អន្តរជាតិ
ក្រសួងការពារជាតិអាម៉េរិកថា មិនបានផ្តល់ព័ត៌មានសម្ងាត់ឱ្យអ៊ុយក្រែនសម្លាប់ឧត្តមសេនីយ៍រុស្ស៊ីទេ
06, May 2022 , 4:59 pm        
រូបភាព
លោក  John Kirby  អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក។ រូបភាព៖ AFP
លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក។ រូបភាព៖ AFP
ក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃទី៥ ខែឧសភា បានច្រានចោលរបាយការណ៍របស់សារព័ត៌មាន New York Times ដែលផ្សាយថា អាម៉េរិកបានផ្តល់ព័ត៌មានសម្ងាត់ទៅអ៊ុយក្រែនទាក់ទិននឹងទីតាំងរបស់ឧត្តមសេនីយ៍រុស្ស៊ីនៅតំបន់ប្រយុទ្ធ ដើម្បីសម្លាប់ពួកគេ។ ទន្ទឹមនេះ អាម៉េរិក ក៏បានបដិសេធការផ្តល់ព័ត៌មាន ដើម្បីវាយប្រហារនាវារុស្ស៊ីផង។

 
សារព័ត៌មាន New York Times នាពេលកន្លងមក បានចុះផ្សាយពីរបាយការណ៍ ដែលអាម៉េរិកបានផ្តល់ព័ត៌មានសម្ងាត់ដល់អ៊ុយក្រែន ពីទីតាំងរបស់ឧត្តមសេនីយ៍ ដើម្បីឱ្យកម្លាំងយោធាអ៊ុយក្រែន អាចតាមសម្លាប់។ ការចុះផ្សាយដដែលនោះ បន្ថែមថា មេបញ្ជាការជាន់ខ្ពស់ប្រមាណ១២នាក់ ត្រូវបានសម្លាប់ ខណៈមេដឹកនាំយោធាមួយចំនួន ជាគោលដៅនៃការវាយប្រហារ ក្រោមការជួយរបស់អាម៉េរិក។ យ៉ាងណាមិញ របាយការណ៍នេះ ត្រូវបានក្រសួងការពារជាតិអាម៉េរិកច្រានចោល។  
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក លោក Jonh Kirby វាពិតប្រាកដណាស់ដែលអាម៉េរិកបានផ្តល់ព័ត៌មានយោធាទៅអ៊ុយក្រែន ដើម្បីការពារប្រទេស ប៉ុន្តែអាម៉េរិក មិនបានផ្តល់ពីទីតាំងរបស់មេបញ្ជាការយោធារុស្ស៊ីឡើយ។ 
 
«យើងមិនបានផ្តល់ព័ត៌មានសម្ងាត់ ទាក់ទិននឹងទីតាំងរបស់មេដឹកនាំយោធាជាន់ខ្ពស់រុស្ស៊ីនៅសមរភូមិ ឬចូលរួមធ្វើសេចក្តីសម្រេចជាមួយយោធាអ៊ុយក្រែនឡើយ»។ មន្រ្តីមន្ទីរបញ្ចកោណអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៥ ខែឧសភា ដោយបន្ថែមថា អ៊ុយក្រែន បានសម្រេចចិត្តដោយខ្លួនឯង និងធ្វើសកម្មភាពដោយខ្លួនឯង ពោលគឺគ្មានអាម៉េរិកនៅពីក្រោយការវាយប្រហារនោះឡើយ។ 
 
ក្នុងរបាយការណ៍មួយទៀត សារព័ត៌មានអាម៉េរិក បានចុះផ្សាយពីការចែករំលែកព័ត៌មានសម្ងាត់ ដែលជួយឱ្យអ៊ុយក្រែនបាញ់នាវាចម្បាំង Moskva នៅខែមុន។ ជាការឆ្លើយតប មន្រ្តីអាម៉េរិកមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP​ ថា ក្រុងវ៉ាស៊ីនតោន មិនបានផ្តល់ព័ត៌មានជាក់លាក់ ដើម្បីផ្តោតលើនាវាណាមួយឡើយ ប៉ុន្តែបានត្រឹមតែផ្តល់ព័ត៌មានឱ្យអ៊ុយក្រែន យល់ដឹងពីការគំរាមកំហែងដោយរុស្ស៊ី និងការការពារខ្លួនពីការវាយប្រហារតាមសមុទ្រប៉ុណ្ណោះ។ 
 
ជាមួយគ្នានេះ ទូរទស្សន៍ NBC ដែលស្រង់សម្តីមន្រ្តីអាម៉េរិកលាក់ឈ្មោះ បានចេញផ្សាយថា អ៊ុយក្រែនបានស្នើក្រុងវ៉ាស៊ីនតោនពីព័ត៌មាននាវារុស្ស៊ី ដែលកំពុងធ្វើដំណើរនៅក្នុងសមុទ្រខ្មៅ។ យ៉ាងណាមិញ មន្រ្តីអាម៉េរិកនៅតែបន្តបដិសេធ និងអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនបានដឹងក្រុងកៀវ ផ្តោតការវាយប្រហារលើនាវា Moskva ឡើយ។ 
 
សូមបញ្ជាក់ថា តាមរបាយការណ៍ជាច្រើន អ៊ុយក្រែនបានទទួលជោគជ័យ ក្នុងការវាយប្រហារទីតាំងបញ្ជាការរបស់កងទ័ពរុស្ស៊ី។ មិនតែប៉ុណ្ណោះ យោធាអ៊ុយក្រែននៅសប្តាហ៍មុន បានវាយប្រហារ នៅជិតទីតាំងរបស់ប្រធានអគ្គសេនាធិការកងទ័ពរុស្ស៊ីលោក Valery Gerasimov ថែមទៀត បន្ទាប់ពីលោកបានចាកចេញពីពិនិត្យទាហានខ្លួន។ ឧត្តមសេនីយ៍ Gerasimov ត្រូវបានជឿថា មានវត្តមាននៅតំបន់ដុនបាស ក្នុងសប្តាហ៍មុន៕
 

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com