ជាតិ
សេដ្ឋកិច្ច
កូរ៉េគ្រោងនាំចូលស្វាយពីកម្ពុជា១ម៉ឺនតោនក្នុងមួយឆ្នាំ
04, May 2022 , 7:59 pm        
រូបភាព
រូបតំណាង៖ សកម្មភាពកម្មកររោងចក្រមួយកន្លែង កំពុងវេបខ្ចប់ស្វាយស្រស់ នាំចេញទៅក្រៅប្រទេស។ រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០២០
រូបតំណាង៖ សកម្មភាពកម្មកររោងចក្រមួយកន្លែង កំពុងវេបខ្ចប់ស្វាយស្រស់ នាំចេញទៅក្រៅប្រទេស។ រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០២០
ដោយ ៖ ធន់ សេងហុង​ 
 
សមាគមអ្នកនាំចូលកូរ៉េ មានបំណងនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ។ លោក Gyuhwa JANG អនុប្រធានសមាគមនេះ បានបញ្ជាក់បែបនេះនៅក្នុងជំនួប​ពិភាក្សាការងារ ជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃ៣ ខែឧសភា ។



សមាគមអ្នកនាំចូលកូរ៉េ បានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងនាំចូលស្វាយពីកម្ពុជា ព្រមទាំងស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ ប្រាប់លោក ប៉ាន សូរស័ក្តិ ថា សមាគមអ្នកនាំចូលកូរ៉េ មានសមាជិកប្រមាណ ១៥ ០០០ ក្រុមហ៊ុន និងកំពុងវិនិយោគលើគ្រប់វិស័យ ជាពិសេសកំពុងសិក្សាមើលទីផ្សារនៅប្រទេសកម្ពុជា។ 
 
ឆ្លៀតក្នុងជំនួបពិភាក្សាគ្នានោះ លោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH បានប្រាប់ពីបំណងនាំចូលស្វាយពីកម្ពុជា យ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា​។​ 
 
ពាក់ព័ន្ធចំណុចនេះ លោក ប៉ាន សូរស័ក្តិ បានបង្ហាញការត្រៀមខ្លួន គាំទ្រ និងសម្របសម្រួលដល់ធុរជនកូរ៉េ ដែលមកវិនិយោគនៅកម្ពុជា ដើម្បីបង្កភាពងាយស្រួល និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច។
 
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានជំរុញឱ្យសមាគមអ្នកនាំចូល និងបណ្តាក្រុមហ៊ុនកូរ៉េ ពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលផ្សេងៗទៀតពីកម្ពុជា ដូចជាមៀន និងចេក ជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ មកបង្កើតរោងចក្រកែច្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានា។ 
 
៣ខែដំបូង នៃឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ចំនួន ៨១ ៤១៨,០៧តោន ដោយធ្លាក់ចុះ ២០,៧៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ក្នុងចំណោមស្វាយស្រស់ទាំងនោះ ត្រូវបាននាំចេញទៅវៀតណាមចំនួន ៤០ ៨៤៩,៧២តោន, ចិនចំនួន ២២ ២៤៤,៦៨តោន, ថៃចំនួន ១៨ ១៨១,១២តោន និងកូរ៉េចំនួន ១៤២,៥៥តោន។ តួលេខនាំចេញស្វាយទៅកូរ៉េខាងត្បូងនេះ មានការកើនឡើងខ្ពស់ បើធៀបរយៈពេលមួយឆ្នាំពេញ នៃឆ្នាំ២០២១ ដែលមានការនាំចេញជិត១៥០តោនទៅកូរ៉េ​។
 
កម្ពុជា បាននាំចេញផ្សាយទៅកូរ៉េខាងត្បូង កាលពីដើមខែមករា ឆ្នាំ២០២០ ក្រោយពីភាគីទាំងពីរបញ្ចប់កិច្ចព្រមព្រៀងលើផលិតផលស្វាយ កាលពីខែតុលា ឆ្នាំ២០១៩។ ភាគីទាំងពីរបានប្រើពេលវេលា៤ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៥មក លើការចរចាលើកិច្ចព្រមព្រៀងទីផ្សារផលិតផលស្វាយនេះ។
 
សូមជម្រាបថា ក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២២នេះ​ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េមានប្រមាណជាង ២៣០លានដុល្លារ កើនឡើង ២២,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ក្នុងនោះកម្ពុជានាំទំនិញចេញទៅកូរ៉េ មានទំហំទឹកប្រាក់ ជាង ៦០លានដុល្លារ​ កើន២២,២ភាគរយ ខណៈការនាំចូលទំនិញពីកូរ៉េ មកកម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ជាង ១៧០លានដុល្លារ កើន២៣,១ភាគរយ បើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ៕ 
 

Tag:
 ស្វាយ កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com