្ឋ កាន់កាប់វិទ្យុទាក់ទងខុសច្បាប់ និងបំពានបម្រាមជំងឺកូវីដ-១៩ ជាដើម។ កន្លងមក មេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១១ឆ្នាំ ប៉ុន្តែត្រូវបានបន្ធូរបន្ថយទោសមកត្រឹម ៦ឆ្នាំវិញ ក្រោមបទចោទទទួលសំណូក និងកាន់កាប់វិទ្យុទាក់ទងខុសច្បាប់។ 
 
សូមបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំមួយ នៅក្នុងសប្តាហ៍នេះ ដើម្បីជជែកពីបញ្ហានយោបាយនៅមីយ៉ាន់ម៉ា៕ 
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com