ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការកំពូលសម្រេចតម្កល់សំណុំរឿង លោក គង់ សំអាន ជារឿងត្រឹមត្រូវ ដោយឱ្យជាប់ពន្ធនាគារ៧ឆ្នាំ
05, May 2022 , 3:59 pm        
រូបភាព
រូបពី ហ្វេសប៊ុករបស់ តុលាការកំពូល
រូបពី ហ្វេសប៊ុករបស់ តុលាការកំពូល
ដោយ៖ វ៉ន​ ស៊ីចេន
 
ភ្នំពេញ៖ តុលាការកំពូល សម្រេចតម្កល់សំណុំរឿង លោក គង់ សំអាន ទុកជាបានការ តាមសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ដដែល ពោលគឺជាប់ពន្ធនាគារ៧ឆ្នាំ។


អ្នកស្រី ម៉ៅ ធីតា អគ្គលេខាធិការតុលាការកំពូល បានបញ្ជាក់ថា តុលាការកំពូលសម្រេចតម្កល់សាដីកាសាលាឧទ្ធរណ៍ត្បូងឃ្មុំ ពាក់ព័ន្ធនឹងសំណុំរឿងរបស់ លោក គង់ សំអាន ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកមេមត់ ទុកជាបានការដដែល។ លោកស្រីបញ្ជាក់ថា បុរសអាយុ៦៩ឆ្នាំរូបនេះ ត្រូវបានតុលាការកំពូលសម្រេចឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ពីបទ រួមគំនិតក្បត់។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ(Thmey Thmey)នៅព្រឹកថ្ងៃទី៥ឧសភានេះ លោកស្រី ម៉ៅ ធីតា ថ្លែងយ៉ាងដូច្នេះ៖ «លោក គង់ សំអាន អាយុ៦៩ឆ្នាំ បទល្មើសរួមគំនិតក្បត់។ អ៊ីចឹង តុលាការកំពូលសម្រេចតម្កល់ទុកជាបានការ គឺជាប់(ពន្ធនាគារ)៧ឆ្នាំ ដែលប្រកាសនៅថ្ងៃទី៤ ឧសភា»។ 
 
កាលពីឆ្នាំ២០២០ សាលដំបូងខេត្តត្បូងឃ្មុំ កាត់ទោសឲ្យសកម្មជនបក្សសង្គ្រោះជាតិ៧នាក់ ពីបទ រួមគំនិតក្បត់។ ក្នុងសំណុំរឿងនេះ ជនជាប់ចោទ២រូប ត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគារ៥ឆ្នាំ​ ហើយ៥នាក់ទៀត ជាប់៧ឆ្នាំ។ ជនជាប់ចោទទាំង៧ គឺមានតែលោក គង់ សំអាន ម្នាក់ប៉ុណ្ណោះ ដែលជាប់ពន្ធនាគារ។ ចំណែក ៦រូបផ្សេងទៀត គឺតុលាការសម្រេចឲ្យនៅក្រៅឃុំ ហើយខ្លះរត់ចេញទៅរស់នៅក្រៅប្រទេស៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com