អន្តរជាតិ
ជប៉ុន និងអង់គ្លេស ឯកភាពង្រឹងកិច្ចសហប្រតិបត្តិការយោធា
06, May 2022 , 5:59 pm        
រូបភាព
លោក គីស៊ីដា ហ្វូមីអូ ប្រមុខរដ្ឋាភិបាលជប៉ុន ជាមួយសមភាគីអង់គ្លេស លោកបូរីស ចនសុន។ រូបភាព៖ Kyodo
លោក គីស៊ីដា ហ្វូមីអូ ប្រមុខរដ្ឋាភិបាលជប៉ុន ជាមួយសមភាគីអង់គ្លេស លោកបូរីស ចនសុន។ រូបភាព៖ Kyodo
នាយករដ្ឋមន្រ្តីជប៉ុន និងអង់គ្លេស នៅថ្ងៃទី៥ ខែឧសភា បានឯកភាពជាគោលការណ៍លើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារមួយ ដែលជាផ្នែកមួយពង្រឹងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ រួមទាំងទប់ស្កាត់ឥទ្ធិពលចិននៅក្នុងតំបន់។ កិច្ចសហប្រតិបត្តិការនេះ នឹងអនុញ្ញាតឱ្យកម្លាំងទ័ព ប្រទេសទាំងពីរ ធ្វើទស្សនកិច្ចទៅវិញទៅមកកាន់តែរហ័ស, ធ្វើសមយុទ្ធរួមគ្នា និងចូលរួមក្នុងកិច្ចខិតខំជួយសង្រ្គោះក្នុងពេលមានគ្រោះមហន្តរាយ។

 
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅអ៊ីតាលី លោក គីស៊ីដា ហ្វូមីអូ ប្រមុខរដ្ឋាភិបាលជប៉ុន បានបន្តដំណើរទៅអង់គ្លេសម្តង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាជជែកពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ ជាទស្សនកិច្ចចុងក្រោយនៅតំបន់អឺរ៉ុប ប្រមុខរដ្ឋាភិបាលជប៉ុន លោក គីស៊ីដា និងសមភាគីអង់គ្លេស លោកបូរីស ចនសុន បានឯកភាពជាគោលការណ៍លើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារមួយ។ 
 
ក្រោមកិច្ចព្រមព្រៀងច្រកចូលទៅវិញទៅមក (RAA) ដែលត្រូវចុះហត្ថលេខាពេលខាងមុខ កម្លាំងទ័ពប្រទេសទាំងពីរអាចធ្វើទស្សកិច្ចទៅវិញទៅមក,  ធ្វើសមយុទ្ធរួម និងចូលរួមក្នុងកិច្ចខិតខំដោះស្រាយគ្រោះមហន្តរាយជាដើម។ កិច្ចព្រមព្រៀងនេះ មានភាពស្រដៀងគ្នានឹងកិច្ចព្រមព្រៀងជប៉ុន ជាមួយអូស្រ្តាលី។ 
 
មេដឹកនាំជប៉ុន បានសាទរអង់គ្លេសយ៉ាងខ្លាំង ដែលបានបង្កើនប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដោយទំនងសំដៅដល់ចិន រដ្ឋាភិបាលជប៉ុន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំជប៉ុន និងអង់គ្លេស បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការប៉ុនប៉ងជាឯកតោភាគី​ក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) នៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង រួមទាំងការបង្កើតសកម្មភាពយោធានៅក្នុងតំបន់នោះ ដោយគ្មានតម្លាភាព។
 
«ស្ថានភាពអ៊ុយក្រែន អាចជាអាស៊ីខាងកើតនៅថ្ងៃស្អែក»។ ប្រមុខរដ្ឋាភិបាលជប៉ុន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទរួមគ្នាជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស ក្នុងថ្ងៃទី៥ ខែឧសភា ដោយលោកទំនងជាចង់មានន័យថា អាស៊ីខាងកើត អាចជាទីតាំងផ្ទុះសង្រ្គាម ឬមានការឈ្លានពាន នាពេលខាងមុខដូចអ្វីដែលកើតឡើងនៅអ៊ុយក្រែន។ ម្លោះនៅក្នុងសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត រួមទាំងបញ្ហាជាមួយកោះតៃវ៉ាន់ស្រាប់ សុទ្ធសឹងជាចំណុចរសើបក្នុងតំបន់។
 
ប្រមុខរដ្ឋាភិបាលអង់គ្លេស និងជប៉ុន ក៏បានប្តេជ្ញាអភិវឌ្ឍកិច្ចព្រមព្រៀងទ្វេភាគីឱ្យបានពេញលេញ ជុំវិញការធ្វើទំនើបកម្មយន្តហោះចម្បាំងជំនាន់ថ្មី នៅត្រឹមដំណាច់ឆ្នាំ២០២២ ផង។ 
 
ក្រៅពីបញ្ហានៅតំបន់អាស៊ីខាងកើត ជម្លោះអ៊ុយក្រែន ក៏ជាប្រធានបទដ៏សំខាន់មួយសម្រាប់នាយករដ្ឋមន្រ្តីជប៉ុន និងអង់គ្លេសផង។ លោកចនសុន និងលោក គីស៊ីដា បានយល់ឃើញពីភាពចាំបាច់របស់ប្រទេសទាំងពីរ និងសមាជិកក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) ផ្សេងទៀត ក្នុងការចាត់វិធានការដាក់សម្ពាធ ក៏ដូចជាដាក់ទណ្ឌកម្មលើរុស្ស៊ី ឱ្យបញ្ឈប់ការឈ្លានពាន។ 
 
ទន្ទឹមនោះ ក្នុងដំណើរទស្សនកិច្ចនៅអង់គ្លេស លោក គីស៊ីដា បានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី។ ទាក់ទិននឹងទណ្ឌកម្មចុងក្រោយនេះ ជប៉ុន បានបង្កកទ្រព្យសម្បត្តិប្រជាជនរុស្ស៊ីប្រមាណ ១៤០រូប រួមទាំងធនាគាររុស្ស៊ី។ លើសពីនេះ រដ្ឋាភិបាលក្រុងតូក្យូ បានហាមឃាត់ការនាំចេញបច្ចេកវិទ្យាទំនើបៗទៅរុស្ស៊ីផង។ ទណ្ឌកម្មនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីដាក់លោកគីស៊ីដា និងមន្រ្តីជាន់ខ្ពស់ជប៉ុនផ្សេងទៀត ក្នុងបញ្ជីខ្មៅ៕ 
 

Tag:
 ជប៉ុន
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com