អន្តរជាតិ
រុស្ស៊ី ប្រកាសបើកច្រកមនុស្សធម៌នៅរោងចក្រដែកក្នុងក្រុង Mariupol រយៈពេល ៣ថ្ងៃ
05, May 2022 , 3:29 pm        
រូបភាព
រោងចក្រដែក Azovstal។ រូបភាព៖ TASS
រោងចក្រដែក Azovstal។ រូបភាព៖ TASS
ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី៤ ខែឧសភា បានប្រកាសអនុវត្តបទឈប់បាញ់ និងបើកច្រកមនុស្សធម៌សម្រាប់ប្រជាជនអ៊ុយក្រែនដែលកំពុងជ្រកកោននៅរោងចក្រដែក Azovstal ក្នុងក្រុង Mariupol ដែលទីតាំងចុងក្រោយនៅក្នុងក្រុង ដែលកម្លាំងទ័ពអ៊ុយក្រែន នៅតែបន្តប្រយុទ្ធជាមួយកម្លាំងយោធារុស្ស៊ី។ ការបើកច្រកមនុស្សធម៌នេះ នឹងមានរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៥ ខែឧសភា។

 
មកទល់ពេលនេះ ក្រុង Mariupol ដែលស្ថិតនៅភាគអាគ្នេយ៍នៃអ៊ុយក្រែន បានធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ីស្ទើរតែស្រុង ដោយរោងចក្រដែក Azovstal ជាទីតាំងប្រយុទ្ធចុងក្រោយរវាងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន។ រោងចក្រដែក Azovstal ជាកន្លែងលាក់ខ្លួនរបស់ប្រជាជនស៊ីវិល និងកម្លាំងប្រយុទ្ធរបស់អ៊ុយក្រែនផង។ មួយរយៈចុងក្រោយនេះ រុស្ស៊ី បានវាយប្រហារលើរោងចក្រនោះយ៉ាងខ្លាំង បើទោះដឹងថាមានវត្តមានប្រជាជនស៊ីវិលក៏ដោយ។ 
 
ដោយមានការសម្របសម្រួលពីអង្គការសហប្រជាជាតិ និងកាកបាទក្រហម ប្រជាជនស៊ីវិលជាច្រើនរយនាក់ត្រូវបានជម្លៀសចេញ នៅថ្ងៃទី១ ខែឧសភា កន្លងទៅ។ ដោយមានការបារម្ភពីសហគមន៍អន្តរជាតិ និងទំនងជាចង់បង្ការវិបត្តិមនុស្សធម៌ក្នុងរោងចក្រដែក ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសអនុវត្តបទឈប់បាញ់ និងបើកច្រកមនុស្សធម៌ ដើម្បីជម្លៀសប្រជាជនចេញរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៥ ខែឧសភាតទៅ។ 
 
«...ដោយផ្អែកតាមគោលការណ៍មនុស្សធម៌នៃកម្លាំងយោធារុស្ស៊ី...យើងនឹងបើកច្រកមនុស្សធម៌ចេញពីរោងចក្រAzovstal ដើម្បីជម្លៀសប្រជាជន...»។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញថ្ងៃទី៤ ខែឧសភា ដោយបន្តថា ច្រកមនុស្សធម៌ដែលមានរយៈពេល ៣ថ្ងៃ នឹងបើកចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៦ល្ងាច។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ប្រជាជនដែលជម្លៀសចេញពីរោងចក្រ នឹងមានសេរីភាពធ្វើដំណើរទៅគ្រប់កន្លែង ដោយអាចភៀសខ្លួនទៅតំបន់អ៊ុយក្រែនគ្រប់គ្រង ឬរុស្ស៊ីគ្រប់គ្រង។ កម្លាំងយោធារុស្ស៊ី នឹងដកទ័ពទៅតំបន់មួយ ដែលអាចផ្តល់សុវត្ថិភាពដល់ប្រជាជនក្នុងការជម្លៀសចេញ។ 
 
មុនការប្រកាសបើកច្រកមនុស្សធម៌ សមាជិកសភាអ៊ុយក្រែន លោក David Arakhamia បានប្រាប់វិទ្យុ Radio Svoboda ថា កម្លាំងយោធារុស្ស៊ី បានចូលដល់អគាររោងចក្រផលិតដែកនោះហើយ បើទោះមានការតបតពីកម្លាំងអ៊ុយក្រែនក៏ដោយ។ 
 
គួររំលឹកថា កន្លងមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកម្លាំងរបស់ខ្លួនបិទច្រកចេញចូលរោងចក្រដែក Azovstal ឱ្យបានតឹងរ៉ឹងបំផុត ពោលគឺមិនឱ្យសូម្បីតែរុយហោះឆ្លងកាត់៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com