អន្តរជាតិ
បារាំង និងឥណ្ឌា បារម្ភសង្គ្រាមនៅអ៊ុយក្រែនធ្វើឱ្យសន្តិសុខស្បៀងកាន់តែដុនដាប
05, May 2022 , 10:29 pm        
រូបភាព
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (ខាងស្តាំ) និងនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (ខាងស្តាំ) និងនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី។ រូបភាព៖ AFP
មេដឹកនាំបារាំង និងឥណ្ឌា នៅថ្ងៃទី៤ ខែឧសភា បានបង្ហាញក្តីបារម្ភពីឥទ្ធិពលវិបត្តិអ៊ុយក្រែនដែលអាចធ្វើឱ្យសន្តិសុខស្បៀងសកល ប្រឈមនឹងវិបត្តិកាន់តែធ្ងន់ធ្ងរ ខណៈស្បៀងអាហារបានរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ស្រាប់ហើយនោះ។ ដោយមើលឃើញពីបញ្ហាប្រឈមបែបនេះ ប្រទេសទាំងពីរ ប្តេជ្ញាសហការ និងឆ្លើយតបបែបពហុភាគី ដើម្បីចូលរួមដោះស្រាយវិបត្តិស្បៀងអាហារ។

 
អ៊ុយក្រែន ជាប្រទេសមួយ ដែលនាំចេញស្រូវសាលី ពោត និងស្រូវបាលីជាច្រើន ប៉ុន្តែដោយសារសង្រ្គាមផ្ទុះឡើង វាធ្វើឱ្យការផលិតស្បៀងអាហារអ៊ុយក្រែន ត្រូវកាត់បន្ថយ ខណៈស្បៀងអាហារពិភពលោក កំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩ ស្រាប់។ ទាក់ទិននឹងបញ្ហានេះ មេដឹកនាំបារាំង និងឥណ្ឌា បានបង្ហាញក្តីបារម្ភ និងប្តេជ្ញារួមគ្នាដោះស្រាយ។ 
 
«បារាំង និងឥណ្ឌា បានបង្ហាញក្តីបារម្ភអំពីសន្តិសុខស្បៀងអាហារសកលធ្លាក់ចុះដុនដាប ស្របពេលជំងឺកូវីដ-១៩ កំពុងអុកឡុកស្រាប់ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍ»។ វិមាន Elysee បានចេញសេចក្តីថ្លែងការណ៍បែបនេះជុំវិញជំនួបប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្រ្តីឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី នៅក្នុងថ្ងៃទី៤ ខែឧសភា។ 
 
មេដឹកនាំប្រទេសទាំងពីរ បានប្តេជ្ញាសម្របសម្រួល និងឆ្លើយតបបែបពហុភាគី ដើម្បីលើកឡើងពីហានិភ័យនៃវិបត្តិស្បៀងអាហារ ដែលបង្កដោយជម្លោះនៅអ៊ុយក្រែន រួមទាំងពិភាក្សាពីគំនិតផ្តួចផ្តើមលើបេសកកម្មស្តារកសិកម្ម និងអាហារឡើងវិញផង។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីឥណ្ឌា ក៏បានបង្ហាញការសោកស្តាយចំពោះជម្លោះនៅតែបន្ត និងវិបត្តិមនុស្សធម៌ ដែលកើតមានផង។ ក្នុងន័យនេះ មេដឹកនាំបារាំង និងឥណ្ឌា បានរិះគន់សកម្មភាពដែលបង្កឱ្យស្លាប់ប្រជាជនស៊ីវិល និងជំរុញឱ្យមានបទឈប់បាញ់ភ្លាមៗ រួមទាំងចូលតុចរចា ដើម្បីស្វែងរកដំណោះស្រាយ។ យ៉ាងណាមិញ លោក ម៉ូឌីនៅតែរក្សាជំហរដូចលើកមុនដដែល ដោយមិនរិះគន់ការឈ្លានពានរបស់រុស្ស៊ីឡើយ។ 
 
មកទល់ពេលនេះ ប្រជាជនអ៊ុយក្រែន ប្រមាណ ៥,៧លាននាក់ បានភៀសខ្លួនទៅប្រទេសជិតខាងដូចជា ប៉ូឡូញ រូម៉ានី រុស្ស៊ី និងហុងគ្រីជាដើម។ តាមទិន្នន័យរបស់ស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រជាជនស៊ីវិលអ៊ុយក្រែនយ៉ាងហោចណាស់ ៣ពាន់បានបាត់បង់ជីវិត ខណៈរបួសមានប្រមាណ ៣៣១៦នាក់៕
 

Tag:
 បារាំង
  ឥណ្ឌា
  អ៊ុយក្រែន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com