ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ផ្អាកសវនាការលោក កឹម សុខា លើកទី៣ ដោយសារមេធាវីរដ្ឋាភិបាលមានធុរៈ
04, May 2022 , 9:59 pm        
រូបភាព
លោក កឹម សុខា ទៅចូលរួមសវនាការនៃតុលាការភ្នំពេញកន្លងមក (រូបពី AFP)។
លោក កឹម សុខា ទៅចូលរួមសវនាការនៃតុលាការភ្នំពេញកន្លងមក (រូបពី AFP)។
ដោយ៖ ទេពញាណ 
 
សវនាការជំនុំជម្រះក្តីលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២នេះ មិនបានដំណើរការឡើយ។ តុលាការ ការផ្អាកសវនាការនេះ តាមការស្នើសុំពីភាគីមេធាវីរបស់រដ្ឋាភិបាល។



លោក ចាន់ ចេន មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗថា ក្រុមមេធាវីរបស់លោក កឹម សុខា បានទទួលដំណឹងពីតុលាការ នៅព្រលប់ថ្ងៃទី៣ ខែឧសភា អំពីការផ្អាកសវនាការ។ លោក គ្រាន់តែដឹងថា មេធាវីរបស់រដ្ឋាភិបាល សុំឲ្យផ្អាកសវនាការ ព្រោះមានធុរៈផ្ទាល់ខ្លួន តែលោក ពុំដឹងលម្អិតថា ធុរៈនោះ ជាអ្វីឡើយ។ 
 
លោក យល់ថា តុលាការ មិនគួរផ្អាកសវនាការនោះទេ ដ្បិតថា មេធាវីរបស់រដ្ឋាភិបាល មានដល់ទៅ៤នាក់ ដូច្នេះ បើមេធាវីម្នាក់ជាប់រវល់ ក៏នៅមានមេធាវីផ្សេងទៀត អាចចូលរួមសវនាការបានដែរ។ លោក បង្ហាញចម្ងល់ថា ឬក៏ពួកគាត់ ជាប់រវល់ទាំងអស់គ្នា ក្នុងពេលតែមួយ? 
 
មេធាវី ដែលការពារក្តីឲ្យប្រធានអតីតគណបក្សប្រឆាំងរូបនេះ មានប្រសាសន៍ដូច្នេះថា៖«យើង ខកចិត្តយ៉ាងខ្លាំង មិនគួររឿងនេះ កើតឡើងទេ»។ 
 
លោក បន្តថា ការផ្អាកសវនាការម្តងហើយម្តងទៀតបែបនេះ គឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកូនក្តីរបស់លោក។ លោក បន្ថែមថា កូនក្តីរបស់លោក ត្រូវទទួលបានការជំនុំជម្រះដោយឆាប់រហ័ស និងយុត្តិធម៌ តាមគោលការណ៍ច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរជាតិ។ 
 
បើតាមលោកមេធាវីរូបនេះដដែល តុលាការ នឹងបន្តបើកសវនាការរបស់លោក កឹម សុខា នៅព្រឹកថ្ងៃពុធសប្តាហ៍ក្រោយ គឺថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។  
 
វា ជាលើកទី៣ហើយ ដែលសវនាការរបស់លោក កឹម សុខា ត្រូវបានផ្អាក។ លើកទី១ ត្រូវបានផ្អាក ដោយសារមេធាវីម្នាក់របស់រដ្ឋាភិបាល ឆ្លងជំងឺកូវីដ-១៩ និងលើកទី២ ត្រូវបានផ្អាក ដោយសារតំណាងអយ្យការម្នាក់ (ព្រះរាជអាជ្ញា) ឆ្លងជំងឺកូវីដ-១៩ដែរ។ 
 
សវនាការរបស់លោក កឹម សុខា បានដំណើរការអស់៣៨លើកហើយ។ យ៉ាងណា តុលាការ មិនទាន់ធ្វើសេចក្តីសម្រេចអ្វីទាំងអស់លើលោក។ ក្នុង១សប្តាហ៍ តុលាការ បើកសវនាការម្តងលើសំណុំរឿងរបស់លោក ហើយជាទូទៅ សវនាការ ដំណើរការនៅព្រឹកថ្ងៃពុធ។ លោក ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេស នៅខែកញ្ញា ឆ្នាំ២០១៧។ បទចោទនេះ សំដៅថា លោក រួមគំនិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕  
 
 

Tag:
 កឹម សុខា
  ផ្អាកសវនាការ
© រក្សាសិទ្ធិដោយ thmeythmey.com