ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
បោះឆ្នោតឃុំ-សង្កាត់៖ តំណាងបក្ស​លើកពីគោលនយោបាយថ្នាក់ជាតិ​ក្នុងការជួយដល់កម្មករ កសិករ សហជីព
05, May 2022 , 7:59 pm        
រូបភាព
លោក សោម អូន តំណាងគណបក្សប្រជាជនកម្ពុជា(រូបទីមួយរាប់ពីខាងឆ្វេង) លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សជាតំណាង(រូបទីពីរ), លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(រូបទីបី) និង លោក វើន វន តំណាងគណបក្សហ៊្វុនស៊ិនប៉ិច។
លោក សោម អូន តំណាងគណបក្សប្រជាជនកម្ពុជា(រូបទីមួយរាប់ពីខាងឆ្វេង) លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សជាតំណាង(រូបទីពីរ), លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(រូបទីបី) និង លោក វើន វន តំណាងគណបក្សហ៊្វុនស៊ិនប៉ិច។
ការរំលោភសិទ្ធិការងារ អំពើ​ហិង្សា ទីផ្សារកសិផល កិច្ចគាំពារសង្គម និង​បញ្ហា​ផ្សេងៗទៀត សុទ្ធតែ​ជាក្តី​កង្វល់ និងសំណូម​ពរ​របស់តំណាង​កម្ម​ករ កសិករ ដែល​ចង់ឃើញបណ្តាគណបក្សនយោបាយដោះស្រាយ ខណៈ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ កាន់តែ​ខិតជិតម​កដល់។ អ្នក​តំណាងទាំងនោះ បាន​បង្ហាញពីជំហរ​របស់ខ្លួន នៅចំពោះមុខ​តំណាងគណបក្ស​នយោបាយ​ចំនួន​៤ នា​វេទិកាសាធារណៈ ក្នុងទិវាពលកម្ម​អន្តរជាតិ ១ឧសភា ក្នុងភោជនីយដ្ឋានមួយនៅរាជធានីភ្នំពេញ។

 
ក្រោម​ប្រធាន​បទស្តីពី «គោលនយោបាយ​របស់គណបក្សនយោបាយ​សម្រាប់​វិស័យ​ការងារនៅ​កម្ពុជា» លោក សោម អូន តំណាង​​គណបក្ស​ប្រជាជន​កម្ពុជា លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន និងលោក វើន វន ពី​​គណបក្សហ៊្វុន​ស៊ិនប៉ិច បាន​ស្តាប់ការត្អូញត្អែរ និង​ការទាមទារ​ជា​ច្រើន​ពី​កម្មករ កសិករ អ្នក​រងគ្រោះដីធ្លី និង​តំណាងពួក​គេ។
 
តំណាង​សហជីពចង់ឃើញ​គោលនយោបាយ​ច្បាស់លាស់ទាក់ទង​វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ​ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលើកឡើងថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមិនទាន់បានទទួលកិច្ចគាំពារសង្គម ឬមាន​ការ​ចែងគោលនយោបាយឲ្យដល់ពួក​គេនោះ​ឡើយ​។ លោក​បានកត់សម្គាល់ថា អំឡុងឆ្នាំ២០១៨ រដ្ឋាភិបាលធ្លាប់គិតគូរពីប័ណ្ណមូលនិធិសមធម៌សុខាភិបាល ឬប័ណ្ណប.ស.ស (បេឡាជាតិរបបសន្តិសុខសង្គម) ប៉ុន្តែនៅឆ្នាំ២០២០ ក៏ផ្អាកលែងផ្ដល់ឲ្យវិញ។ ក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ នេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលប្រាក់ឧបត្ថម្ភតិចតួចប៉ុណ្ណោះ ពីគោលនយោបាយរដ្ឋាភិបាល។ 
 

លោក វន់ ពៅ​ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ រូបពី CCHR 

«បញ្ហាទាំងនេះ រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន បាន​ផ្តល់ហេតុ​ផលថា ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពិបាកកំណត់គោលដៅ គ្មានទីលំនៅច្បាស់លាស់ និងដំណើរការនីតិវិធីស្មុគស្មាញ»។ នេះបើតាមការលើកឡើងរបស់លោក វន់ ពៅ ដោយស្នើ​ឲ្យ​តំណាង​បក្សនយោបាយ​បង្ហាញពីគោលជំហរ​របស់ខ្លួន។
 
 
លោក វន់ ពៅ បាន​ស្នើចំៗទៅលោក សោម អូន តំណាងគណបក្ស​ប្រជាជន​កម្ពុជា ដែលមានតួនាទីជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យ​យក​បញ្ហានេះទៅដោះស្រាយ ជាពិសេស​សម្រាប់អាជីវករលក់ដូរ អ្នក​បម្រើ​ការងារតាមផ្ទះ ក៏ដូចជាក្រុមអ្នក​រើសអេតចាយ។
 

លោក ថេង សាវឿន ប្រធាន​​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​(CCFC)​។ រូបពី CCHR

រីឯ​បញ្ហា​កសិករវិញ លោក ថេង សាវឿន ប្រធាន​​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​(CCFC)​ បានលើកឡើង​ពីក្ដីកង្វល់ដ៏រ៉ាំរ៉ៃទាក់ទងនឹង​ទីផ្សារកសិផល ដោយ​ម្លៃទំនិញផ្សេងៗក្នុងទីផ្សារបន្តឡើងឥតឈប់ឈរ។ លោកបាន​ថ្លែង ក្នុងវេទិកាថា បក្សនយោបាយត្រូវ​គិតគូរឡើងវិញ បើចង់បានសំឡេងឆ្នោតពីកសិករ ដោយ​លោកទាមទារ​ឲ្យ​​បង្កើតគោលការណ៍ទីផ្សារកសិផលតាមមូលដ្ឋាន ហើយជំរុញឲ្យមានការកែច្នៃ ចែកចាយ ជាជាងនាំចូលពីក្រៅ​ប្រទេស។ 
 

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍។ រូបពី CCHR 

ជារួម ដើម្បីដោះស្រាយបញ្ហាដល់កសិករ ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀតបាន គឺត្រូវគិតគូរពីចំណុចទាំង៥នេះ មានការផ្ដល់កិច្ចគាំពារសង្គម ធានាលើប័ណ្ណកម្មសិទ្ធិដីធ្លី ដើមទុន ប្រព័ន្ធទឹក និងទីផ្សារ។ នេះជាការបញ្ជាក់របស់លោក សាវឿន ដោយអះអាងថា ពលរដ្ឋដែលជាម្ចាស់ឆ្នោតគ្រប់រូបមានសិទ្ធិជជែកនិងទាមទាររកដំណោះស្រាយទាំងនេះ ហើយស្របតាមច្បាប់។ 
 
ចំពោះ​ផ្នែក​សេវាកម្ម​កម្សាន្ត កាស៊ីណូ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ពោលថា សមាជិកក្រុមអ្នក​តវ៉ា​នៅតែ​បន្ត​រង​ការធ្វើទុក​បុកម្នេញនៅពេលដែលពួក​គេទាមទារត​ឲ្យថៅ​កែគោរព​ច្បាប់​ការងារ។
 

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាននៃសហព័ន្ធសហជីពកម្ពុជា។ រូបពី ហ្វេសប៊ុករបស់លោក ឃុន ថារ៉ូ 

មេសហជីព​រូបនេះ បាន​ចោទសួរ​ត្រង់ទៅកាន់តំណាងគណបក្ស​កាន់អំណាចទាក់ទ​ងនឹងដំណោះស្រាយ​វិវាទ ហើយ​ក៏ចង់ដឹងផងដែរពីគោល​នយោបាយ​របស់គណបក្ស​ផ្សេងទៀតទាក់ទង​នឹង​ការ​ជួយ​ដល់​សហជីព និង​កម្មករ ដើម្បីឲ្យពួក​គេ​ងាយ​ស្រួលសម្រេចចិត្ត​ក្នុងការ​បោះឆ្នោតឃុំ-សង្កាត់ នាពេល​ខាងមុខ។
 
ពាក់​ព័ន្ធ​វិស័យ​កាត់ដេរ អ្នក​ស្រី យ៉ាង សុភ័ណ្ឌ ប្រធាននៃសហព័ន្ធសហជីពកម្ពុជា បាន​កត់សម្គាល់ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ នាំឲ្យកម្មករ​បាត់បង់​ប្រយោជន៍ ជាពិសេស​អ្នក​ធ្វើ​ការ​វេន​យប់ ដែល​ត្រូវ​ប្រឈម​នឹង​បញ្ហា​ច្រើន។ លើសពីនេះ អ្នក​ស្រី បាន​លើកឡើងពី​ភាពលម្អៀង​ក្នុងការ​ដោះស្រាយ​វិវាទ ដោយនិយោជកតែងតែ​មាន​ប្រៀបជាង​កម្មករ។


 លោក សោម អូន តំណាងគណបក្សប្រជាជនកម្ពុជា។ រូបពី CCHR

 ក្នុងឱកាសនោះ អ្នកស្រីបានអំពាវនាវដល់កម្មករ កសិករ និងពលរដ្ឋទាំងអស់ ដែលជាម្ចាស់ឆ្នោតនៅចំពោះគណបក្សនយោបាយយ៉ាងដូច្នេះ៖ «សូមគិតមើលនិងឆ្លុះបញ្ចាំងឡើងវិញ‌ទាំងអស់គ្នា។ ប្រជាពលរដ្ឋទាំងអស់គ្នាឥឡូវអត់ល្ងង់ទេ! មួយខែជាងទៀត យើងបោះឆ្នោតហើយ ប្រើសន្លឹកឆ្នោតរបស់យើងឲ្យមានតម្លៃ!»។ 
 
អ្នកស្រី ដក សុវណ្ណ អតីតកម្មការិនី​កាត់ដេរនៅរោងចក្រមួយក្នុង​​ខេត្តកណ្ដាល និងជាសមាជិកសហព័ន្ធសហជីពកម្ពុជា បានទាមទារឲ្យ​អ្នកនយោបាយ​អនុវត្តតាមសំណើ​របស់ខ្លួន​៤ចំណុច ដែល​ក្នុងនោះមាន​ ការ​រៀបចំ​កិច្ច​សន្ទនា​រៀងរាល់​៣ខែម្តងមុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ និង​ផ្តល់​ព័ត៌មាន​ត្រឡប់វិញសម្រាប់គ្រប់ភាគី, ការ​ផ្ដល់សច្ចាប័នស្ដីពីការលុបបំបាត់អំពើហិង្សា, ការធានាសិទ្ធិបង្កើតសហជីពមូលដ្ឋាន និងទី៤ ការ​ជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់កម្មករ ពីបំណុលធនាគារ។ 


 លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សជាតំណាង។ រូបពី CCHR

 អ្នកស្រី សង្កត់ធ្ងន់​ថា គណបក្ស​ប្រជាជន​កម្ពុជា ត្រូវតែអនុវត្តឲ្យបាន​ទាក់ទងនឹងបញ្ហាទាំងនេះ បើមិនដូច្នោះទេ សំឡេង​ឆ្នោត​ច្បាស់ជាធ្លាក់ទៅ​បក្សផ្សេងទៀត។
 
 ការឆ្លើយតប និង​ការសន្យា​របស់តំណាង​បក្សនយោបាយ 
 លោក សោម អូន អះអាងថា រដ្ឋាភិបាលបាន​គិតគូរយ៉ាង​ខ្លាំងពីប្រាក់ឈ្នួលគ្រប់វិស័យការងារ និងសេរីភាពមូលដ្ឋាន។ តំណាងគណបក្សប្រជាជនកម្ពុជារូបនេះ បញ្ជាក់ថា គ្រប់យ៉ាង​ត្រូវការពេលវេលា​ដោះស្រាយ ដោយ​លោក​លើកយក​ករណីចរចាជារៀងរាល់ឆ្នាំក្នុងការ​តម្លើង​ប្រាក់ខែ​អប្បបរមាតាំងពី​ជាង​៤០​ដុល្លារ​រហូត​ដល់​ជាង​១៩០​ដុល្លារ។
 
 ចំពោះសេរីភាពជាមូលដ្ឋាន លោក សោម អូន បានលើកឡើងពីការខំ​ប្រឹងប្រែងផ្សេង​របស់រដ្ឋាភិបាលដើម្បីការពារធានា​សិទ្ធិ​ដល់ពល​រដ្ឋ និងកម្មករ ជាពិសេសវត្តមាននៃ​សហជីព​មូលដ្ឋាន​ជាង​៥០០០។ ទាក់​ទង​នឹងកង្វះខាតក្នុង​ការ​អនុវត្ត​ច្បាប់​ផ្សេងៗ លោកបាន​អះអាងថា៖ «វាមិនមែនជាគោលនយោបាយរបស់រដ្ឋាភិបាលហើយក៏មិនមែននយោបាយរបស់គណបក្សប្រជាជនដែរ! វាជារឿងបុគ្គលរបស់ក្រុមហ៊ុនដែលមិនអនុវត្តច្បាប់ ដែលបញ្ឈប់សហជីពជាដើម»។


  លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ រូបពីហ្វេសប៊ុកលោក ឃុន ថារ៉ូ

 ចំពោះវិវាទ​នៅណាហ្គាវើលដ៍ រដ្ឋលេខាធិការ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរូបនេះ នៅតែទទូចឲ្យ​អាជ្ញាធរ និងភាគីពាក់ព័ន្ធរួមគ្នា​ដោះស្រាយ​ដោយផ្អែក​លើ​ការអនុវត្ត​ច្បាប់​ការងារ។
 
 ជាមួយគ្នានេះ អនុប្រធាន​បក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា បាន​បង្ហាញក្ដីអាណិតអាសូរកម្មករ កសិករ និងសហជីព ដែល​អំពើ​អយុត្តិធម៌។ ក្រៅពី​សន្យាស្តារ​លទ្ធិប្រជាធិបតេយ្យ និងស្ថិរភាពនយោបាយ​  ​លោកអះអាងថា បក្ស​លោក​​នឹង​ប្រឹងប្រែង ជាពិសេស​ការទាមទារប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ​ ត្រឡប់​មក​វិញដើម្បីជាប្រយោជន៍ដល់កម្មករ។


 លោក វើន វន តំណាងគណបក្សហ៊្វុនស៊ិនប៉ិច។ រូបពី CCHR

 ងាកទៅ​គណបក្សប្រជាធិបតេយ្យមូលដ្ឋានឯណោះវិញ លោក យ៉េង វីរៈ បញ្ជាក់ថា បក្ស​របស់​លោកមាន​គោលនយោបាយ​ច្បាស់លាស់​លើការ​គាំទ្រលើកម្មករ និងសហជីពឯករាជ្យ ជាពិសេស​ការ​បណ្តុះបណ្តាល​ផ្នែក​ការងារ និង​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​៥​ខែពេលពួកគាត់គ្មាន​ការងារធ្វើ។
 
 លោកស្នើឲ្យមានការរៀបចំវេទិកាបែបនេះ បន្ថែមទៀតដើម្បីបានជជែកដេញដោលគ្នា ពិសេសក្រោយការបោះឆ្នោតឃុំសង្កាត់ ដើម្បីពិនិត្យមើលថា បន្ទាប់ពីបោះឆ្នោត មេឃុំ-ចៅសង្កាត់បានបំពេញតួនាទី ដោយ​ធ្វើតាមសន្យាឬ​យ៉ាងណា។
 
 សម្រាប់តំណាង​គណបក្សហ៊្វុនស៊ិនប៉ិច លោក វើន វន ជា លើកឡើងពីគោលនយោបាយក្នុងការផ្ដល់ប័ណ្ណក្រីក្រ ដោយមិនរើសអើងនិន្នាការនយោបាយ ឬប្រកាន់បក្ខពួក។ ចំណែក បញ្ហាកសិករ លោកទទួលស្គាល់ថា ជារឿងស្មុគស្មាញ គឺត្រូវតម្រូវឲ្យមានប្រព័ន្ធទឹក គ្រាប់ពូជ ដីធ្លី បច្ចេកទេស និងទីផ្សារ៕


 អ្នកស្រី ដក សុវណ្ណ អតីតកម្មករកាត់ដេរនៅក្នុងរោងចក្រខេត្តកណ្ដាល និងជាសមាជិកសហព័ន្ធសហជីពកម្ពុជា។ រូបពី CCHR

Tag:
 សង្គម
  សិទ្ធិការងារ
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com