អន្តរជាតិ
ជប៉ុន ឱ្យរុស្ស៊ីទទួលខុសត្រូវលើទំនាក់ទំនងដែលធ្លាក់ចុះ ក្រោយមូស្គូប្រកាសទណ្ឌកម្ម
05, May 2022 , 10:10 am        
រូបភាព
លោក គីស៊ីដា ហ្វូមីអូ ប្រមុខរដ្ឋាភិបាលជប៉ុន។ រូបភាព៖ AFP
លោក គីស៊ីដា ហ្វូមីអូ ប្រមុខរដ្ឋាភិបាលជប៉ុន។ រូបភាព៖ AFP
រុស្ស៊ី នៅថ្ងៃទី៤ ខែឧសភា បានប្រកាសដាក់នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ រួមទាំងមន្រ្តីជប៉ុនជាង៦០រូប ក្នុងបញ្ជីខ្មៅ ដើម្បីឆ្លើយតបនឹងទណ្ឌកម្មរបស់ជប៉ុននាពេលកន្លងមក។ ជាការឆ្លើយតប លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងថា ទណ្ឌកម្មរុស្ស៊ី ជារឿងមិនអាចទទួលយកបាន ហើយជប៉ុន នឹងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ដោយសហការជាមួយប្រទេសសម្ព័ន្ធមិត្ត និងសហគមន៍អន្តរជាតិ។

 
ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃទី៤ ខែឧសភា បានប្រកាសដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំ និងមន្រ្តីជប៉ុន ៦៣នាក់ ដោយក្នុងនោះរួមមានលោក គីស៊ីដា ហ្វូមីអូ ប្រមុខរដ្ឋាភិបាលជប៉ុន, លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី រដ្ឋមន្រ្តីការបរទេសជប៉ុន, លោក ណូបូ គីស៊ី រដ្ឋមន្រ្តីការពារជាតិជប៉ុន, លោក ហ៊ីរ៉ូកាហ្ស៊ូ ម៉ាស៊ូណូ ប្រធានលេខាធិការគណរៈដ្ឋមន្ត្រី អ្នកសារព័ត៌មាន មន្រ្តីជប៉ុន និងសាស្រ្តាចារ្យផ្សេងទៀតមិនឱ្យជាន់ទឹកដីរុស្ស៊ី។ ទណ្ឌកម្មនេះ ធ្វើឡើងក្រោមហេតុផលរដ្ឋបាលលោកគីស៊ីដា បានចាប់ផ្តើមយុទ្ធនាការប្រឆាំងរុស្ស៊ីមិនធ្លាប់មានពីមុនមក និងគំរាមរុស្ស៊ីដោយផ្ទាល់។ 
 
យ៉ាងណាមិញ ទណ្ឌកម្មនេះ ត្រូវបានប្រមុខរដ្ឋាភិបាលជប៉ុន លោក គីស៊ីដា ប្រតិកម្មយ៉ាងខ្លាំង និងហៅទណ្ឌកម្មទាំងនោះ ជារឿងដែលមិនអាចទទួលយកបាន។ ក្នុងដំណើរទស្សនកិច្ចនៅអ៊ីតាលី នាយករដ្ឋមន្រ្តីជប៉ុន ប្រាប់អ្នកសារព័ត៌មានថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្ហាញយ៉ាងច្បាស់ពីការបំពានច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម តាមរយៈការសម្លាប់ប្រជាជនស៊ីវិល។ 
 
ដោយចាត់ទុកទណ្ឌកម្មរុស្ស៊ីជារឿងមិនសមហេតុផល លោក គីស៊ីដា បាននិយាយការពារទណ្ឌកម្មរបស់ជប៉ុននាពេលកន្លងមកថា វាជាភាគីរុស្ស៊ី ដែលស្វែងរកការផ្ទុះអាវុធ និងបង្កជម្លោះនៅអ៊ុយក្រែនដូចស្ថានភាពបច្ចុប្បន្ន។ បើតាមមេដឹកនាំជប៉ុនរូបនេះ រដ្ឋាភិបាលក្រុងតូក្យូ នឹងដាក់ទណ្ឌកម្មបន្ថែមទៀតឱ្យបានសមស្រប ដោយមានកិច្ចសហការជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) និងសហគមន៍អន្តរជាតិ។ 
 
ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការពិសេសនៅអ៊ុយក្រែន ជប៉ុន បានប្រកាសដាក់មន្រ្តីរុស្ស៊ីជាច្រើនរូបក្នុងបញ្ជីខ្មៅ រួមទាំងសម្រេចបង្កកទ្រព្យសម្បត្តិអង្គការរបស់រុស្ស៊ីចំនួន ២៨ ដែលមានទំនាក់ទំនងជាមួយយោធារុស្ស៊ី និងធនាគារធំៗរុស្ស៊ី Sberbank និង Alfa Bank ចាប់ពីថ្ងៃទី១២ ខែឧសភាតទៅ។ 
 
សូមបញ្ជាក់ថា ទណ្ឌកម្មរបស់រុស្ស៊ីលើជប៉ុន ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយដែលអនុញ្ញាតឱ្យរដ្ឋាភិបាលរុស្ស៊ីបញ្ចប់ភ្លាមៗនូវការនាំចេញផលិតផល​ និងវត្ថុធាតុដើមទៅកាន់បុគ្គល និងអង្គភាពណាដែលស្ថិតក្នុងបញ្ជីទណ្ឌកម្ម ឬបញ្ឈប់កិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយដោយមិនបាច់ឯអង់ឡើយ៕ 
 

Tag:
 រុស្ស៊ី
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com