ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ថៃ ឥណ្ឌូណេស៊ី ទទួលបន្ទុករៀបចំកិច្ចប្រជុំកំពូលៗ៣ ក្នុងឆ្នាំ២០២២
05, May 2022 , 8:59 pm        
រូបភាព
ទង់ជាតិកម្ពុជា (រូបពី freepik) ទង់ជាតិថៃ (រូបពី quora), ទង់ជាតិឥណ្ឌូណេស៊ី (រូបពី noonsite)
ទង់ជាតិកម្ពុជា (រូបពី freepik) ទង់ជាតិថៃ (រូបពី quora), ទង់ជាតិឥណ្ឌូណេស៊ី (រូបពី noonsite)
ដោយ៖ ទេពញាណ
 
កម្ពុជា ថៃ និង ឥណ្ឌូណេស៊ី ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលៗចំនួន៣ ក្នុងឆ្នាំ២០២២នេះ រួមមាន ទី១ កិច្ចប្រជុំកំពូលអាស៊ាន ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ទី២ កិច្ចប្រជុំកំពូលក្រុម G20 ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា និង ទី៣ កិច្ចប្រជុំកំពូលមេដឹកនាំសេដ្ឋកិច្ច APEC ពីថ្ងៃទី១៨ ដល់ថ្ងៃទៅ១៩ ខែវិច្ឆិកា។ ក្រសួងការបរទេសនៃប្រទេសទាំង៣ បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ស្តីពីការរៀបចំកិច្ចប្រជុំកំពូលទាំង៣នេះ។


សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូល G20 និង កិច្ចប្រជុំកំពូល APEC នឹងផ្តល់ឱកាសមួយពិសេសសម្រាប់បណ្តាប្រទេសជាសមាជិក ជំរុញកិច្ចប្រឹងប្រែង ដើម្បីនាំមកនូវសន្តិភាព វិបុលភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព ដល់ប្រជាជនទាំងអស់។  
 
ចំពោះអាស៊ាន អាស៊ាន ប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរួម ដែលនៅចំពោះមុខ និងរក្សានិរន្តរភាពនៃការកសាងសហគមន៍អាស៊ាន ដោយឈរលើស្មារតីរួមគ្នា។ ចំណែកវេទិកាក្រុម G20 មានគោលបំណងជួយសម្រួលដល់ការងើបឡើងវិញ សម្រាប់ទាំងអស់គ្នា។ ក្រុម G20 បានកំណត់អាទិភាពលើវិស័យ៣ គឺការពង្រឹងសុខភាពសាកល ការផ្លាស់ប្តូរបែបឌីជីថល និង ការផ្លាស់ប្តូរថាមពល សម្រាប់ការងើបឡើងវិញជាសាកល។ រីឯ APEC វិញ គឺជាវេទិកាពិសេស ដែលមានសមាសភាពជាសេដ្ឋកិច្ច ជាងបណ្តារដ្ឋនៅអាស៊ី-ប៉ាស៊ីហ្វិក ហើយការងារ ដែល APEC កំពុងធ្វើ គឺពន្លឿនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីសម្រេចបានវិបុលភាពរួមគ្នា។ ទាំងនេះ គឺជាខ្លឹមសារ ក្នុងសេចក្តីប្រកាសព័ត៌មាន។  
 
ក្រសួងការបរទេសនៃប្រទេសទាំង៣ សរសេរក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា៖«ក្នុងនាមជាប្រធាននៃកិច្ចប្រជុំសំខាន់ៗខាងលើក្នុងឆ្នាំ២០២២នេះ យើង ប្តេជ្ញាធ្វើការងារជាមួយដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាស្មារតីកិច្ចសហប្រតិបត្តិការ ខណៈយើង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្តពង្រឹងមជ្ឈភាព ភាពជឿជាក់ និងសារសំខាន់របស់អាស៊ានក្នុងការរក្សាសន្តិភាព និងស្ថិរភាព ក្នុងតំបន់របស់យើង និងក្នុងពិភាពលោក»៕  
 

Tag:
 កម្ពុជា
  ថៃ
  ឥណ្ឌូណេស៊ី
  កិចប្រជុំអាស៊ាន
  កិច្ចប្រជុំ G20
  កិច្ចប្រជុំ APEC
© រក្សាសិទ្ធិដោយ thmeythmey.com