អន្តរជាតិ
លោកពូទីន ប្រាប់លោកម៉ាក្រុង៖ អឺរ៉ុបមិនអើពើចំពោះឧក្រិដ្ឋកម្មសង្រ្គាម ដែលប្រព្រឹត្តដោយអ៊ុយក្រែន
04, May 2022 , 1:59 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៣ ខែឧសភា បានលើកឡើងថា សហភាពអឺរ៉ុប មិនអើពើចំពោះឧក្រិដ្ឋកម្មសង្រ្គាម ដែលប្រព្រឹត្តដោយកម្លាំងយោធាអ៊ុយក្រែន និងការផ្លោងដាក់ភូមិ និងទីក្រុងយ៉ាងខ្លាំងនៅក្នុងតំបន់ដុនបាស ដែលបានសម្លាប់ប្រជាជនស៊ីវិលជាច្រើន។ ទាក់ទិននឹងបញ្ហានេះ មេដឹកនាំរុស្ស៊ី បានជំរុញឱ្យប្រទេសអឺរ៉ុបបញ្ឈប់ការផ្គត់ផ្គង់អាវុធទៅអ៊ុយក្រែន ដើម្បីបញ្ឈប់អំពើឃោរឃៅទាំងនោះ។

 
ចាប់តាំងពីជម្លោះអ៊ុយក្រែនបានកើតឡើង រុស្ស៊ីបានរងបទចោទពីបណ្តាប្រទេសជាច្រើន ជុំវិញការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងលាក់បាំងព័ស្តុតាងមនុស្សស្លាប់ នៅក្នុងក្រុង Bucha, តំបន់ជុំវិញក្រុងកៀវ និងក្រុងMariupol។ យ៉ាងណាមិញ ក្នុងកិច្ទសន្ទនាតាមទូរសព្ទជាមួយសមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី៣ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានច្រានចោលព័ត៌មាន ដែលចោទកម្លាំងរុស្ស៊ីសម្លាប់ប្រជាជនស៊ីវិល និងវាយបកវិញថា ប្រទេសទាំងនោះ មិនខ្វាយខ្វល់ នឹងឧក្រិដ្ឋកម្មសង្រ្គាម ដែលប្រព្រឹត្តដោយយោធាអ៊ុយក្រែន។
 
«...សមាជិកសហភាពអឺរ៉ុប មិនអើពើឧក្រិដ្ឋកម្មសង្រ្គាម ដែលប្រព្រឹត្តដោយកម្លាំងអ៊ុយក្រែន និងការផ្លោងដាក់ភូមិ និងក្រុងក្នុងតំបន់ដុនបាស...»។ លោក ពូទីនបានសង្កត់ធ្ងន់បែបនេះ ដោយបន្តប្រាប់សមភាគីបារាំងថា ប្រទេសលោកខាងលិច អាចជួយបញ្ឈប់អំពើហិង្សាបែបនេះតាមរយៈការដាក់សម្ពាធលើរដ្ឋាភិបាលក្រុងកៀវ រួមទាំងបញ្ឈប់ការផ្គត់ផ្គង់អាវុធ។ 
 
ក្នុងកិច្ចសន្ទនាដដែលនោះ មេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ីរូបនេះ ក៏បានអះអាងផងដែរថា រដ្ឋាភិបាលក្រុងមូស្គូ នៅតែបន្តបើកកិច្ចចរចាជាមួយអ៊ុយក្រែន។ ប៉ុន្តែលោកអះអាងថា ភាគីក្រុងកៀវ ហាក់មិនចង់ ឬមិនត្រៀមខ្លួនឱ្យបានរួចរាល់ ក្នុងការធ្វើកិច្ចការដោយម៉ត់ចត់ ដើម្បីបញ្ចប់ជម្លោះឡើយ។ 
 
ទន្ទឹមនេះ មេដឹកនាំរុស្ស៊ី និងបារាំង បានជជែកពីបញ្ហាសន្តិសុខស្បៀងផង។ លោកម៉ាក្រុង បានប្រាប់មេដឹកនាំរុស្ស៊ីថា សន្តិសុខស្បៀងកំពុងស្ថិតក្រោមការគំរាមកំហែង ដោយសារជម្លោះនៅអ៊ុយក្រែន។ ប៉ុន្តែវិមានក្រេមឡាំង បានទម្លាក់ផលវិបាកមួយនេះ លើទណ្ឌកម្មនៃបណ្តាប្រទេសជាច្រើន រួមទាំងអឺរ៉ុប និងអាម៉េរិក ដែលធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូន។
 
មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋបារាំង បានបង្ហាញក្តីបារម្ភនៅទីក្រុង Mariupol និងស្ថានភាពនៅតំបន់ភាគខាងកើតអ៊ុយក្រែន។ បន្ទាប់ពីមានការជម្លៀសប្រជាជនចេញ រុស្ស៊ី បានវាយប្រហាររោងចក្រដែកនៅក្នុងក្រុងMariupol ដែលកម្លាំងអ៊ុយក្រែន បានលាក់ខ្លួន។ 
 
ប្រធានាធិបតីបារាំង​ ជាមេដឹកនាំអឺរ៉ុបមួយ ដែលនៅតែបន្តជជែកតាមទូរសព្ទជាមួយលោកពូទីន ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង។ កន្លងមក ការបន្តជជែកជាមួយលោកពូទីនបែបនេះ បានធ្វើឱ្យនាយករដ្ឋមន្រ្តីប៉ូឡូញរិះគន់លោកម៉ាក្រុង ហើយថាគ្មាននរណាចរចាជាមួយឧក្រិដ្ឋជនឡើយ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com