អន្តរជាតិ
មេដឹកនាំដាណឺម៉ាក ជំរុញឱ្យឥណ្ឌាប្រើឥទ្ធិពលលើរុស្ស៊ីដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន
04, May 2022 , 3:59 pm        
រូបភាព
ថ្នាក់ដឹកនាំឥណ្ឌា និងដាណឺម៉ាក។ រូបភាព៖ Twitter-Narendra Modi
ថ្នាក់ដឹកនាំឥណ្ឌា និងដាណឺម៉ាក។ រូបភាព៖ Twitter-Narendra Modi
នាយករដ្ឋមន្រ្តីដាណឺមាក Mette Frederiksen នៅថ្ងៃទី៣ ខែឧសភា បានជំរុញឱ្យសមភាគីឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី ប្រើឥទ្ធិពលខ្លួនលើរុស្ស៊ី ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែនដែលបានអូសបន្លាយជាងពីរខែ។ ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលដាណឺម៉ាក ក៏បានរិះគន់ការឈ្លានពានរបស់រុស្ស៊ី និងទាមទារឱ្យមានការស៊ើបអង្កេតដោយឯករាជ្យផង។

 
បន្ទាប់ពីចាកចេញពីអាល្លឺម៉ង់ លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា បានធ្វើទស្សនកិច្ចនៅដាណឺម៉ាក ដែលជាប្រទេសទីពីរ ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប។ ជាមេដឹកនាំឥណ្ឌាដំបូង ដែលជាន់ដីដាណឺម៉ាក ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ លោក ម៉ូឌី បានពិភាក្សាបញ្ហាជាច្រើន ជាមួយសមភាគីដាណឺម៉ាក ដោយក្នុងនោះរួមមាន ជម្លោះនៅអ៊ុយក្រែន ជំនួយមនុស្សធម៌ និងការសម្លាប់ប្រជាជនស៊ីវិលនៅក្រុងBucha ផង។ 
 
ដោយមើលឃើញថា ឥណ្ឌា ជាដៃគូពាណិជ្ជកម្ម និងម៉ូយអាវុធដ៏ធំរបស់រុស្ស៊ី នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen បានជំរុញឱ្យឥណ្ឌាដាក់សម្ពាធលើរុស្ស៊ី ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន។ 
 
«លោក ពូទីន ត្រូវតែបញ្ឈប់សង្រ្គាម។ ខ្ញុំសង្ឃឹមថា ឥណ្ឌានឹងប្រើឥទ្ធិពលខ្លួនលើរុស្ស៊ី»។ លោកស្រី Frederiksen បានទទូចបែបនេះនៅក្នុងសន្និសីទរួមគ្នាជាមួយលោក ម៉ូឌី បន្ទាប់ពីជំនួបទ្វេភាគីនៅថ្ងៃទី៣ ខែឧសភានៅរាជធានីកូប៉ិនហាក។ យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលដាណឺម៉ាករូបនេះ មិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ឡើយ ថាតើរដ្ឋាភិបាលក្រុងញូវដែលី ត្រូវប្រើឥទ្ធិពលលើក្រុងមូស្គូបែបណា។ 
 
ជាមួយគ្នា មេដឹកនាំដាណឺម៉ាករូបនេះ បានថ្កោសទោសការឈ្លានពានរបស់រុស្ស៊ី រួមទាំងអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យលើការសម្លាប់ប្រជាជនស៊ីវិលនៅក្រុង Bucha។ 
 
ក្នុងសន្និសីទសារព័ត៌មានដដែលនោះ លោក ម៉ូឌី មិនបាននិយាយចំឈ្មោះរុស្ស៊ីឡើយ ដោយគ្រាន់តែថ្លែងថា ថ្ងៃនេះ ឥណ្ឌាបានជជែកពីទំនាក់ទំនងអឺរ៉ុប-ឥណ្ឌា បញ្ហានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បញ្ហាអ៊ុយក្រែន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិផ្សេងទៀត។ ទន្ទឹមនេះ នាយករដ្ឋមន្រ្តីឥណ្ឌា បានប្រាប់ជាថ្មីទៅភាគីជម្លោះនៅអ៊ុយក្រែន ឱ្យអនុវត្តបទឈប់បាញ់ភ្លាមៗ បន្តការងារការទូត និងស្វែងរកកិច្ចចរចា ដើម្បីដោះស្រាយវិបត្តិ ដែលកំពុងកើតមាន។ 
 
ឥណ្ឌា ជាប្រទេសមួយ ដែលមិនបានប្រើពាក្យរិះគន់ធ្ងន់ៗ ឬដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយថែមទាំងគ្រោងនាំទំនិញជាច្រើនមុខទៅរុស្ស៊ីថែមទៀត។ កន្លងមក មេដឹកនាំក្រុងវ៉ាស៊ីនតោន និងក្រុងឡុងដ៍ បានទទូចឱ្យក្រុងញូវដែលី កុំទិញប្រេងពីតម្លៃថោកពីរុស្ស៊ី។ ប៉ុន្តរដ្ឋមន្រ្តីការបរទេសឥណ្ឌា​ លោក ស៊ូប្រាម៉ាន់យ៉ាំ ចៃសានកា ធ្លាបនិយាយការពារថា អឺរ៉ុបបានទិញប្រេង និងហ្គាសច្រើនជាងឥណ្ឌាទៅទៀត។ 
 
សូមបញ្ជាក់ថា អំឡុងទស្សនកិច្ចលោក ម៉ូឌី ឥណ្ឌា និងដាណឺម៉ាក បានចុះកិច្ចព្រមព្រៀងចំនួន៩ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ, វប្បធម៌, គោលនយោបាយថាមពល, និងទឹកជាដើម។ 
 

Tag:
 ដាណឺម៉ាក
  ឥណ្ឌា
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com