អន្តរជាតិ
កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ទៅក្នុងសមុទ្រខាងកើត ក្រោយស្ងាត់មួយរយៈ
04, May 2022 , 12:09 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
កូរ៉េខាងជើង នៅថ្ងៃទី៤ ខែឧសភា បានបាញ់មីស៊ីលបាលីស្ទីកមួយគ្រាប់ ទៅក្នុងសមុទ្រខាងកើត។ យោធាកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ។ ការសាកល្បងលើកចុងក្រោយនេះ ធ្វើឡើងមិនដល់មួយសប្តាហ៍ឡើយ មុនពេលប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង ស្បថចូលកាន់តំណែង។

 
មួយរយៈចុងក្រោយនេះ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានប្រកាសពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរ បន្ទាប់ពីប្រទេសមួយនេះ បានសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប។ ជាថ្មីម្តងទៀត ក្រុងព្យុងយ៉ាង នៅថ្ងៃទី៤ ខែឧសភា បានបាញ់មីស៊ីលមួយគ្រាប់។ 
 
កូរ៉េខាងជើង បានបាញ់មីស៊ីលមួយគ្រាប់នេះ ចេញពីតំបន់ Sunan នៅក្នុងក្រុងព្យុងយ៉ាង នាវេលាម៉ោង ១២ និង០៣នាទី (ម៉ោងនៅកូរ៉េ)។ ពេលនេះ មន្រ្តីកូរ៉េខាងត្បូង កំពុងវិភាគពីទិន្នន័យមីស៊ីលនោះ បន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
តាមរយៈសារបញ្ជូនទៅអ្នកសារព័ត៌មាន អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានប្រកាសថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ ទៅក្នុងសមុទ្រខាងកើត។ ការសាកល្បងលើកចុងក្រោយនេះ ធ្វើឡើងមិនដល់រយៈពេល ១សប្តាហ៍ឡើយ មុនពេលប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន សុកយ៉ល ស្បថចូលកាន់តំណែង។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០២២ កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនលើក និងជាច្រើនប្រភេទ ដើម្បីពង្រឹងសមត្ថភាពយោធាខ្លួន៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  មីស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com