កីឡាអន្តរជាតិ
អន្តរជាតិ
លោក Abramovich ថា មិនបានទារសំណងពីក្លិប ​Chelsea វិញឡើយ
06, May 2022 , 3:39 pm        
រូបភាព
រូបភាព៖ Sky News
រូបភាព៖ Sky News
ក្លិប Chelsea នាថ្ងៃទី៥ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ថា លោក Roman Abramovich មិនបានទារប្រាក់ដែលក្លិបបានខ្ចីចំនួន ១,៨៥ពាន់លានដុល្លារឡើយ។


មកពេលនេះក្លិប ​Chelsea កំពុងស្ថិតក្នុងការដេញថ្លៃចុងក្រោយ ដោយសម្ព័ន្ធភាព ដែលដឹកនាំដោយលោក Todd Boehly ជាមហាសេដ្ឋីអាមេរិក រួមដៃជាមួយមហាសេដ្ឋីស្វីសលោក Hansjorg Wyss និងអ្នកវិនិយោគអចលនទ្រព្យសញ្ជាតិអង់គ្លេសលោក Jonathan Goldstein ជាអ្នកទទួលបានអាទិភាពក្នុងការទិញក្លិប Chelsea ។ ការទិញលក់ក្លិបតោខៀវ ត្រូវបានរៀបចំដោយក្រុមហ៊ុនវិនិយោគ Raine និងសហការជាមួយរដ្ឋាភិបាលអង់គ្លេស។
 
ទោះជាយ៉ាងនេះ កាលពីដើមសប្តាហ៍ កាសែត The Times រាយការណ៍ថា លោក Roman Abramovich បានស្នើសុំសំណងដែលក្លិបជំពាក់ជាង ១,៨៥ពាន់លានដុល្លារ ដោយសងទៅកាន់ក្រុមហ៊ុនវិនិយោគ Camberley International ដែលជាក្រុមហ៊ុនមានទំនាក់ទំនងជាមួយមហារសេដ្ឋរុស្ស៊ីរូបនេះ។ 
 
ទាក់ទងរឿងនេះ អ្នកនាំពាក្យលោក Abramovich បានចេញសេចក្តីថ្លែងការណ៍ បង្ហោះលើគេហទំព័រផ្លូវការក្រុម Chelsea និងបានបដិសេធការផ្សាយទាំងនោះ ហើយបញ្ជាក់ថា គ្មានការទាមទារសំណងអ្វីឡើយ ហើយលោក Abramovich ប្ដេជា្ញរកអ្នកថែទាំដ៏ល្អសម្រាប់ក្លិប។ 
 
«បំណងដែលលោក Abramovich ធ្លាប់បានសន្យានឹងធ្វើក្រោយលក់ក្លិបដូចជា ជួយដល់អង្គការសប្បុរសធម៍ មិនទាមទារប្រាក់កម្ចីដែលក្លិបបានខ្ចី ហើយសន្យារកម្ចាស់ក្លិបថ្មីដែលល្អ គឺជារឿងពិត ហើយការផ្សាយព័ត៌មានទាំងនោះគឺជារឿងមិនពិតទាំងស្រុង។»នេះ បើតាមសេចក្តីថ្លែងការណ៍ដែលបានផ្សាយលើគេហទំព័រក្លិប Chelsea។ 
 
កាលពីថ្ងៃទី៤ ខែឧសភា មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ដែលបានដាក់សំណើរដេញថ្លៃក្លិបតោខៀវ បានប្រកាសថា លោកមិនបោះបង់ការដេញថ្លៃក្លិប ​Chelsea ទោះសំណើបានបដិសេធក្តី។ លោក Jim Ratcliffe ជាប្រធានក្រុមហ៊ុនគីមី INEOS បានស្នើទិញក្លិបតោខៀវក្នុងតម្លៃជាង ៥,៣៥ពាន់លានដុល្លារ លើសការដេញថ្លៃរបស់សម្ព័ន្ធរបស់លោក Todd Boehly ដែលផ្តល់តម្លៃត្រឹម ៣ពាន់លានដុល្លារតែប៉ុណ្ណោះ។
 
បើយោងតាមទណ្ឌកម្មដែលត្រូវបានដាក់ពីសំណាក់រដ្ឋាភិបាលអង់គ្លេស លោក Abramovich នឹងមិនអាចទទួលនូវប្រាក់ពីការលក់ក្លិប Chelsea ឡើយ។ ប្រាក់បានពីការលក់ក្លិបនឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអង់គ្លេស និងមួយចំនួនយកជួយជនរងគ្រោះនៃសង្គ្រាមរុស្ស៊ីអ៊ុយក្រែន៕
 
 
 
 

Tag:
 Chelsea
  Roman Abramovich
© រក្សាសិទ្ធិដោយ thmeythmey.com