អន្តរជាតិ
ប្រធានគណៈកម្មការអឺរ៉ុប ស្នើឱ្យហាមឃាត់ការនាំចូលប្រេងនិងរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី
04, May 2022 , 8:29 pm        
រូបភាព
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន។ រូបភាព៖ AFP
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន។ រូបភាព៖ AFP
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន នៅថ្ងៃទី៤ ខែឧសភា បានលើកសំណើឱ្យសហភាពអឺរ៉ុបបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី ដកធនាគារធំបំផុតរបស់រុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីនៅអឺរ៉ុប។ នេះជាកញ្ចប់ទណ្ឌកម្មទី៦របស់ប្លុកអឺរ៉ុបលើរុស្ស៊ី។ យ៉ាងណាមិញ សំណើនេះ អាចប្រឈមឧបសគ្គច្រើន ដោយសារសមាជិកសហភាពអឺរ៉ុបមួយចំនួន បានពឹងផ្អែកយ៉ាងខ្លាំងលើប្រភពថាមពលដូចជាហ្គាស និងប្រេងពីរុស្ស៊ី។

 
ដើម្បីដាក់សម្ពាធរុស្ស៊ីឱ្យបញ្ឈប់ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើក្រុងមូស្គូ ដោយទណ្ឌកម្មនោះ ក៏ផ្តោតលើធ្យូងថ្ម ដែលជាប្រភពចំណូលដ៏សំខាន់របស់រុស្ស៊ីផង។ ដោយមើលឃើញថា រុស្ស៊ីមិនបញ្ឈប់ការឈ្លានពាន សហភាពអឺរ៉ុប បានស្វះស្វែងរកទណ្ឌកម្មបន្ថែមទៀត ក្នុងនោះរួមការកាត់បន្ថយការនាំចូលប្រេងផង ដើម្បីដាក់លើរដ្ឋាភិបាលប្រទេសមួយនេះ។ 
 
ថ្លែងកាន់សភាអឺរ៉ុបនៅក្រុង Strasbourg បារាំង នៅថ្ងៃទី៤ ខែឧសភា លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន ប្រធានគណៈកម្មការអឺរ៉ុប បានស្នើសមាជិកប្លុកមួយនេះឱ្យផ្អាកការនាំចូលប្រេងឆៅពីរុស្ស៊ីក្នុងរយៈពេល៦ខែខាងមុខ និងប្រេងចម្រាញ់រួចត្រឹមដំណាច់ឆ្នាំ ២០២២។ សំណើមួយនេះ តម្រូវឱ្យអនុម័តជាឯកច្ឆន្ទ ពីរដ្ឋសមាជិកសហភាពអឺរ៉ុបទាំងអស់ ដើម្បីមានសុពលភាព។ 
 
«យើងនឹងបញ្ឈប់នាំចូលប្រេងរបស់រុស្ស៊ីតាមដំណាក់កាល និងតាមវិធី ដែលជួយដៃគូយើងអាចស្វែងរកប្រភពផ្គត់ផ្គង់ផ្សេង រួមទាំងកាត់បន្ថយផលប៉ះពាល់លើទីផ្សារសកល»។ លោកស្រី វ៉ុន ដឺ លៃអេន បានសង្កត់ធ្ងន់បែបនេះ ដោយទទួលស្គាល់ថា វាមិនមែនជារឿងងាយស្រួលឡើយ ព្រោះរដ្ឋសមាជិកសហភាពអឺរ៉ុបខ្លះ បានពឹងផ្អែកលើប្រេងរបស់រុស្ស៊ីយ៉ាងខ្លាំង ប៉ុន្តែសហភាពអឺរ៉ុបត្រូវតែធ្វើវា។ 
 
អាល្លឺម៉ង់ និងបារាំងជាដើម សុទ្ធតែពឹងពាក់ខ្លាំងលើរុស្ស៊ីក្នុងការនាំចូលថាមពល ពិសេសឧស្ម័ន និងប្រេង។ 
 
តាមទិន្នន័យរបស់ក្រុមហ៊ុន S&P Global កន្លងមក សហភាពអឺរ៉ុប បានពឹងផ្អែកលើការនាំចូលប្រេងពីរុស្ស៊ីចំនួន២៥ភាគរយនៃប្រេងនាំចូលសរុបរបស់ខ្លួន។ ទន្ទឹមនេះ រុស្ស៊ី បានផ្គត់ផ្គង់ប្រេងម៉ាសូតចំនួន១៤ភាគរយ នៃការនាំចូលសរុបរបស់អឺរ៉ុបផង។ ការកាត់បន្ថយការចូលប្រេង និងប្រេងម៉ាសូត នឹងធ្វើឱ្យតម្លៃប្រេងឥន្ធនៈនៅអឺរ៉ុបហក់ឡើងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាជន។  
 
បើសិនបើសហភាពអឺរ៉ុបអនុម័តទណ្ឌកម្មនេះ វានឹងក្លាយជាទណ្ឌកម្មទាក់ទិននឹងប្រភពថាមពលទីពីរ បន្ទាប់ពីអឺរ៉ុបកន្លងមក បានផ្តល់ភ្លើងបៃតងឱ្យរឹតត្បិតនាំចូលធ្យូងថ្មពីរុស្ស៊ី។ 
 
ស្របគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុប បានស្នើឱ្យដកធនាគារដ៏ធំជាងគេរបស់រុស្ស៊ី Sberbank និងធនាគារពីរទៀត ចេញពីប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិSWIFT ផង។ បើតាមមេដឹកនាំអឺរ៉ុបរូបនេះ ធនាគារ Sberbank បានកាន់កាប់ទ្រព្យសម្បត្តិប្រមាណ ៣៧ភាគរយ នៅក្នុងវិស័យធនាគាររបស់រុស្ស៊ី។ 
 
ក្រៅពីប្រភពថាមពល និងប្រេង លោកស្រីវ៉ុន ដឺ លៃអេន ក៏ស្នើឱ្យរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីចំនួន៣ផង នៅក្នុងកញ្ចប់ទណ្ឌកម្មទី៦ របស់សហភាពអឺរ៉ុបលើរុស្ស៊ី។ ការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយនៅអឺរ៉ុបតាមប្រព័ន្ធអ៊ីនធឺណិត ទូរសព្ទ ផ្កាយរណប និងប្រព័ន្ធផ្សេងទៀត ធ្វើឡើងក្រោមហេតុផលទប់ស្កាត់ព័ត៌មានមិនពិត ជុំវិញជម្លោះនៅអ៊ុយក្រែន។ យ៉ាងណាមិញ មេដឹកនាំអឺរ៉ុបរូបនេះ មិនបានបញ្ជាក់ឈ្មោះប្រព័ន្ធផ្សព្វផ្សាយទាំង ៣នោះឡើយ៕
 

Tag:
 អឺរ៉ុប
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com